ការប្តេជ្ញាចិត្តទាំង ៥ ដើម្បីភាពលូតលាស់អាជីវកម្មដែលអ្នកគួរធ្វើ​



អ្នកប្រហែលជាបានគិតរួចស្រេចទៅហើយថា អ្នកគួរមានផែនការយ៉ាងណាដើម្បីរៀបចំជីវិត និងធ្វើឲ្យអាជីវកម្មរបស់អ្នកកាន់តែជោគជ័យ។ វាជារឿងសំខាន់ខ្លាំងណាស់ដែលអ្នកបានរៀបចំផែនការទាំងនោះឡើង ក៏ប៉ុន្តែអ្នកមិនទាន់ប្រាកដប្រជានៅឡើយថា វានឹងដំណើរការទៅមុខឬអត់។ 

បើនេះជាអ្វីដែលអ្នកកំពុងមានមែននោះ ហេតុអ្វីមើលរំលង ៥ ចំណុចខាងក្រោមនេះ?

១.ផ្តល់សេវាកម្មដល់អតិថិជនឲ្យបានកាន់តែល្អឡើង
ការផ្តល់សេវាកម្មដល់អតិថិជនជាពិសេសអតិថិជនឆ្នើមគឺមានភាពចាំបាច់ណាស់សម្រាប់ធ្វើឲ្យអាជីវកម្មរបស់អ្នកជោគជ័យបានយូរអង្វែង។  ខណៈដែលសេវាកម្មអតិថិជនរបស់អ្នកវាអាចល្អរួចទៅហើយ វាជាការសំខាន់ដែលអ្នកត្រូវបន្តកែលំអដើម្បីឲ្យអតិថិជនរបស់អ្នករីករាយពេញចិត្តបន្ថែមទៀត។ 

យ៉ាងណាមិញ បើយោងតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Harvard បានបង្ហាញថា ការវិនិយោគលើអតិថិជនថ្មីៗ ធ្វើឲ្យអ្នកចំណាយប្រាក់ចន្លោះពី ៥ ទៅ ២៥ ដងច្រើនជាងការរក្សាទុកអតិថិជនចាស់ៗដែលមានស្រាប់នេះ ។ ដូច្នេះហើយ ទោះបីជាធ្វើឡើងតាមមធ្យោបាយណាក៏ដោយ សូមស្វែងរកដំណោះស្រាយល្អៗសម្រាប់ឆ្នាំថ្មីដើម្បីនាំអតិថិជនបន្ថែម និងរក្សាអតិថិជនចាស់ៗឲ្យកាន់តែរឹងមាំបន្ថែមទៀត។

២.ខិតខំពង្រឹងយុទ្ធសាស្រ្តទីផ្សារឲ្យកាន់តែខ្លាំង
ពីមួយឆ្នាំទៅមួយឆ្នាំ មាននិន្នាការទីផ្សារថ្មីៗច្រើណាស់ដែលអ្នកគួរតែដឹងឲ្យបានច្បាស់។ ប្រសិនបើអ្នកមិនអាចរក្សាបាននិន្នាការទាំងនេះ និងមិនអាចកែតម្រូវយុទ្ធសាស្រ្តទីផ្សាររបស់អ្នកឲ្យបានត្រឹមត្រូវ អ្នកនឹងមិនអាចទទួលបានចំណាប់អារម្មណ៍ពីអ្នកប្រើប្រាស់គ្រប់ទិសទីមកធ្វើជាអតិថិជនស្នូលរបស់អ្នកបានទេទាំងដោយផ្ទាល់ ឬដោយប្រយោលក្តី ។ អ្វីដែលសំខាន់គឺថា តើអ្នកបានត្រៀមយុទ្ធសាស្ត្រទីផ្សារសម្រាប់ផ្សព្វផ្សាយពីអាជីវកម្មរបស់អ្នកដូចជាតាមរយៈបណ្តាញសង្គមហើយឬនៅ? 

៣.បង្កើនផលិតភាពបន្ថែមទៀត
មានម្ចាស់អាជីវកម្មជាច្រើនសង្ឃឹមថា ពួកគេមានពេលវេលាច្រើនជាងមុនដើម្បីធ្វើឲ្យកិច្ចការជំនួញរបស់ខ្លួនសម្រេចបានភាពជោគជ័យ ហេតុដូច្នេះហើយហេតុអ្វីពួកគេមិនប្តេជ្ញាចិត្តបង្កើនផលិតភាពបន្ថែមទៀតនោះ? យ៉ាងណាមិញ សូមចាំថាដើម្បីធ្វើឲ្យអាជីវកម្មរបស់អ្នកកាន់តែមានផលិតភាព អ្នកមិនចាំបាច់រៀបចំខ្លួនឲ្យក្លាយជាអ្នកបំពេញការងារឲ្យបានលឿនជាងមុន និងមានរចនាសម្ព័ន្ធល្អជាងមុននោះទេ (ទោះបីជាវាបានជួយអ្នកក៏ដោយ)។ អ្វីដែលអាជីវកម្មរបស់អ្នកត្រូវធ្វើ គឺធ្វើឲ្យវាដំណើរការដោយស្វ័យប្រវត្តិ។ 

ជាមួយនឹងការប្រើប្រាស់មធ្យោបាយឲ្យបានត្រឹមត្រូវ អ្នកអាចធ្វើឲ្យប្រព័ន្ធ ការងារស្មុគស្មាញរបស់អ្នកដំណើរការដោយស្វ័យប្រវត្តិបានដូចជា ការធ្វើវិក្កយបត្រទូទាត់ប្រាក់ ការកំណត់ពេលចេញផ្សាយ (Schedule) នៅតាមបណ្តាញសង្គម ការផ្សព្វផ្សាយតាមអ៊ីម៉ែល ការតាមដាន និងពិនិត្យមើលការវិវត្តជាវិជ្ជមាននៃស្ថានភាពទូទៅនៃមធ្យោបាយទាំងនោះ  ។ ស្វ័យប្រវត្តិកម្ម ជាកិច្ចការដែលងាយស្រួលបំផុតមួយដែលអាចជួយសន្សំពេលវេលាសម្រាប់អ្នក និងសមាជិកក្រុមការងាររបស់អ្នកមានសេរីភាពធ្វើកិច្ចការផ្សេងទៀតដែលសំខាន់ និងល្អប្រសើរជាងនេះ។

៤.ផ្ទេរភារកិច្ចការងារបន្ថែមទៀត និងពង្រីកក្រុមការងារ
ក្នុងនាមជាម្ចាស់អាជីវកម្ម អ្នកប្រហែលជាមានអារម្មណ៍ថា អ្នកត្រូវការធ្វើអ្វីៗគ្រប់បែបយ៉ាងដោយខ្លួនឯង។ អ្នកត្រូវចាប់ផ្តើមរៀនធ្វើការងារដោយការផ្ទេរភារកិច្ចការងារទាំងនោះទៅឲ្យបុគ្គលិកថ្នាក់ក្រោម។  ធ្វើបែបនេះពីមួយថ្ងៃទៅមួយថ្ងៃ អ្នកអាចមានពេលគ្រប់គ្រាន់ឈប់ផ្តោតអារម្មណ៍ខ្លាំងពេកលើការងារទាំងអស់នោះ ហើយងាកមកផ្តោតយកចិត្តទុកដាក់លើកិច្ចការសំខាន់ ពោលគឺភាពរីកចម្រើនរបស់អាជីវកម្មវិញម្តង។ សូមពិនិត្យរកមើលការងារក្នុងថ្ងៃនីមួយៗ តើមានការងារណាខ្លះដែលអ្នកមិនចូលចិត្តធ្វើ? តើមានការងារណាខ្លះដែលធ្វើឲ្យអ្នកធុញថប់ ឬចំណាយពេលទៅលើវាច្រើនពេក? តើអាចមាននរណាម្នាក់ផ្សេងទៀតនៅក្នុងក្រុមការងារអាចទទួលភារកិច្ចការងារទាំងនោះជំនួសអ្នកបានដែរឬទេ? បើមាន បន្ទាប់មកអ្នកត្រូវផ្ទេរភារកិច្ចការងារទាំងនោះទៅពួកគេតែម្តងទៅ។

ទន្ទឹមនឹងគ្នានេះ ប្រសិនបើអ្នកសង្កេតឃើញថា អាជីវកម្មរបស់អ្នកកំពុងស្ថិតនៅក្នុងជំហរមួយរីកលូតលាស់ទៅ មុខ វាប្រហែលជាដល់ពេលដែលអ្នកគួរផ្តោតទៅលើការជួលបុគ្គលិកថ្មីបន្ថែមទៀតហើយ។ ប៉ុន្តែសូមចាំថា សូម្បីតែអាជីវកម្មខ្នាតតូចដែលមានលុយត្បិតត្បៀតក៏អាចជួលអ្នកទទួលខុសត្រូវដោយប្រយោល (Freelancer) ផងដែរសម្រាប់ទទួលខុសត្រូវលើការងារមួយចំនួនដូចជា ធ្វើទីផ្សារនៅលើបណ្តាញផ្សព្វផ្សាយសង្គម សរសេរអត្ថបទឃោសនា និងធ្វើទីផ្សារតាមរយៈអ៊ីម៉ែលជាដើម។ ការជួលបុគ្គលិកប្រភេទនេះ នឹងអនុញ្ញាតឲ្យអ្នកអាចបំពេញការងារចាំបាច់របស់អ្នកជាជាងព្រួយបារម្ភអំពីការជួលបុគ្គលិកពេញម៉ោងមកធ្វើការ ។

៥.ទំនួលខុសត្រូវរបស់អ្នក
ដំណោះស្រាយអាជីវកម្មទាំងប៉ុន្មានខាងលើ  នឹងជួយឲ្យអាជីវកម្មរបស់អ្នករីកចម្រើន។ ប៉ុន្តែទោះបីគោលដៅ ឬដំណោះស្រាយអាជីវកម្មរបស់អ្នកនឹងចូលមកដល់ក្នុងឆ្នាំនេះក៏ដោយ អ្នកត្រូវប្រាកដថា អ្នកអាចផ្តល់ឱកាសល្អបំផុតឲ្យខ្លួនឯងក្នុងការសម្រេចចិត្តបានដោយប្រើរូបមន្ត Smart គឺរួមមាន ជាក់លាក់(Specific)  អាចវាស់បាន(Measurable) អាចសម្រេចបាន (Achievable)  ជាក់ស្តែង (Realistic) និងស្របតាមពេលវេលាកំណត់ (Timely)។ ការដាក់រូបមន្តនេះ នឹងរារាំងអ្នកមិនឲ្យបោះបង់ចោលដំណោះស្រាយឆ្នាំថ្មីនៅពីរឬបីខែក្រោយមក ហើយអ្នកនឹងទទួលបានដំណោះស្រាយកាន់តែរីកចម្រើន៕

ប្រភព៖ Entrepreneur 

 

X
5s