ច្បាប់ ៥ ម៉ោងរបស់ Michael Simmons មានឥទ្ធិពលដល់មហាសេដ្ឋី Bill Gates Jack Ma និង Elon Musk
ច្បាប់ ៥ ម៉ោងនេះគឺសំដៅដល់ការចំណាយពេល ៥ ម៉ោងក្នុងមួយសប្ដាហ៍ ឬមួយម៉ោងក្នុងមួយថ្ងៃដើម្បីបំពេញការងារផ្សេងពីការចំណាយពេលលើអាជីវកម្ម។ ច្បាប់រយៈពេល ៥ ម៉ោងនេះត្រូវបានបង្កើតឡើងដោយលោកម៉ៃឃើលស៊ីម៉ុនស៍ Michael Simmons ស្ថាបនិកក្រុមហ៊ុន Empact ដែលបានសរសេរអំពីវាយ៉ាងទូលំទូលាយ។ គំនិតនេះវាសាមញ្ញតែអស្ចារ្យហើយអត្ថន័យរបស់វាគឺ មិនថាមនុស្សជោគជ័យមមាញឹកយ៉ាងណាក៏ដោយ ពួកគេតែងតែចំណាយពេលយ៉ាងហោចណាស់មួយម៉ោងក្នុងមួយថ្ងៃ ឬ ៥ ម៉ោងក្នុងមួយសប្តាហ៍ធ្វើការរៀនសូត្រស្វែងរកកចំណេះដឹងបន្ថែម ហើយពួកគេនៅតែបន្តធ្វើបែបនេះក្នុងអាជីព និងការរស់នៅរបស់គេ។
មិនថា Bill Gates Jack Ma ឬ Elon Musk ទេសូម្បី Warren Buffett អតីតប្រធានាធិបតីលោកអូបាម៉ាក៏ប្រើច្បាប់ ៥ ម៉ោងក្នុងមួយសប្តាហ៍ ដើម្បីបង្កើតទម្លាប់ជោគជ័យដែរ ហើយទម្លាប់ជោគជ័យដ៏សំខាន់ជាងគេនោះគឺបណ្ដុះការអាន។
លោក Michael Simmons បានលើកឧទាហរណ៍ជាក់ស្តែងមួយលើលោក Ben Franklin ជាបុគ្គលមួយរូបដែលតែងឆ្លៀតពេលរៀនសូត្រឥតឈប់ឈរជាទូទៅ Franklin តែងភ្ញាក់ពីព្រលឹមដើម្បីអាននិងសរសេរ។ គាត់បានបង្កើតគោលដៅផ្ទាល់ខ្លួននិងតាមដានលទ្ធផលរបស់គាត់ជាប្រចាំ ដោយលោករៀបចំដូចជាក្លឹបសម្រាប់អានសៀវភៅ ប្រមូលផ្តុំអ្នកអានទាំងអស់អាចមកទីនេះដើម្បីពង្រឹងសមត្ថភាព និងចំណេះដឹងខ្លួនឯង។ មិនតែប៉ុណ្ណោះ Franklin តែសិក្សាតាមដានព័ត៌មាន ព្រតិ្តការណ៍ថ្មីៗដែលកើតមានហើយយកវាមកវិភាគ ឆ្លុះបញ្ចាំង ប្រៀបធៀបរាល់ពេលព្រឹកនិងល្ងាច។
ច្បាប់ ៥ ម៉ោងនេះបែងចែកលើ ៣ ចំណុចធំៗគឺ៖
១) ការអាន
Elon Musk បាននិយាយថា៖ “ខ្ញុំតែងរៀនអ្វីថ្មីៗជានិច្ច ហើយដើម្បីរៀនសូត្រចំណេះដឹងថ្មីៗទាំងនោះគឺខ្ញុំអាន ការអានមានឥទ្ធិពលរុញច្រានឲ្យខ្ញុំជោគជ័យបានលឿនណាស់” ។
ដូចគ្នានេះដែរមហាសេដ្ឋីចិន Jack Ma បានមានប្រសាសន៍ថា៖ “ខ្ញុំតែងចំណាយពេលមិនក្រោមមួយម៉ោងទេជារៀងរាល់ថ្ងៃដើម្បីអាន ហើយការអាននេះជួយឲ្យខ្ញុំពង្រីកវិសាលភាពនៃចំណេះដឹងខ្ញុំបានធំធេងណាស់។ ការអានគឺផ្តល់ឲ្យអ្នកនូវការចាប់ផ្តើមអ្វីដែលល្អៗ ពេលខ្លះអ្នកអង្គុយរៀនក្នុងថ្នាក់តែមួយ តែចំណេះដឹងអ្នកទូលំទូលាយ ដឹងច្រើនជាងមិត្តរួមថ្នាក់ អ្នកទទួលបានអ្វីថ្មីៗជាងមិត្តរួមថ្នាក់ក៏ដោយសារការអាន។ អ្នកក៏នឹងអាចក្លាយជាអ្នកដឹកនាំដ៏មានឥទ្ធិពល អាចបង្កើតដាក់ចេញយុទ្ធសាស្រ្តដល់អ្នកក្រោមបង្គាប់ក៏ដោយសារចំណេះពីការអាននេះដែរ”។
២) ការឆ្លុះបញ្ចាំង
ច្បាប់ ៥ ម៉ោងនេះក៏រួបមបញ្ចូលការឆ្លុះបញ្ចាំង និងការគិតដូចគ្នាដែរ។ ការផ្តោតសំខាន់លើអតីតកាលផ្តល់ឱ្យអ្នកនូវឱកាសដើម្បីរៀនពីកំហុសដែលអ្នកបានធ្វើ ក៏ដូចជាវាយតម្លៃនូវអ្វីដែលអ្នកបានធ្វើយ៉ាងត្រឹមត្រូវទុកវាជាបទពិសោធន៍កុំឲ្យអ្នកដើរជាន់ដានចាស់ហើយខុសម្តងទៀត។ ការឆ្លុះបញ្ចាំងនេះទៀតសោតគឺ ផ្តោតលើទិដ្ឋភាពក្នុងសង្គមសព្វថ្ងៃមក មានការវិវត្តិអ្វីខ្លះ ការវិវត្តិណាល្អ ការវិវត្តិណាអវិជ្ជមាន ហើយអ្នកអាចកែប្រែភាពអវិជ្ជមាននោះដោយរបៀបណា អ្នកត្រូវបង្កើតទម្លាប់ ឬទង្វើតូចៗអ្វីខ្លះដែលនឹងមានឥទ្ធិពលកែប្រែបញ្ហាធំបាន។
៣) ធ្វើការពិសោធន៍ ឬសាកល្បង
ចំណុចចុងក្រោយនៃច្បាប់ ៥ ម៉ោងនៃគឺការពិសោធន៍ Ben Franklin និង Thomas Edison បានក្លាយជាអ្នកច្នៃប្រឌិត និងជាអ្នកបង្កើតគំនិតឈានមុខគេដោយសារតែការពិសោធន៍របស់ពួកគេ។ យើងអាចមាន Gmail ប្រើប្រាស់រហូតដល់សព្វថ្ងៃក៏ដោយសារ Google អនុញ្ញាតឲ្យបុគ្គលិករបស់គេធ្វើការដាក់ចេញ និងប្រើប្រាស់អ្វីដែលជាគំនិតពិសោធន៍សាកល្បងរបស់ពួកគេដែរ។
ហេតុផលដែលបង្ហាញថា ការចំណាយពេលដើម្បីពិសោធន៍មានសារៈសំខាន់ព្រោះ អ្នកនឹងទទួលបានលទ្ធផលជាក់ស្តែងថាពេលធ្វើបែបនេះវានឹងហុចផលយ៉ាងណា វាមិនមែនជាការសន្មត់ស្រមើស្រមៃលើការងារដែលអ្នកចង់ធ្វើនោះទេ។ រាល់ការសាកល្បងធ្វើអ្វីមួយវាជាការពិសោធន៍ បើមានកំហុសកើតឡើងអ្នកនឹងដឹងថាការធ្វើបែបនេះមិនបានផល វាក្លាយជាមេរៀនដ៏មានតម្លៃសម្រាប់អ្នក អ្នកអាចរកវិធីសាស្រ្តផ្សេងមួយទៀតដើម្បីធ្វើឲ្យការងារមួយនេះបានសម្រេចលទ្ធផលដែលអ្នកចង់បាន៕
ដោយ៖ យ៉ាយ៉ា