គន្លឹះជោគជ័យ ១១ចំណុច សម្រាប់សហគ្រិនថ្មីថ្មោង ត្រូវប្រតិបត្តិ​



មានអាជីវកម្មថ្មីថ្មោងជាច្រើនដែលបើកដំណើរការមិនបាន ១ ឬ ២ ឆ្នាំស្រួលបួលផង ក៏ត្រូវបិទទ្វាទៅវិញជាបន្តបន្ទាប់ ដោយសារមូលហេតុផ្សេងៗពីគ្នា ជាពិសេសនោះគឺកង្វះខាតចំណេះដឹង និង បទពិសោធន៍ជាដើម។ ខាងក្រោមនេះគឺជាគន្លិះសំខាន់ៗមួយចំនួន ដែលអាចជួយអោយម្ចាស់អាជីវកម្មថ្មីថ្មោងទទួលបានភាពជោគជ័យក្នុងអាជីពរបស់ពួកគេៈ

  1. អភិវឌ្ឍខ្លួន
    កុំថាឡើយអ្នកជាសហគ្រិន ឬ ក៏ជាថ្នាក់ដឹកនាំរបស់គេបើទោះបីជាបុគ្គលិកបម្រើការងារក៏ត្រូវតែអភិវឌ្ឍខ្លួនឯងជាប្រចាំដែរ។ ហើយវារឹតតែសំខាន់ទៅទៀតសម្រាប់សហគ្រិន ក្នុងការបន្ត ការអភិវឌ្ឍខ្លួនឯង ពីព្រោះអ្នកដើរតួជាថ្នាក់ដឹកនាំរបស់គេ ហើយថែមទាំងត្រូវមានទំនាក់ទំនង អាជីវកម្មជាមួយបុគ្គលសំខាន់ៗដែលជាម្ចាស់អាវជីវកម្មដទៃទៀតផងដែរ។ អីចឹងហើយ អ្នកត្រូវតែខ្លាំង ត្រូវតែមានសក្តានុពល ត្រូវតែជាបុគ្គលដែលគេគោរពនិងឲ្យតម្លៃ។
  2. ធ្វើអាជីវកម្មណាដែលអ្នកស្រលាញ់
    ការធ្វើអ្វីដែលអ្នកស្រលាញ់ មិនត្រឹមតែធ្វើឲ្យអ្នកមានសេចក្តីសុខប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំង ធ្វើឲ្យអ្នកមានការតស៊ូព្យាយាមខ្ពស់ផងដែរ ដែលនឹងជំរុញអ្នកកាន់តែទទួលបានភាពជោគជ័យថែមទៀត។ បើអ្នកមានសេចក្តីសុខចំពោះអាជីវកម្មដែលអ្នកកំពុងតែធ្វើ ដូចជាក្មេងដែលមានសេចក្តីសុខនឹងការលេងហ្គេម នោះគ្មានអ្វីដែលអាចមករារាំងផ្លូវអ្នក មិនអោយ បន្តការពុះពារព្យាយាមដឹកនាំអាជីវកម្មរបស់អ្នក ឆ្ពោះទៅកាន់គោលដៅដែលបាន កំណត់ទុកនោះទេ។
  3. ហ៊ានប្រថុយ
    អ្វីៗសុទ្ធតែមានហានិភ័យ គ្មានអ្នកណាដឹងថា តើនឹងមានអ្វីកើតឡើងនៅថ្ងៃស្អែកទេ។ ឯការធ្វើអាជីវកម្ម ក៏រិតតែមានហានិភ័យថែមទៀត។ ប៉ុន្តែបើអ្នកមើលឃើញថាឱកាស ដែលអាចទទួលបានភាពជោគជ័យមានច្រើនជាងឱកាសនៃភាពបរាជ័យ នោះអ្នកគួរតែហ៊ានប្រថុយខ្លះហើយ។ អ្នកមិនត្រូវធ្វើអ្វីទាំងប្រថុយប្រថានដោយមិនបានត្រិះរិះពិចារណា ថ្លឹងថ្លែងឲ្យបានច្បាស់លាស់នោះទេ ប៉ុន្តែអ្នកក៏មិនត្រូវរង់ចាំទាល់តែអ្នកមានសង្ឃឹមថាវានឹង ជោគជ័យ១០០%នោះដែរ។ លើលោកនេះគ្មានអ្វីដែលប្រាកដ១០០% នោះទេ។
  4. មានជំនឿលើខ្លួនឯង
    អ្នកគឺជាម្ចាស់អាជីវកម្ម ជាអ្នកដឹកនាំគេ បើសូម្បីតែខ្លួនអ្នកក៏អ្នកមិនជឿជាក់ផង តើនឹងឲ្យអ្នក ដ៏ទៃមានជំនឿលើអ្នកម្តេចបានទៅ។ មិនថាជាជំនឿចិត្តដែលអ្នកទទួលបានមកពីចំណេះដឹង ពីការគាំទ្រពីអ្នកដ៏ទៃ ពីភាពមាំទាំផ្នែកផ្លូវកាយ និង ផ្លូវចិត្ត ឬ ក៏ពីអ្វីក៏ដោយអ្នកត្រូវតែប្រឹងប្រែងកសាងវាឡើងឲ្យបានជាប្រចាំ ពីព្រោះវាគឺជាស្ពានដ៏សំខាន់ដែលតភ្ជាប់ រវាងការគិតរបស់អ្នក ទៅកាន់សកម្មភាពរបស់អ្នក ហើយថែមទាំងធ្វើអោយអ្នកកាន់តែមានឥទ្ធិពលឡើង ថែមទៀត។
  5. ស្វែងរកដៃគូរអាជីវកម្ម
    អ្នកមិនអាចកសាងអាជីវកម្មមួយតែម្នាក់ឯងបានទេ ហើយប្រសិនបើអ្នកចង់ឲ្យអាជីវកម្ម របស់អ្នកទទួលបានភាពជោគជ័យធំធេង អ្នកក៏មិនអាចធ្វើវាដោយគ្មានការសហការពីដៃគូរ អាជីវកម្មផ្សេងៗនោះដែរ។ សូម្បីតែក្រុមហ៊ុនយក្សAppleក៏មានដៃគូរសហការជាច្រើន ខណៈ ដែលSamsungដៃលជាគូប្រកួតប្រជែងដ៏ធំរបស់Appleក៏ជាដៃគូរសហការរបស់Appleដែរ។ អាជីវកម្មដែលទទួលបានភាពជោគជ័យធំធេងតែងតែត្រូវការ ការជួយជ្រោមជ្រែងពីក្រុម ការងារទាំងក្នុងស្ថាប័ន និង ក្រៅស្ថាប័នជានិច្ច។
  6. អត់ធ្មត់
    ការកសាងអាជីវកម្មមួយ ប្រៀបបាននឹងការដាំដើមឈើមួយដើមអីចឹង អ្នកមិនអាចដាំអាជីវកម្មរបស់អ្នក អោយជោគជ័យក្នុងពេលមួយយប់បានទេ។ សូមទុកពេលឲ្យអាជីវកម្មរបស់អ្នកក្នុងការរីកលូតលាស់ ហើយទន្ទឹមនឹងនោះក៏ត្រូវថ្លឹងថ្លែងមើលផងដែរពីលទ្ធភាពរបស់អ្នកក្នុងការទ្រង់អាជីវកម្មមួយនោះ។
  7. រៀនពីកំហុសឆ្គង
    ការចាប់ផ្តើមអាជីវកម្មដំបូងៗ ជៀសមិនផុតពីកំហុសឆ្គងទេ។ អីចឹងហើយកុំបណ្តោយឲ្យកំហុសឆ្គងរបស់អ្នកក្លាយជារឿងដែលគ្មានតម្លៃ។ អ្នកត្រូវតែអង្កេតតាមដាន និង រៀនពី កំហុសឆ្គងរបស់អ្នកជាបន្តបន្ទាប់ ដើម្បីឲ្យអាជីវកម្មរបស់អ្នកបន្តរីកលូតលាស់ឥត ឈប់ឈរ។
  8. ស្គាល់ពីអតិថិជនរបស់អ្នក
    អតិថិជនគឺជាដង្ហើមនៃអាជីវកម្មរបស់អ្នក។ អីចឹងហើយអ្នកត្រូវតែកំណត់ឲ្យច្បាស់ថា តើអតិថិជនរបស់អ្នកគឺជាអ្នកណា នៅទីណា មានច្រើនប៉ុណ្ណា ឬក៏ពួកគេចង់បានបែបណាជាដើម។ បើអ្នកមើលឃើញអតិថិជនរបស់អ្នកកាន់តែច្បាស់ នោះអ្នកក៏នឹងមើលឃើញភាព ជោគជ័យរបស់អ្នកកាន់តែច្បាស់ដូចគ្នាដែរ។
  9. យកចិត្តទុកដាក់លើមតិរិះគន់
    អាជីវកម្មថ្មីថ្មោង ជៀសមិនផុតពីមតិរិះគន់ពីសាធារណៈជននោះទេ ជាពិសេសនោះគឺពីអតិថិជនតែម្តង។ អ្នកត្រូវតែយកចិត្តទុកដាក់លើមតិរិះគន់នេះឲ្យមែនទែន ពីព្រោះវាអាចសម្លាប់អាជីវកម្មថ្មីថ្មោងរបស់អ្នកបាន តែវាក៏ជាគ្រូដ៏អស្ចារ្យម្នាក់ផងដែរ។
  10. ចំណាយដោយប្រុងប្រយ័ត្ន
    ធម្មតាទេអាជីវកម្មថ្មីថ្មោងតែងតែត្រូវការចំណាយច្រើន ប៉ុន្តែអ្នកត្រូវតែចំណាយដោយប្រុង ប្រយ័ត្នជាទីបំផុត។ អ្នកមានបរិមាណដើមទុនដែលមានកំណត់ ហើយអាជីវកម្មថ្មីថ្មោងក៏ច្រើនតែ មិនបានផ្តល់ចំណូលអោយអ្នកធំដុំប៉ុន្មានដែរ។ អីចឹងហើយ បើអ្នកមិនបានប្រុងប្រយត្ន័លើការចំណាយទេ អាជីវកម្មរបស់អ្នកអាចនឹងជួបបញ្ហាកង្វះដើមទុននៅថ្ងៃមុខបាន។
  11. យល់ពីអាជីវកម្មរបស់អ្នក
    អ្នកមិនអាចសម្រេចអ្វីមួយទាំងដែលអ្នកមិនបានយល់ដឹងពីវាទេ។ ការធ្វើអាជីវកម្មមិនមែនជាការលេងល្បែងឡើយ វាទាមទារឲ្យអ្នកត្រូវមានភាពឆ្នៃប្រឌិត មានយុទ្ធសាស្រ្ត មានជំនាញ មានដៃគូសហការ មានក្រុមការងារ មានទិសដៅដែលជាក់លាក់មួយ ហើយបើអ្នកមិនបានយល់ពីអាជីវកម្មរបស់អ្នកទេ កត្តាទាំងអស់នេះក៏មិនអាចនឹងកើតឡើងបានដែរ។ គ្រប់សមិទ្ធផលទាំងឡាយដែលមនុស្សយើងបានកសាងឡើងមក វាតែងតែត្រូវបានកើតឡើង ក្នុងគំនិតរបស់ពួកគេមកជាមុន៕

ដោយ៖ ជា ឧត្តម្ភ

 

 

 

X
5s