ពិសេសមែន! កសិករអាចលក់ផលិតផលកសិកម្មគ្រប់មុខតាមកម្មវិធីទូរស័ព្ទដៃ «ទន្លេសាបអ្នកលក់»
ពិតជាដំណឹងដ៏ល្អមួយសម្រាប់ប្រជាកសិករខ្មែរទូទាំងប្រទេស ព្រោះពេលនេះកម្មវិធីទូរស័ព្ទដៃ «ទន្លេសាប» ទើបតែបន្ថែមនូវកម្មវិធីទូរស័ព្ទដៃថ្មីមួយទៀតឈ្មោះថា «ទន្លេសាបអ្នកលក់» ដែលបង្កើតឡើងក្នុងគោលបំណងជួយជំរុញឲ្យទីផ្សារផលិតផលកសិកម្មកម្ពុជាកាន់តែមានភាពសម្បូរបែប និងប្រសើរឡើង ដោយក្នុងនោះប្រជាកសិករខ្មែរអាចដាក់លក់នូវផលិតផលកសិកម្មរបស់ខ្លួនបានគ្រប់ប្រភេទនៅលើទីផ្សារអនឡាញតាមរយៈកម្មវិធីទូរស័ព្ទ «ទន្លេសាបអ្នកលក់»។
ក្នុងឱកាសនៃសិក្ខាសាលាស្ដីអំពី «កម្មវិធីទូរស័ព្ទដៃអនឡាញសម្រាប់អ្នកផ្គត់ផ្គង់ផលិតផលកសិកម្ម និងវឌ្ឍនភាពនៃកម្មវិធីទូរស័ព្ទដៃទន្លេសាប» កញ្ញា សុខ សិរីរ័ត្ន មន្ត្រីបច្ចេកទេសកសិកម្ម បានលើកឡើងថា បន្ទាប់ពីទាញយកកម្មវិធីទូរស័ព្ទដៃទន្លេ កសិករអាចចុះឈ្មោះលក់ផលិតផលរបស់ខ្លួនបានយ៉ាងងាយស្រួលតាមរយៈប្រព័ន្ធអនឡាញ ដោយក្នុងនោះពួកគាត់អាចទទួលនិងគ្រប់គ្រងការបញ្ជាទិញផលិតផលដោយផ្ទាល់។ កញ្ញាបានបញ្ជាក់ថា ក្រុមការងារនឹងមានផែនការបន្តក្នុងការដាក់បញ្ចូលមុខងារដឹកជញ្ជូន ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកទិញក៏ដូចជាអ្នកផ្គត់ផ្គង់ផងដែរ។
ជាមួយគ្នានេះ លោក គា បូរាន ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ បានបង្ហាញពីក្ដីរំពឹងថា តាមរយៈការបង្កើតនូវកម្មវិធីទូរស័ព្ទដៃនេះឡើង និងចូលរួមចំណែកជួយកាត់បន្ថយថ្លៃដើមនិងថ្លៃផលិត ដោយសារតែពួកគាត់អាចមើលតម្លៃទីផ្សារតាមរយៈកម្មវិធីនេះ។ មួយវិញទៀត កសិករនិងមានចំណេះដឹងបច្ចេកទេសផ្នែកកសិកម្មបន្ថែម ដែលវានឹងជំរុញឲ្យការផលិតរបស់គាត់កាន់តែប្រសើរជាងមុន ពិសេសពួកគាត់នឹងអាចស្វែងរកទីផ្សារសម្រាប់លក់ផលិតផលបាន។
គួរបញ្ជាក់ថា «កម្មវិធីទូរស័ព្ទដៃទន្លេសាប» ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨ និងបានដាក់ឲ្យដំណើរការជាផ្លូវការនៅក្នុងឆ្នាំ២០១៩ ដោយកម្មវិធីនេះគឺជាផ្នែកមួយនៃសកម្មភាពរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគាំទ្រសហការមូលនិធិដោយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គម្រោងមូលនិធិការបង្កើតថ្មីសម្រាប់កាត់បន្ថយភាពក្រីក្រ (IAP) ដែលសហការអនុវត្តរួមគ្នាដោយ SIDA SNV IB Sweden និង BoP Inc. និងគម្រោងហាវែស II នៃទីភ្នាក់ងារជំនួយអាមេរិក USAID ក្នុងគោលបំណងចូលរួមចំណែកក្នុងការលើកស្ទួយវិស័យកសិកម្មនៅកម្ពុជា តាមរយៈការផ្ដល់នូវចំណេះដឹងផ្នែកបច្ចេកទេសក្នុងការដាំដំណាំ ចិញ្ចឹមសត្វ ព្រមទាំងការស្វែងរកសម្ភារៈកសិកម្ម និងព័ត៌មានជាច្រើនទាក់ទងនឹងទីផ្សារកសិកម្ម៕