តើត្រូវធ្វើដូចម្ដេចដើម្បីឲ្យអ្នកដទៃមើលមកអ្នកថា អ្នកជាមនុស្សមានវិជ្ជាជីវៈនៅលើបណ្ដាញសង្គម?
នៅពេលបច្ចុប្បន្ននេះ ការប្រើប្រាស់បណ្ដាញសង្គមកំពុងក្លាយជាមធ្យោបាយដ៏ពេញនិយមបំផុតមួយសម្រាប់ទំនាក់ទំនងប្រចាំថ្ងៃ និងសម្រាប់ពង្រីកមុខជំនួញផងដែរ។ ក៏ប៉ុន្តែការប្រើប្រាស់បណ្ដាញសង្គមទាំងនោះមិនដូចគ្នាទេ។ បុគ្គលមួយចំនួនអាចទាញប្រយោជន៍កសាងកេរ្តិ៍ឈ្មោះ រកចំណូល ឬធ្វើជំនួញបានយ៉ាងជោគជ័យពីវា ខណៈអ្នកខ្លះទៀតបានប្រើប្រាស់វាត្រឹមតែជាទំនាក់ទំនងធម្មតា ការកម្សាន្ត ឬបញ្ចេញអារម្មណ៍ផ្សេងៗដែលឥតប្រយោជន៍។
មិនចំពោះថា អ្នកធ្វើការអ្វី ឬ មានមុខតំណែងអ្វី ភាពមានវិជ្ជាជីវៈនៅក្នុងការប្រើប្រាស់បណ្ដាញសង្គម គឺជារឿងមួយដែលត្រូវយកចិត្តទុកដាក់ពីព្រោះកេរ្តិ៍ឈ្មោះរបស់អ្នកល្អជាមនុស្សថ្លៃថ្នូរឬអត់ គឺអ្នកផ្សេងអាចមើលដឹងតាមរយៈមធ្យោបាយទាំងនេះ។ សូមពិនិត្យមើល គន្លឹះមួយចំនួនដែលអ្នកគួរយកចិត្តទុកដាក់ដើម្បីរៀបចំខ្លួនឲ្យក្លាយជាមនុស្សមានវិជ្ជាជីវៈដូចខាងក្រោមនេះ៖
១.កុំផុសត្អូញត្អែរអំពីបច្ចុប្បន្ន ឬអតីតកាលក្រុមហ៊ុនអ្នក
ទោះបីជា Facebook ឬបណ្ដាញសង្គមនានាស្ថិតនៅក្រោមការគ្រប់គ្រងជាឯកជនរបស់អ្នកក៏ពិតមែន ប៉ុន្តែមនុស្សជាច្រើននៅតែអាចមើលដឹងអត្តចរិតរបស់អ្នកថា ជាមនុស្សបែបណាបានប្រសិនបើអ្នកនិយាយ ឬផុសដោយបើកចំហដោយមិនបានគិតពិចារណាជាពិសេសទាក់ទងនឹងការងារ។ នៅពេលអ្នកមិនពេញចិត្តចៅហ្វាយរបស់អ្នក អ្នកបានលាឈប់ពីការងារ ឬមានជម្លោះជាមួយថ្នាក់លើក្នុងស្ថាប័ន ទោះអ្នកត្រូវឬខុស ការបញ្ចេញអារម្មណ៍នៅលើបណ្ដាញសង្គមឆ្លុះបញ្ចាំងថា អ្នកជាមនុស្ស Drama ។ ការផុសរិះគន់និយាយរកខុសត្រូវឲ្យគេដឹងតាមមធ្យោបាយនេះ មិនអាចផ្តល់ដំណោះស្រាយអ្វីបានទេក្រៅពីបង្ហាញភាពគ្មានវិជ្ជាជីវៈរបស់អ្នក។
២.កុំផុសរូបភាពមិនសមរម្យ
ប្រសិនបើអ្នកជាមនុស្សស្រលាញ់កិត្តិយស ឬចង់កសាងកេរ្តិ៍ឈ្មោះតាមរយៈបណ្ដាញសង្គមរបស់អ្នក ការផុសរូបភាពមិនសមរម្យមួយចំនួនដូចជា ភាពស៊ិចស៊ីហួសហេតុ កាន់ដបស្រារាំរែក ជប់លៀងស្រែកច្រៀងជាដើម មិនមែនជាជម្រើសល្អសម្រាប់អ្នកឡើយ។ ជាមនុស្សមានវិជ្ជាជីវៈ អ្នកត្រូវប្រុងប្រយ័ត្នរឿងនេះឲ្យបានខ្ពស់ ពោលគឺត្រូវពិនិត្យជាច្រើនដងមុននឹងផុសអ្វីមួយ។ អ្នកអាចត្រឹមផុសរូបភាពទាក់ទងនឹងការរៀនសូត្រ ការងារ និងសកម្មភាពឯកជនល្អៗ ហើយបើមិនចាំបាច់ទេ អ្នកកុំផុសក៏ជារឿងល្អមួយផងដែរ។
៣.កុំបញ្ចេញទស្សនៈដែលចម្រូងចម្រាសខ្លាំងនៅលើបណ្ដាញសង្គម
នយោបាយ សេដ្ឋកិច្ច ឬបញ្ហាសង្គមដែលក្តៅគគុក វាជាប្រធានបទមួយទៀតដែលអ្នកត្រូវយកចិត្តទុកដាក់ខ្លាំងមែនទែននៅពេលអ្នកប្រើបណ្ដាញសង្គមជាពិសេសនៅពេលដែលអ្នកធ្វើជាអ្នកដឹកនាំគេនៅក្នុងស្ថាប័នរបស់អ្នក។ នៅពេលដែលអ្នកបញ្ចេញយោបល់លើប្រធានបទដែលសាធារណជនចម្រូងចម្រាសខ្លាំង វាអាចឆ្លុះបញ្ចាំងពីកម្រិតវប្បធម៌អប់រំ និងសមត្ថភាពរបស់អ្នកថា ជាមនុស្សមានចំណេះដឹងកម្រិតណា។ ប្រសិនបើអ្នកសកម្មក្នុងចំណុចនេះ មិនយូរមិនឆាប់ ភាពដឹកនាំ ឬវិជ្ជាជីវៈរបស់អ្នកនឹងត្រូវទទួលរងផលប៉ះពាល់ជាមិនខាន។ សូមចាំថា Friend របស់អ្នកមិនមែនសុទ្ធតែជាអ្នកគាំទ្រអ្នកនោះទេ។
៤.ដាក់រូបភាពថតជាលក្ខណៈការងារនៅលើ Profile និង Cover Photo
ប្រសិនបើអ្នកមិនមានរូបថតល្អៗថតដោយអ្នកជំនាញថតរូបដូចជា អាវធំ ជាដើម រូបភាពឈរញញឹមប្រកបដោយភាពស្រស់ថ្លា ស្លៀកសំលៀកបំពាក់សាមញ្ញ និងសមរម្យបែបអ្នកធ្វើការនៅលើ Profile និង Cover Photoគឺជារឿងល្អបំផុតហើយសម្រាប់អ្នក។ ជាងនេះទៅទៀត អ្នកមិនគួរផ្លាស់ប្តូរញឹកញាប់ដូចផ្លាស់ខោអាវនោះទេ។ អ្នកអាចទុកវាឲ្យបានយូរ ដើម្បីធ្វើឲ្យអ្នកដទៃងាយចំណាំ ចងចាំបានយូរ និងពង្រីកកេរ្តិ៍ឈ្មោះរបស់អ្នក។ ទោះជាអ្នកមានតួនាទីអ្វីក៏ដោយ ការប្រើប្រាស់រូបភាពបែបនេះបង្ហាញថា អ្នកជាមនុស្សថ្លៃថ្នូរ និងមានវិជ្ជាជីវៈ ព្រមទាំងមានចំណេះដឹងទូលំទូលាយលើការប្រើប្រាស់បណ្ដាញសង្គមឲ្យមានប្រយោជន៍ជាពិសេសសម្រាប់ធ្វើអាជីវកម្ម៕
ចុះប្រិយមិត្តវិញ មានអ្វីត្រូវបន្ថែមទៀតឬអត់?
ដោយ៖ Kevin
ប្រភព៖ inspiringinterns