បើហ៊ានសម្រេចចិត្តធ្វើរឿងទាំង ៥នេះ អ្នកនឹងសោកស្តាយអស់ ១០ឆ្នាំជាមិនខាន
ជីវិតរបស់មនុស្សម្នាក់ៗពិតជាខ្លីណាស់។ នៅថ្ងៃណាមួយឆាប់ៗភាពយុវវ័យរបស់អ្នកក៏ចូលមកដល់ ហើយជំនួសដោយវ័យរាងចាស់ជ្រេបន្តិច។ ទាំងអស់នេះសុទ្ធតែកើតមានសម្រាប់មនុស្សគ្រប់គ្នា ប៉ុន្តែឱកាស ភាពជោគជ័យឬ បរាជ័យក្នុងជីវិតវាមិនដូចគ្នាទេ។ ជីវិតរបស់អ្នកទទួលបានលទ្ធផលបែបណានោះគឺអាស្រ័យលើការសម្រេចចិត្តរបស់អ្នក។
យ៉ាងណាក៏ដោយ អ្នកអាចកាត់បន្ថយភាពបរាជ័យ ឬវិប្បដិសេរីរបស់អ្នកបាននៅពេលអ្នករស់នៅមានវិន័យត្រឹមត្រូវ និងស្គាល់វិធីដែលទប់ទល់វាជាមុន។ នៅខាងក្រោមនេះបានលើកឧទាហរណ៍មួយនូវការសម្រេចចិត្តចំនួន ៥ នៅក្នុងចំណោមការសម្រេចចិត្តនានាដែលធ្វើឲ្យអ្នកសោកស្តាយក្នុងជីវិត៖
១) រង់ចាំពេលវេលាឥតខ្ចោះចូលមកដល់
គ្មានឡើយពេលវេលាឥតខ្ចោះសម្រាប់អ្នក។ បើអ្នកចង់ធ្វើអ្វីមួយដោយគិតថា រង់ចាំពេលនោះមកដល់ គឺប្រៀបដូចជាអ្នកកំពុងកាប់បំពង់រង់ចាំទឹកភ្លៀងដូច្នេះដែរ។ សូមចាំថា ប្រសិនបើអ្នកចង់ធ្វើអ្វីមួយ ពេលវេលាដ៏ល្អបំផុតរបស់អ្នកគឺពេលនេះ។ អ្នកមិនត្រូវរង់ចាំឡើយ ព្រោះថាសមិទ្ធិផល ឬគោលដៅរបស់អ្នកអាចសម្រេចបាននៅពេលណាមួយគឺត្រូវផ្តើមចេញបន្តិចម្តងៗពីថ្ងៃនេះទៅ។ ការរង់ចាំដោយនិយាយថា ចាំថ្ងៃស្អែក ខែក្រោយ ឬឆ្នាំក្រោយ វាគ្រាន់តែជាការយកលេសដោះសារឲ្យខ្លួនឯងតែប៉ុណ្ណោះ។
២) រង់ចាំឲ្យគេមកជួយសង្គ្រោះ
តើអាចទេនៅសុខៗមានគេមកឲ្យលុយអ្នក? ជ្រើសរើសអ្នក? តើអាចទេនៅសុខៗមនុស្សជោគជ័យតាមបំណងប្រាថ្នារបស់អ្នក? ទាំងនេះវាគ្រាន់តែជាសុបិនទាំងកណ្តាលថ្ងៃ ប្រសិនបើអ្នករង់ចាំឲ្យអ្នកណាម្នាក់មកសម្រេចបំណងប្រាថ្នារបស់អ្នក។ ការពិតគឺវាមិនដូចអ្នកគិតងាយៗនោះទេ។ អ្វីៗ ទាំងនេះ វាសម្រេចបានលុះត្រាតែអ្នកចេញទៅស្វែងរកវា។ កុំរង់ចាំ ការអាណិតអាសូរ។ គ្មាននរណាម្នាក់ជួយអ្នកជាងអ្នកទេ។ អ្នកដទៃកំពុងរវល់នឹងការងាររបស់ពួកគេ ហើយអ្នកក៏រវល់នឹងការងាររបស់អ្នកដែរ។ ម្ល៉ោះហើយ មានតែការជួយសង្គ្រោះ និងទទួលខុសត្រូវលើខ្លួនឯងតែប៉ុណ្ណោះដែលជាការសម្រេចចិត្តដ៏ត្រឹមត្រូវមួយធ្វើឲ្យអ្នកមិនសោកស្តាយជារៀងរហូត។
៣) រស់នៅក្នុងសុបិនរបស់អ្នកដទៃ
គ្មាននរណាម្នាក់ចង់រស់នៅតាមសុបិនរបស់អ្នកដទៃនោះទេ។ ក៏ប៉ុន្តែការបណ្តោយឲ្យអ្នកដទៃមកដឹកនាំ ឬមកកំណត់ជីវិតរបស់អ្នកប្រៀបដូចជាមនុស្សមានតែសំបកខ្លួន តែគ្មានព្រលឹង។ អ្នកត្រូវដឹងថា អ្នករស់នៅតាមដំណើរជីវិតរបស់អ្នក។ អ្នកគឺជាអ្នកបញ្ជាចង្កូតនាវាជីវិតរបស់អ្នកថា តើត្រូវទៅណា? ត្រូវធ្វើអ្វី? អ្នកដទៃគួរតែរវល់នឹងជីវិតរបស់ពួកគេ។ ពួកគេមិនត្រូវមកកាច់ចង្កូតជីវិតអ្នកឡើយ។ អ្នកអាចរៀនសូត្រពីភាពជោគជ័យរបស់ពួកគេបាន តែគួរតែយកមកអនុវត្តឲ្យស្របទៅនឹងស្ថានភាពរបស់អ្នក។ អ្នកត្រូវមានមហិច្ឆតា និងក្តី សុបិនផ្ទាល់ខ្លួន ហើយទោះបីជាជោគជ័យ ឬបរាជ័យក៏ដោយ ក៏អ្នកមិនសោកស្តាយដែរ។
៤) មិនបានព្យាយាមឲ្យអស់ពីសមត្ថភាព
តើអ្នកធ្លាប់មានអារម្មណ៍ថា ខ្លួនឯងហាក់បីដូចជាធ្វើអ្វីមួយមិនអស់ពីចិត្តដែរឬទេ? បើអារម្មណ៍នេះវាកំពុងលាក់ទុកក្នុងខ្លួនរបស់អ្នកនោះការបរាជ័យរបស់អ្នកកន្លងមកវាមិនមែនជារឿងចម្លែកនោះទេ។ ការសម្រេចបានសមិទ្ធផល ឬគោលដៅអ្វី មួយ វាទាមទារឲ្យមានការព្យាយាមប្រឹងប្រែងឲ្យអស់ពីសមត្ថភាព។ នៅពេលអ្នកមានចិត្តស្ទាក់ស្ទើរ និងមន្ទិលសង្ស័យ ធ្វើមិនអស់ពីសមត្ថភាពគឺប្រៀបដូចយកពេលវេលា និងថាមពលរបស់អ្នកកន្លងមកទៅបោះចោលដូច្នោះដែរ។ មិនថាកិច្ចការតូច ឬធំ ស្រួលឬលំបាកនោះទេ អ្នកត្រូវតែព្យាយាមធ្វើវាឲ្យអស់ពីចិត្ត និងយកចិត្តទុកដាក់បំផុត បើមិនដូច្នេះទេ អ្នកនឹងសោកស្តាយនៅថ្ងៃណាមួយជាមិនខាន។
៥) ឆាប់បោះបង់ពេក
ការឆាប់បោះបង់លើអ្វីមួយដែលអ្នកបានធ្វើ គឺជាកត្តាសំខាន់មួយទៀតក្រៅពីការមិនបានព្យាយាមឲ្យអស់ពីសមត្ថភាពខាងលើដែលនឹងធ្វើឲ្យអ្នកសោកស្តាយនៅពេលអនាគត។ ហេតុអ្វី? ពីព្រោះការបោះបង់ វាមិនមែនជាគ្រឹះសម្រាប់ទ្រទ្រង់ដល់ភាពជោគជ័យ និងកសាងគុណតម្លៃក្នុងជីវិតនោះឡើយ។ អ្នកបានបោះបង់ដោយសារតែអ្នកគិតថា វាលំបាកខ្លាំងពិបាកនឹងសម្រេចបាន ឬក៏អស់សង្ឃឹមនឹងស្រវាចាប់យកវា។
ប៉ុន្តែវិធីល្អបំផុតអ្នកត្រូវបើកចិត្តឲ្យទូលាយ ហើយទទួលស្គាល់ថា បញ្ហាកើតមានសម្រាប់មនុស្សគ្រប់គ្នា។ ផ្ទុយមកវិញ ភាពខុសគ្នាដែលធ្វើឲ្យបញ្ហាអាចជាឱកាស ឬជាភាពបរាជ័យខុសគ្នានៅត្រង់ថា បើអ្នកមិនបោះបង់ មិនយូរមិនឆាប់អ្នកនឹងជោគជ័យ។ ប្រសិនបើអ្នកបោះបង់ ផ្លូវតែមួយគត់សម្រាប់អ្នកគឺបរាជ័យ ហើយនៅទីបំផុតអ្នកនឹងក្លាយជាជនរងគ្រោះនៃភាពសោកស្តាយមិនចេះចប់មិនចេះហើយបន្តទៅទៀត៕
ប្រភព៖ CNBC