គន្លឹះសាមញ្ញ ៩ ចំណុចជួយសហគ្រិនក្នុងការលើកទឹកចិត្តខ្លួនឯងយ៉ាងមានប្រសិទ្ធិភាព​



ជារឿយៗ នៅពេលដែលបុគ្គលមួយរូបធ្វើឱ្យខ្លួនឯងមានការលោតផ្លោះពីនិយោជិកក្រុមហ៊ុនធម្មតា ទៅជាអ្នកដឹកនាំអាជីវកម្មផ្ទាល់ខ្លួន ពួកគេត្រូវជួបបញ្ហាមួយដំបូងគេគឺលែងមានមនុស្សនៅចាំត្រួតត្រាពីលើពួកគេ ដើម្បីកំណត់គោលដៅ កំណត់ពេលវេលា កំណត់អ្វីៗគ្រប់យ៉ាង រួមទាំងការលើកទឹកចិត្ត។ អ្វីៗទាំងអស់ត្រូវក្លាយជាបន្ទុករបស់សហគ្រិនខ្លួនឯង ថាត្រូវធ្វើអ្វីសម្រាប់អាជីវកម្មរបស់ពួកគេ ពិសេសគាត់អាចលើកទឹកចិត្តខ្លួនឯង និងអ្នកនៅក្រោមបង្គាប់បានដោយវិធីណា។

ខាងក្រោមនេះជាគន្លឹះ ៩ ចំណុចក្នុងការដែឡសហគ្រិនអាចលើកទឹកចិត្តខ្លួនឯងក្នុងការបំពេញការងារ និងបន្តធ្វើឲ្យអាជីវកម្មរបស់គេអាចសម្រេចដល់គោលដៅ៖

១) រៀបចំផែនការ
ការធ្វើផែនការជារឿងចាំបាច់សម្រាប់អាជីវកម្មនីមួយៗ អាជីវកម្មដែលគ្មានការកំណត់ឬរៀបផែនការជាមុនចៀសមិនផុតពីការភាពបរាជ័យនោះទេ។ 

២) ធ្វើការកំណត់បេសកកម្មអាជីវកម្មរបស់ខ្លួនឲ្យបានច្បាស់
គ្រប់អាជីវកម្មបើចង់បានជោគជ័យគឺត្រូវមានផែនការ មានចក្ខុវិស័យ និងបេសកកម្មឲ្យបានជាក់លាក់។ កាលពីបុគ្គលមួយរូបនៅជាបុគ្គលិកក្រុមហ៊ុន យើងត្រូវដើរតាមចក្ខុវិស័យដែលក្រុមហ៊ុនបានដាក់ចេញ និងធ្វើតាមបេសកកម្មដែលបានកំណត់រួចដើម្បីបានទៅដល់គោលដៅដែលគេចង់បាន។ ពេលបុគ្គលនោះផ្លាស់ប្តូរខ្លួនមកដំណើរការអាជីវកម្មដោយខ្លួនឯង អ្វីក៏ត្រូវធ្វើតាមលំអានចាស់គ្រាន់តែសហគ្រិនរូបនោះត្រូវកំណត់ការងារទាំងអស់ដោយខ្លួនឯង។ 

៣) បង្កើតជាទម្លាប់
បន្ទាប់ពីមានផែនការ មានការកំណត់បេសកកម្មសម្រាប់ដំណើរការអាជីវកម្មរបស់អ្នក អ្នកត្រូវយកការងារទាំងនេះ សកម្មភាពទាំងនោះបង្កើតជាទម្លាប់ ពិសេសគឺបង្កើតទម្លាប់ដ៏ស្រស់ស្រាយរាល់ពេលព្រឹក។ ទម្លាប់ដ៏ស្រស់ស្រាយនាពេលព្រឹកគឺ ក្រោកពីព្រលឹមធ្វើលំហាត់ប្រាណ ចំណាយពេលអានសៀវភៅបន្ទាប់ពីងូតទឹករួច ញ៉ាំអាហារពេលព្រឹក និងរៀបចំផែនការការងារ។

៤) កំណត់ពេលវេលាសម្រាប់ខ្លួនឯង
ជាសហគ្រិនអ្នកច្បាស់ជាមិនសូវមានពេលទំនេរទេ ដូច្នេះអ្នកត្រូវរៀបចំកាលវិភាគការងារឲ្យបានច្បាស់ដើម្បីប្រាកដថាការងារដែលអ្នកធ្វើត្រឹមត្រូវតាមកម្រិតលំដាប់លំដោយនៃភាពចាំបាច់។ មិនថាអ្នកនឹងមមាញឹកយ៉ាងណាតែអ្នកត្រូវមានពេលវេលាសម្រាប់ខ្លួនឯង មានពេលទទួលទានអាហារបានត្រឹមត្រូវ មានពេលធ្វើសមាធិ និងពេលសម្រាកបន្តិចក្នុងករណីអ្នកនឿយហត់។

៥) ផ្តល់រង្វាន់ ឬកាដូលើកទឹកចិត្តដល់ខ្លួនឯង
ការផ្តល់រង្វាន់លើកទឹកចិត្តមិនចាំបាច់ទាល់តែអ្នកដទៃផ្តល់ឲ្យនោះទេ តែការផ្តល់រង្វាន់លើកទឹកចិត្តដល់ខ្លួនឯងគឺជារឿងមួយគួរធ្វើបំផុត។ ចំណាយលុយកាក់បន្តិចក្នុងការទិញវត្ថុដែលខ្លួនស្រលាញ់ ចំណាយពេលបន្តិចដើម្បីឲ្យខ្លួនឯងអាចសម្រាក ឬដើរលំហែកាយ និងបន្ធូរអារម្មណ៍ខ្លះគឺជារឿងល្អបំផុត។

៦) រក្សាការភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិ
ការរក្សាទំនាក់ទំនងជាមួយមិត្តភក្តិជាភាពចាំបាច់សម្រាប់មនុស្សគ្រប់គ្នា តែក៏មានមនុស្សមួយចំនួនតែងមើលរំលងដែរលើបញ្ហានេះព្រោះគិតថាខ្លួនគ្មានពេលទៅដើរលេងសប្បាយ។ តែការភ្ជាប់ទំនាក់ទំនងនេះមិនសំដៅតែការដើរលេងសប្បាយឥតប្រយោជន៍ទេ តែវាជាការរក្សាសកម្មភាពនិងទម្លាប់នៃការដឹងសុខទុក្ខគ្នាទៅវិញទៅមក។ ទោះជាគ្មានពេលជួបគ្នាផ្ទាល់ តែសម័យនេះអ្នកអាចជួបគ្នាមិនចន្លោះពេលដោយសារបណ្តាញសង្គមនិងបច្ចេកវិទ្យា។

៧) បង្កើតសកម្មភាព និងបំផុសគំនិតមួយចំនួនក្នុងការអភិវឌ្ឍសង្គម
ក្នុងនាមជាសហគ្រិន អ្នកត្រូវមានសកម្មភាពមួយចំនួនពាក់ព័ន្ធនឹងសង្គមព្រោះអ្នកជាបុគ្គលសំខាន់ដែលចូលរួមក្នុងការដោះស្រាយបញ្ហាក្នុងសង្គម។ ពេលអ្នកបំផុសគំនិតឲ្យធ្វើអំពើល្អ ឬសកម្មភាពដែលនឹងជួយឲ្យមានការចូលរួមអភិវឌ្ឍណាមួយដោយផ្តើមចេញពីសហគមន៍របស់អ្នក នោះវាអាចជួយឲ្យអ្នកមានអារម្មណ៍ល្អ ព្រោះអ្នកបានចូលរួមចំណែកបង្កើតរឿងល្អដល់សង្គមអ្នក។ វាក៏បានចាត់ចូលជាការលើកទឹកចិត្តមួយសម្រាប់ខ្លួនឯង និងបន្តឲ្យមនុស្សជុំវិញខ្លួនបានធ្វើអំពើល្អផងដែរ។

៨) ឈរលើជំហរវិជ្ជមាន
ភាពវិជ្ជមានជួយលទ្ធផលការងាររបស់អ្នកចេញមកបានល្អ ព្រោះគំនិតវិជ្ជមានរបស់អ្នកនឹងបង្កើតទំនុកចិត្តឲ្យអ្នក ហើយមនុស្សដែលនៅជុំវិញខ្លួនអ្នកក៏នឹងទុកចិត្តអ្នកកាន់តែច្រើន។ ភាពវិជ្ជមានជួយឲ្យអ្នកមានការគិតទូលំទូលាយ ជួយឲ្យអ្នកសប្បាយរីករាយក្នុងការរស់នៅក្នុងពិភពលោកជារបស់អ្នក ហើយការលើកទឹកចិត្តខ្លួនឯងក៏កើតចេញពីការគិតវិជ្ជមានដែរ។

៩) គេងឲ្យបានគ្រប់គ្រាន់
ការចំណាយពេលធ្វើការងារដល់យប់ជ្រៅព្រោះអ្នកគិតថា ជំនួញរបស់អ្នកវាសំខាន់ អ្នកត្រូវរវល់នឹងវាស្ទើរគ្មានពេលសម្រាកនោះអ្នកអាចនឹងគិតខុស។ មនុស្សជាច្រើនមិនសូវជាឲ្យតម្លៃលើការទទួលទានដំណេកបានគ្រប់គ្រាន់នេះទេ គេមិនដឹងថាការផ្តល់ពេលវេលាសម្រាប់ខ្លួនឯងគេងឲ្យបានលក់ស្រួលជាកាដូនៃការលើកទឹកចិត្តធំធេងយ៉ាងណានោះទេ។ 

ដូច្នេះអ្វីដែលអ្នកត្រូវធ្វើយ៉ាងចាំបាច់សម្រាប់ខ្លួនឯងគឺសម្រាកឲ្យបានគ្រប់គ្រាន់ពេលយប់ ក្រោកឡើងដោយភាពស្រស់ស្រាយនាពេលព្រឹក ចាប់ផ្តើមទម្លាប់សកម្មភាពល្អជាប្រចាំ កំណត់គោលដៅ និងបេសកកម្មដើម្បីសម្រេចក្តីបំណងដែលអ្នកបានកំណត់ទុក៕

ដោយ៖ យ៉ាយ៉ា

 

X
5s