ហេតុអ្វីគួរសម្ភាសន៍ការងារឲ្យបានច្រើន ទោះបីជាអ្នកមិនកំពុងស្វែងរកការងារធ្វើក៏ដោយ?​



ប្រិយមិត្តគ្រប់រូបដែលកំពុងចូលអានអត្ថបទមួយនេះសូមពិចារណាបន្តិចថា អ្នកគួរតែសម្ភាសន៍ការងារឲ្យបានញឹកញាប់តាមដែលអាចធ្វើបានបើទោះបីជាអ្នកទាំងអស់គ្នាមិនមែនជាអ្នកកំពុងស្វែងរកការងារ ឬកំពុងមានការងារធ្វើនៅក្នុងដៃក៏ដោយ។ ហេតុអ្វីទៅ? 

គុណសម្បត្តិដ៏ពិសេសនៃការសម្ភាសន៍ការងារនេះគឺថា ជំនួប និងបទពិសោធន៍របស់អ្នកតតាំងជាមួយអ្នកសម្ភាសន៍គ្រប់ប្រភេទបានផ្តល់មេរៀនដ៏ល្អមួយក្នុងការបង្កើនសមត្ថភាពក្នុងអាជីពការងាររបស់អ្នក។ ទោះលទ្ធផលរបស់អ្នកជាប់ ឬធ្លាក់ វាបានផ្តល់ឱកាសឲ្យអ្នកស្គាល់ពីបរិយាកាសការងារនៅក្នុងក្រុមហ៊ុនទាំងនោះ ឬក៏យ៉ាងហោចណាស់អ្នកបានស្វែងយល់បន្ថែមពីទិដ្ឋភាពទីផ្សារការងារមួយដែលអ្នកកំពុងពិចារណារកមើល។

១) តើអ្នកគួរសម្ភាសន៍ជាមួយអ្នកណា?  
ជាអនុសាសន៍មួយនៅទីនេះគឺថា អ្នកគួរកំណត់ថា តើនរណាដែលអ្នកចង់សម្ភាសន៍ជាមួយ? នៅពេលសម្ភាសន៍ការងារ អ្នកគួរជួបអ្នកសម្ភាសន៍ដ៏ពូកែ និងអាចបង្រៀនអ្នកបាន។ ថ្វីត្បិតតែអ្នកមិនមែនស្វែងរកការងារធ្វើក៏ពិតមែន ក៏ប៉ុន្តែអ្នកមិនគួរចំណាយពេលរបស់អ្នកឥតប្រយោជន៍ជាមួយអ្នកសម្ភាសន៍ធម្មតាៗនោះទេ។ អ្នកសម្ភាសន៍ដែលមានបទពិសោធន៍ និងចំណេះដឹងដែលអ្នកកំពុងស្វែងរកគឺជាជម្រើសល្អដែលអ្នកគួរសុំសម្ភាសន៍ជាមួយ។

២) តើត្រូវធ្វើដូចម្តេចទើបអាចសម្ភាសន៍ជាមួយមនុស្សដែលអ្នកចង់បាន? 
អ្នកគួរបង្កើតទំនាក់ទំនង និងស្គាល់មនុស្សឲ្យបានច្រើនដូចជា អតីតនិស្សិតធ្លាប់រៀនជាមួយគ្នា ចូលរួមក្នុងបណ្តាញសមាគមន៍ផ្សេងៗ ប្រើប្រាស់បណ្តាញសង្គម LinkedIn ឬមិត្តភក្តិណាម្នាក់ដែលមានការងារដូចអ្នកចង់បាននៅក្នុងក្រុមហ៊ុន ឬស្ថាប័នដែលជាក្តីសុបិនរបស់អ្នកចង់ធ្វើការជាមួយ។ សូមប្រាកដថា អ្នកពិតជាចង់រៀនសូត្រពីមនុស្សទាំងនោះពិតប្រាកដមែន មិនមែនជាអារម្មណ៍ចៃដន្យនោះទេ។

សូមកុំខ្លាចក្នុងការបង្កើតទំនាក់ទំនងជាមួយនរណាម្នាក់ដែលអ្នកមិនធ្លាប់មានទំនាក់ទំនងពីមុនមក។ ប៉ុន្តែត្រូវប្រាកដថា អ្នកពិតជាមានចេតនា និងយល់ច្បាស់ពីមូលហេតុដែលអ្នកជ្រើសរើសអ្នកនោះមកសន្ទនាជាមួយអ្នក  ព្រមទាំងអ្វីដែលអ្នករំពឹងទុកថា នឹងទទួលបានពីជំនួបនោះ។ 

៣) តើគួរដាក់សំណើរដោយរបៀបណា? 
ការប្រើប្រាស់អ៊ីមែល ឬសារ LinkedIn គឺជាវិធីល្អបំផុត និងមានលក្ខណៈវិជ្ជាជីវៈត្រឹមត្រូវដើម្បីស្នើសុំសម្ភាសន៍ជាមួយនរណាម្នាក់។ អ្នកក៏ត្រូវផ្តល់សាវតា (ប្រវត្តិរូប) របស់អ្នកខ្លះៗ គោលដៅនៃអាជីពការងាររបស់អ្នក និងអ្វីដែលអ្នកកំពុងស្វែងរកដើម្បីសម្រេចបានពីជំនួបនោះ។ ទន្ទឹមនឹងនេះអ្នកគួរពន្យល់អ្នកទាំងនោះនូវមូលហេតុដែលអ្នកបានសម្រេចចិត្តជ្រើសរើសពួកគេផងដែរ ។ ប៉ុន្តែអ្នកត្រូវចាំថា កុំធ្វើឲ្យពួកគេមានអារម្មណ៍ថា អ្នកកំពុងប្រើប្រាស់ពួកគេធ្វើជាឈ្នាន់របស់អ្នក។ 

សំណើររបស់អ្នកគួរតែធ្វើឡើងឲ្យបានច្បាស់លាស់ និងចំៗចំណុច។ កំណត់ពេលសម្ភាសន៍កុំឲ្យលើសពីមួយម៉ោង ហើយផ្តល់ជម្រើសទីន្លែង និងថ្ងៃណាត់ជួបសម្ភាសន៍ឲ្យបាន ២ ឬ ៣ជម្រើសឡើងទៅ។ យកល្អអ្នកគួរជួយចេញថ្លៃកាហ្វេឲ្យពួកគេនៅហាងណាមួយដែលនៅជិតពួកគេ ឬអាចទៅកាន់កន្លែងការងាររបស់ពួកគេប្រសិនបើអាចធ្វើបាន។ 

៤) តើគួរសួរពួកគេពីអ្វី? 
គន្លឹះល្អបំផុតដើម្បីអាចឲ្យអ្នកគេចផុតពីភាពឆ្គាំឆ្គងក្នុងចំណុចនេះ គឺសួរសំនួរឲ្យបានត្រឹមត្រូវ។ តើអ្នកមានបាន ស្រាវជ្រាវជាមុនដើម្បីចៀសវាងសួរសំនួរណាដែលអាចធ្វើឲ្យអ្នកផ្តល់ចម្លើយបានយ៉ាងងាយដែលទេ?  (ឧទាហរណ៍ថា តើក្រុមហ៊ុននោះធំប៉ុណ្ណា)។ នេះនឹងអនុញ្ញាតឲ្យមានសំណួរល្អៗចេញមកកាន់តែច្រើនដែលនឹងជួយផ្តល់ចម្លើយកាន់តែមានប្រយោជន៍។ 

ប្រសិនបើអ្នកបានសួរត្រង់ៗពីការងារផ្ទាល់ខ្លួនរបស់អ្នកដែលអ្នកកំពុងជួបជាមួយ បន្ទាប់មកអ្នកគួរសួរពីបទពិសោធន៍របស់ពួកគេដូចជា តើអ្វីទៅដែលជួយជំរុញពួកគេរហូតមក? តើពួកគេបានឈានជើងចូលទៅក្នុងអាជីពការងាររបស់ពួកគេដោយរបៀបណា? តើអ្វីទៅដែលធ្វើឲ្យពួកគេចូលចិត្តការងារនោះ? 

ផ្ទុយទៅវិញ បើអ្នកចាប់ផ្តើមសំនួរដោយសាកសួរពីក្រុមហ៊ុនផ្ទាល់តែម្តង អ្នកគួរសួរសំនួរណាដែលទាក់ទងទៅនឹងវប្បធម៌ និងស្ថានភាពការងារនៅទីនោះ។ ឧទាហរណ៍អ្នកអាចសួរថា តើវប្បធម៌ការងារនៅក្រុមហ៊ុនរបស់អ្នកមានលក្ខណៈដូចម្តេចដែរ? តើក្រុមហ៊ុនផ្តល់អត្ថប្រយោជន៍អ្វីខ្លះ? តើក្រុមហ៊ុនផ្តល់ឱកាសល្អៗសម្រាប់អភិវឌ្ឍសមត្ថភាពរបស់បុគ្គលិកដែរឬទេ? 

៥) តើអ្វីទៅដែលអ្នកមិនត្រូវសួរពួកគេ? 
នេះជាចំណុចរសើបដែលអ្នកត្រូវចងចាំ។ ហាមដាច់ខាតសួរពួកគេរឿងរកការងារឲ្យអ្នកធ្វើតែម្តង។ សូមចាំថា នេះវាមិនមែនជាសម្ភាសន៍ផ្លូវការនោះទេ ហើយវាក៏មិនមែនជាជំនួបដើម្បីឲ្យអ្នកមានការងារធ្វើដែរ។ ការសម្ភាសន៍នេះ គ្រាន់តែអនុញ្ញាត្តឲ្យពួកគេមកជួយអភិវឌ្ឍបណ្តាញទំនាក់ទំនងមួយដើម្បីឲ្យអ្នកមានការងារធ្វើតែប៉ុណ្ណោះ។ នេះមានន័យថា អ្នកដែលអ្នកបានសម្ភាសន៍មិនមែនសុទ្ធតែជាបណ្តាញរកការងារឲ្យអ្នកធ្វើនោះឡើយ។ 

៦) ឧស្សាហ៍តាមដាន និងទំនាក់ទំនងឲ្យបានញឹកញាប់
នៅពេលការសម្ភាសន៍បានបញ្ចប់មានន័យថា ការទំនាក់ទំនងរបស់អ្នកជាមួយពួកគេត្រូវបញ្ចប់ត្រឹមហ្នឹងនោះទេ។ អ្នកគួរឧស្សាហ៍តាមដាន និងទំនាក់ទំនងជាមួយពួកគេឲ្យបានញឹកញាប់។ អ្នកត្រូវប្រាកដថា អ្នកបានផ្ញើសារថ្លែងអំណរគុណតាមរយៈអ៊ីមែល ឬបណ្តាញសង្គមរបស់អ្នក។ នៅក្នុងសារនោះ អ្នកគួរបង្កប់នូវក្លឹមសារយ៉ាងលម្អិត បង្ហាញការដឹងគុណរបស់អ្នក និងភាពពេញចិត្តពេញថ្លើមរបស់អ្នកពីជំនួបប្រកបដោយផ្លែផ្កានោះ។

ប្រសិនបើជំនួបនោះ ដំណើរការបានយ៉ាងល្អ ហើយមើលទៅពួកគេហាក់ដូចជាមានចេតនាចង់ដោយចំហរចង់ជួយអ្នកនៅថ្ងៃខាងមុខដែរនោះ អ្នកអាចភ្ជាប់ប្រវត្តិរូបរបស់អ្នក (CV) ជាមួយនឹងសំណើរដ៏សាមញ្ញមួយដូចជានិយាយថា  “ប្រសិនបើអ្នកមិនយល់ទាស់ទេ សូមជួយផ្ញើប្រវត្តិរូបសង្ខេបរបស់ខ្ញុំទៅនរណាម្នាក់ដែលអ្នកយល់កំពុងត្រូវការមុខតំណែងដែលស័ក្តិសមនឹងខ្ញុំ”។ 

សូមចាំថា កុំឲ្យទំនាក់ទំនងរបស់អ្នកបញ្ចប់ក្រោយសម្ភាសន៍រួច។ ព្យាយាមទំនាក់ទំនងពួកគេនៅតាមបណ្តាញសង្គម ឬអ៊ីមែលឲ្យបានដិតដល់ ហើយស្វែងរកវិធីដែលធ្វើឲ្យទំនាក់ទំនងរបស់អ្នកជាមួយពួកគេនៅស្ថិតស្ថេរយូរអង្វែង៕

ប្រភព៖ CNN 

 

X
5s