គួរ​ឲ្យ​សរសើរ! យក​ស្នែង​សត្វ​ដែល​គេ​ចោល​មក​ច្នៃ​ជា​ផលិតផល​ទទួល​ស្គាល់​ដល់​ទីផ្សារ​អន្តរជាតិ​



Somonea ផលិតផល​ស្នែង គឺ​ជា​ឈ្មោះ​សិប្បកម្ម​មួយ​កន្លែង​ដែល​យក​ស្នែង​សត្វ​ដែល​ត្រូវ​បាន​គេ​បោះបង់​ចោល​មក​ច្នៃ​ចេញ​ជា​ វត្ថុ​អនុស្សាវរីយ៍​ សម្ភារៈ​លម្អ​គេហដ្ឋាន និង​គ្រឿង​អលង្ការ​យ៉ាង​ល្អ​ប្រណិត។ ប៉ុន្តែ​បើ​ក្រឡេក​ទៅ​មើល​ពី​ប្រវត្តិ​នៃ​កំណើត​អាជីវកម្ម​ ដែល​ផ្ដើម​ដោយ​បុរស​ម្នាក់​ជា​កម្មករ​សំណង់​អស់​រយៈពេល​ប្រមាណ​ជា ​១០​ឆ្នាំ ឯណោះ​វិញ គឺ​ពិត​ជា​រឿង​ដែល​គួរ​ឲ្យ​សរសើរ។

 

លោក ទ្រី សុចាន់ ធ្លាប់​បម្រើ​ការងារ​ជា​កម្មករ​សំណង់​នៅ​ប្រទេស​ថៃ​រយៈពេល​៣ឆ្នាំ និង​នៅ​កម្ពុជា​៧ឆ្នាំ។ ដោយ​សារ​ការងារ​ត្រូវ​ប្រើ​កម្លាំង​ខ្លាំង​ធ្វើ​ឲ្យ​លោក​ហាក់​មាន​ភាព​នឿយណាយ បូក​រួម​នឹង​ថៅកែ​ដែល​មិន​យល់​ពី​អារម្មណ៍​កម្មករ​ផង បាន​ធ្វើ​ឲ្យ​លោក​នឹក​ឃើញ​ដល់​ជំនាញ​ឆ្នៃ​ស្នែង​ដែល​ខ្លួន​ធ្លាប់​បាន​រៀន​ពី​មុន។ ដោយ​មាន​ចិត្ត​ស្រលាញ់​ចំពោះ​ជំនាញ​នេះ រួម​ផ្សំ​នឹង​គំនិត​ចង់​បង្កើត​មុខរបរ​ផ្ទាល់​ខ្លួន​ផង បាន​រុញ​ច្រាន​ឲ្យ​លោក​សម្រេច​ចិត្ត​ឈប់​ធ្វើ​ជា​កម្មករ​សំណង់​ ហើយ​ងាក​ទៅ​ចាប់​អាជីព​ជា​អ្នក​ច្នៃ​ស្នែង​សត្វ​វិញ។

 

ក្នុង​ឆ្នាំ​២០០៣​សិប្បកម្ម​ច្នៃ​ស្នែង​សត្វ​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ឡើង។ ផលិតផល​ដែល​ច្នៃ​បាន​ដំបូង​គឺ​ជា​សម្ភារៈ​លម្អ​គេហដ្ឋាន មាន​ដូច​ជា​រូប​កុក រូប​ក្ដាម និង​សត្វ​ចំនួន​ទៀត ហើយ​រាល់​ផលិតផល​ដែល​ច្នៃ​រួច​រាល់​ត្រូវ​បាន​យក​ទៅ​ផ្ញើ​លក់​នៅ​តាម​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​នានា ប៉ុន្តែ​ដោយ​សារ​តែ​ភាព​ថ្មីថ្មោង​នៃ​ផលិតផល​បាន​ធ្វើ​ឲ្យ​អាជីវកម្ម​មួយ​នេះ​មិន​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាជន​ក្នុង​ប្រទេស​ឡើយ គឺ​មាន​តែ​ការ​គាំទ្រ​តិច​តួច​ប៉ុណ្ណោះ​ពី​សំណាក់​ភ្ញៀវ​ទេសចរបរទេស។ 

 

ឆ្លើយ​ប្រាប់​គេហទំព័រ​ Bizkhmer លោក​ស្រី ឃួន ចិន្ដា ភរិយា​របស់​លោក ទ្រី សុចាន់ បាន​រៀប​រាប់​ថា ផលិតផល​ចាប់​ផ្ដើម​មាន​ការ​ទទួល​ស្គាល់​ និង​កាម៉្មង់​ច្រើន​​ពី​ទីផ្សារ​បរទេស​ក្នុង​កំឡុង​ឆ្នាំ​២០០៨។ នៅ​ពេល​នោះ បរទេស​ជា​អ្នក​ចេញ​ម៉ូដ​ចំណែក​សិប្បកម្ម​របស់​លោកស្រី​ជា​អ្នក​ផលិត ប៉ុន្តែ​រាល់​ម៉ូដ​ដែល​គេ​ចេញ​ឲ្យ​នោះ​គឺ​មិន​អាច​ផលិត​លក់​ដោយ​ខ្លួន​ឯង​នៅ​ក្នុង​ទីផ្សារ​បាន​ទេ។

 

ផលិតផល​ស្នែង​សត្វ​មិន​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​នោះ​ឡើយ ពោល​គឺ​ត្រូវ​ចំណាយ​ពេល​ធ្វើ ហើយ​បើ​កាត់​ភ្លាម​ត្រូវ​យក​មក​ធ្វើ​ភ្លាមៗ បើ​មិន​ដូច្នោះ​ទេ ស្នែង​ទាំង​នោះ​នឹង​ប្រេះ​ខូច​ហើយ​មិន​អាច​យក​មក​ច្នៃ​បន្ត​បាន​ទេ។ ម្យ៉ាង​វិញ​ទៀត មិន​មែន​គ្រប់​ស្នែង​ទាំង​អស់​សុទ្ធ​តែ​អាច​យក​មក​ច្នៃ​បាន​នោះ​ទេ គឺ​ត្រូវ​មើល​ទៅ​លើ​ពណ៌ ដែល​ត្រូវ​ជ្រើស​យក​តែ​ពណ៌​ណា​ដែល​ស្អាតៗ​ប៉ុណ្ណោះ។

 

គួរ​ឲ្យ​សោកស្ដាយ សេដ្ឋកិច្ច​ចាប់​ផ្ដើម​ធ្លាក់​ចុះ​វិញ​បន្ទាប់​ពី​បាត់បង់​ការ​កាម៉្មង់​បន្ត​ពី​ទីផ្សារ​បរទេស រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ការ​កាម៉្មង់​ និង​ការ​គាំទ្រ​ពី​ទីផ្សារ​ត្រូវ​បាន​ថមថយ​ទៅ​វិញ។ ព្រោះ​តែ​បែប​នេះ ទើប​រយៈពេល​២ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​ជំរុញ​ឲ្យ​លោក​ស្រី​ចិន្ដា ស្វះស្វែង​យក​ផលិតផល​ស្នែង​ទាំង​នោះ​ទៅ​ដាក់​លក់ និង​តាំង​បង្ហាញ​នៅ​តាម​ពិព័រណ៍​នានា ហើយ​ក៏​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ និង​គាំទ្រ​ខ្លះៗ​មក​វិញ​ពី​សំណាក់​ពី​ភ្ញៀវ​ជាតិ។

 

ពី​មុន​លោកស្រី​ចិន្ដា មិន​ដែល​គាំទ្រ​ចំពោះ​អាជីវកម្ម​ស្នែង​របស់​ស្វាមី​នោះ​ទេ ដោយ​ហេតុ​ថា​​​ផលិតផល​នេះ​នៅ​ពេល​ដែល​ធ្វើ​មិន​ទាន់​សម្រេច​វា​ជះ​​ក្លិន​មិន​ល្អដល់​អ្នក​ធ្វើ​ ប៉ុន្តែ​ដោយ​សារ​តែ​ឃើញ​ស្វាមី​ស្រលាញ់​ និង​ខិតខំ​ប្រឹងប្រែង​ រហូត​មក ទើប​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ​លោក​ស្រី​ចាប់​ផ្ដើម​គាំទ្រ និង​បាន​ជួយ​ស្វែង​រក​ទីផ្សារ​បន្ថែម។ លោកស្រី​និយាយ​ថា «ខ្ញុំ​ឃើញ​ប្ដី​របស់​ខ្ញុំ​គាត់​ស្រលាញ់ អញ្ចឹង​ហើយ​ទើប​ខ្ញុំ​ចង់​ផ្ដួច​ផ្ដើម​ជួយ​គាត់​ឲ្យ​បាន​ចុះ​បញ្ជី​ក្នុង​ក្រសួង និង​បង្ហាញ​ឲ្យ​ប្រជាជន​ខ្មែរ​បាន​ឃើញ​និង​ទទួល​ស្គាល់​ពី​ស្នាដៃ​គាត់ និង​ដើម្បី​ប្រាប់​ប្រជាជន​ខ្មែរ​ថា​យើង​ក៏​អាច​ផលិត​បាន​ដែរ ដែល​មាន​វត្ថុធាតុដើម​នៅ​ក្នុង​ស្រុក»។

 

ក្ដី​សង្ឃឹម​របស់​លោកស្រី ចិន្ដា និង​លោក សុចាន់ គឺ​ចង់​ជួយ​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ដំបន់​ឲ្យមាន​ការ​ងារ​ធ្វើ​ដោយ​មុខ​ជំនាញ​ស្នែង​នេះ ព្រោះ​ប្រជាជន​ខ្មែរ​យើង​គាត់​ពិសា​សាច់​រាល់​ថ្ងៃ​ បណ្ដាល​ឲ្យ​មាន​កាក​សំណល់​ស្នែង និង​ឆ្អឹង​ជា​ច្រើន ដូច្នេះ​គឺ​ចង់​ឲ្យ​ពួកគាត់​ចេះ​គិត​គូ​កែច្នៃ​របស់​ដែល​គ្មាន​ប្រយោជន៍​មក​ជា​របស់​ដែល​មាន​ប្រយោជន៍​ឡើង​វិញ​ដើម្បី​ចូល​រួម​ជួយ​សម្អាត​បរិស្ថាន៕

 

ដោយ៖ ជួប ស្រីរ័ត្ន

 

X
5s