សូមឆ្លើយ ៧ សំណួរនេះសិនមុនសម្រេចចិត្តថា «គួរនៅបន្ត ឬផ្តាច់ចំណងមិត្តភាព»​ របស់អ្នកចោល?​



មិត្តភាព គឺជាចំណុចសំខាន់មិនអាចខ្វះបានរបស់មនុស្សម្នាក់ៗ។ ជីវិតរបស់អ្នកបរាជ័យ ឬជោគជ័យកម្រិតណានោះក៏វាអាស្រ័យទៅលើមនុស្សដែលអ្នកប្រាស្រ័យទំនាក់ទំនងជាមួយផងដែរ។ យ៉ាងណាក៏ដោយ គ្មាននរណាម្នាក់អាចធានាបានថា រាល់មិត្តភាពរបស់ខ្លួនទាំងអស់សុទ្ធតែអាចរក្សាបានយូរអង្វែងរហូតដែរ។ នៅក្នុងជីវិតជាក់ស្តែង ខ្លះអាចរាប់អានគ្នាពេញមួយជីវិត ហើយមិត្តភាពខ្លះទៀតក៏បាត់បង់ទៅវិញត្រឹមមួយប៉ព្រិចភ្នែក។

ឥឡូវនេះ ប្រិយមិត្តអាចសាកល្បងយកសំនួរ ៧ ខាងក្រោមនេះទៅពិចារណា ដើម្បីរកមើលហេតុផលថា តើមិត្តភាពរបស់អ្នកអាចរស់បានយូរប៉ុណ្ណា? អ្នកគួរបន្ត ឬគួរបញ្ចប់? 

១.ពួកគេរាប់អានអ្នកដោយហុតទឹកសម្លឹងកាក ឬតាមបែបជិះក្របីរំលងផុក?
មនុស្សមួយចំនួនរាប់អានអ្នកគឺដោយសារតែពួកគេមើលឃើញថា អ្នកមានប្រយោជន៍សម្រាប់ពួកគេ ឬបើអ្នកគ្មានប្រយោជន៍សម្រាប់ពួកគេទេ ពួកគេមិនរាប់អានអ្នកឡើយ។ ពួកគេអាចគិតថា អ្នកងាយស្រួលពឹងពាក់ ជួយឲ្យពួកគេមានមុខមាត់ និងបានប្រយោជន៍នេះប្រយោជន៍នោះជាដើម។ មានមិត្តភក្តិមួយប្រភេទទៀតគឺមិត្តភក្តិដែលរាប់អានអ្នកគ្រាន់ទុកធ្វើជាឈ្នាន់សម្រាប់ពួកគេជាន់ ឬខ្ចីប្រើនៅពេលពួកគេត្រូវការដើម្បីផ្លោះទៅកាន់កន្លែងល្អមួយទៀត។ ពួកគេនឹងទាត់អ្នកចោលនៅពេលអ្នកអស់ប្រយោជន៍សម្រាប់ពួកគេ។ មិត្តភាពបែបនេះ អ្នកផ្តាច់ទំនាក់ទំនងចោលគឺជារឿងល្អបំផុត។  

២.តើអ្នកទាំងពីរមានចេតនាអូសទាញគ្នាមិនឲ្យខ្វាយខ្វល់ដល់សុខភាពដែរឬទេ?
ជាការពិត ពិធីជប់លៀង ការណាត់ជួប ដំណើរកម្សាន្ត និងកម្មវិធីសប្បាយៗជាច្រើនទៀត នឹងកើតមានហូរហែរដែលអ្នកទាំងពីរច្រើនមានវត្តមាននៅជាមួយគ្នាក្នុងនាមជាមិត្តភក្តិជិតស្និត។ ដូច្នេះហើយវាជៀសមិនផុតឡើយការទទួលទានគ្រឿងស្រវឹង និងញាំអាហារផ្សេងៗនៅជាមួយគ្នានេះ។ យ៉ាងណាក៏ដោយអ្វីដែលអ្នកត្រូវកត់សម្គាល់នោះគឺថា តើអ្នក និងមិត្តភក្តិរបស់អ្នកបានយកចិត្តទុកដាក់យ៉ាងណាចំពោះសុខភាព? តើអ្នកជារឿយៗត្រូវបានពួកគេបង្ខំឲ្យផឹកស្រា ជក់បារី ឬសេពគ្រឿងញៀនដែរទេ? តើពួកគេមានដំបូន្មានល្អៗឲ្យអ្នកចេះហាត់ប្រាណ ឬញាំអាហារត្រឹមត្រូវដើម្បីសុខភាពដែរឬទេ? បើចម្លើយអវិជ្ជមាន អ្នកគួរតែពិចារណាដើរមួយចំហានថយក្រោយលើទំនាក់ទំនងបែបនេះ។

៣.តើអ្នកមានភាពស្មោះត្រង់នឹងគ្នាដែរឬទេ?
មិត្តភាពដ៏ល្អមួយត្រូវមានធាតុផ្សំជាច្រើនដូចជា សុខទុក្ខជាមួយគ្នា ការយល់ចិត្តយល់ថ្លើមគ្នា ការចេះជួយគ្នា និងការយកចិត្តទុកដាក់ជាដើម ហើយជាពិសេសនោះគឺភាពស្មោះត្រង់។  ក៏ប៉ុន្តែនៅក្នុងទំនាក់ទំនង បើអ្នកសង្កេតឃើញថា ជារឿយៗពួកគេបោកប្រាស់អ្នក ភូតកុហក់ និងយកលេសនេះយកលេសនោះ ទាំងនេះគួរតែជាមេរៀនដ៏ល្អមួយដែលអ្នកត្រូវប្រាប់ខ្លួនឯងថា មិត្តភាពរបស់អ្នកជាមួយពួកគេនឹងមិនអាចបន្តទៅមុខទៀតបានយ៉ាងរលូននោះឡើយ។

៤.តើមិត្តភាពកើតឡើងដោយសារតែមានអត្តចរិតដូចគ្នា ឬប្រហាក់ប្រហែលគ្នាដែរឬទេ?
នេះអាចជាហេតុផលមួយដែលថា ចំណងមិត្តភាពមួយអាចកើតមានឡើងដោយសារតែអ្នកមានអត្តចរិត ចំណង់ចំណូលចិត្ត បទពិសោធន៍ ប្រវត្តិ ឋានៈ ធនធាន ឬប្រភពដូចគ្នា។ ផ្ទុយទៅវិញបើអ្នកបោះបង់មិត្តភាពដោយសារតែហេតុផលផ្ទុយពីនេះដូចជា មានអត្តចរិតមិនដូចគ្នា ឋានៈគ្រូសារខុសគ្នាជាដើម វាគឺជារឿងខុសមួយ។ បើតាមការសិក្សាឆ្នាំ ២០១២ បានរកឃើញថា នេះមិនមែនជាបញ្ហាដ៏ធំជាឧបសគ្គនៃការបង្កើត ឬបោះបង់មិត្តភាពនោះទេ។ អ្វីដែលសំខាន់គឺស្ថិតនៅត្រង់ថា តើមិត្តភាពរបស់អ្នកបង្កើតឡើងដោយការផ្តល់ទំនុកចិត្ត ការគោរព ស្មោះត្រង់ និងជួយទុក្ខធុរៈគ្នាកម្រិតណា? 

៥. តើអ្នកជាអ្នកផ្តួចផ្តើមធ្វើការងារទាំងអស់ដើម្បីមិត្តភាពរបស់អ្នកដែរឬទេ?
នៅក្នុងទំនាក់ទំនង កិច្ចការចំពោះមុខផ្សេងៗ មិនគួរមានតែភាគីម្ខាងជាអ្នកផ្តួចផ្តើមធ្វើរ៉ាប់រងការងារទាំងអស់ ខណៈដែលភាគីម្ខាងទៀតអង្គុយចាំតែបានផល ធ្វើហីៗរួចតែខ្លួននោះទេ។ មិនថាការណាត់ជួប ការជួយចេញថ្លៃអាហារ និងការរៀបចំគម្រោងនេះគម្រោងនោះជាដើម អ្នកគួរតែធ្វើរួមគ្នា ហើយជួយគ្នាទៅវិញទៅមក។ សូមចាំថា បើអ្នករ៉ាប់រងលើកិច្ចការទាំងអស់តែម្នាក់ឯងដើម្បីធ្វើយ៉ាងណារក្សាទំនាក់ទំនងមិត្តភាពរបស់អ្នកឲ្យបានយូរអង្វែង នោះមានន័យថា អ្នកប្រៀបដូចជាបុគ្គលិករបស់ពួកគេប៉ុណ្ណោះ មិនមែនមិត្តភក្តិរបស់ពួកគេទេ។ 

៦.តើអ្នកយកចិត្តទុកដាក់សុខទុក្ខគ្នាទៅវិញទៅមកដែរឬអត់?
មិត្តភាពដែលល្អយល់ចិត្តថ្លើមគ្នាគឺតែងមានវត្តមានចំពោះមុខគ្នាគ្រប់កាលៈទេសៈទាំងអស់។ ពេលសប្បាយ សប្បាយជាមួយគ្នា ហើយពេលមានទុក្ខក៏មានទុក្ខជាមួយគ្នា។ ទន្ទឹមនឹងនេះការលើកទឹកចិត្ត ការផ្តល់កម្លាំងចិត្ត និងការជួយយកអាសារគ្នាជាដើមនៅពេលមានទុក្ខធុរៈ ឬពេលបរាជ័យ សុទ្ធតែឆ្លុះបញ្ចាំងថា អ្នកនឹងពួកគេសុទ្ធតែបានផ្តល់តម្លៃលើមត្តិភាពមួយនេះ។ ក៏ប៉ុន្តែប្រសិនបើ អ្នកយល់ថា ពួកគេមានវត្តមានតែនៅពេលដែលអ្នកជោគជ័យ ពេលដែលអ្នកមានប្រយោជន៍ដល់ពួកគេ ឬពេលសប្បាយៗ វាគ្រប់គ្រាន់ឲ្យអ្នកដឹងថា ការរក្សាមិត្តភាពយ៉ាងជិតស្និតជាមួយមនុស្សទាំងនោះ គឺគ្មានប្រយោជន៍អ្វីសម្រាប់អ្នកឡើយ។

៧.តើអ្នកនៅតែអាចរក្សាអ្វីជាគុណតម្លៃរបស់អ្នកដែរឬទេក្នុងមិត្តភាពរបស់អ្នក?
វាជារឿងធម្មតាទៅហើយដែលថា ឥរិយាបថរបស់អ្នកនឹងផ្លាស់ប្តូរតាមកាលៈទេសៈ ទីកន្លែង និងនៅចំពោះមុខមនុស្សគ្រប់ប្រភេទ។ នៅពេលទៅធ្វើការ អ្នកត្រូវប្រកាន់ឥរិយាបថផ្សេងបែបអ្នកធ្វើការ។ នៅចំពោះមុខឪពុកម្តាយមិត្តភក្តិ អ្នកត្រូវរៀបឬកពារឲ្យខុសប្លែកនៅចំពោះមុខភក្តិ។ ប៉ុន្តែនៅគ្រប់សកម្មភាពទាំងអស់ក្នុងមិត្តភាពរបស់អ្នក បើពួកគេបង្ខំឲ្យអ្នកធ្វើនេះធ្វើនោះតាមតែពួកគេចង់បាន អ្នកមានអារម្មណ៍ថា អ្នកបាត់បង់អត្តសញ្ញាណដែលជាតម្លៃរបស់អ្នក ឬពួកគេខ្វះការគោរពចំពោះអ្វីដែលជារបស់អ្នក វាអាចជាពេលវេលាដ៏សមគួរដើម្បីព្យាយាមស្វែងរកមើលមិត្តភាពថ្មីហើយ៕

ដោយ៖ ណារិន​
ប្រភព៖ Businessisnider 

 

X
5s