៣ ចំណុច បង្ហាញថាភាពវៃឆ្លាតផ្នែកអារម្មណ៍ (EQ) ជម្រុញភាពរីកចម្រើនអាជីវកម្មរបស់អ្នក​



ការធ្វើអាជីវកម្មជៀសមិនផុតពីឧបសគ្គ ឬការបដិសេធពីអតិថិជន ឬបញ្ហាអ្វីជាច្រើនផ្សេងទៀត។ នោពេលដែលមានបញ្ហាណាមួយកើតមានឡើង ជាពិសេសការដែលត្រូវរងពាក្យបដិសេធពីអតិថិជន វាពិតជាប៉ះពាល់ដល់អារម្មណ៍អ្នកខ្លាំងបំផុត។ 

ការសិក្សាស្រាវជ្រាវបានរកឃើញថា សមត្ថភាពនៃការគ្រប់គ្រងអារម្មណ៍ ឬភាពវៃឆ្លាតក្នុងការគ្រប់គ្រងអារម្មណ៍ (EI or EQ) ជាគន្លឹះសំខាន់ដើម្បីទទួលបានជោគជ័យលើការប្រកបអាជីវកម្ម ហើយវាអាចជម្រុញការលក់បានច្រើន។ វាហាក់មិនចម្លែកពេកនោះទេ ព្រោះការដែលមនុស្សម្នាក់អាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនបានមានន័យថា គេអាចគ្រប់គ្រងការប្រើពាក្យសម្ដីឆ្លើយតបទៅកាន់អ្នកដទៃ ឬធ្វើការឆ្លើយតបទៅនឹងបញ្ហាបានល្អដូចគ្នា។ នៅពេលដែលគេអាចគ្រប់គ្រងអារម្មណ៍ ឬកំហឹងបាន គេក៏អាចនឹងមានការគិតពិចារណាបានច្រើន មិនឆេវឆាវខ្លាំងពេក និងភាគរយនៃការធ្វើការសម្រេចចិត្តបានត្រឹមច្រើនជាងការដែលមិនបានគ្រប់គ្រងអារម្មណ៍នោះដែរ។

១) អ្នកអាចធ្វើការកត់សម្គាល់ពីអារម្មណ៍របស់អ្នក និងផលប៉ះពាល់នៃទៅដល់ការងារអាជីវកម្មរបស់អ្នក

កម្រិតនៃការស្គាល់ខ្លួនឯងរបស់អ្នក គឺសំខាន់ណាស់ក្នុងការកំណត់ទៅលើទស្សនៈវិស័យ ឬគោលដៅដែលអ្នកចង់ដើរទៅ។ ត្រង់ចំណុចនេះ អ្នកក៏អាចធ្វើការកត់សម្គាល់បានដែរថា អារម្មណ៍របស់អ្នក ទម្លាប់នៃការឆ្លើយតបជាមួយបញ្ហារបស់អ្នក វាជះឥទ្ធិពលដល់ការសម្រេចបានគោលដៅរបស់អ្នក។ នៅពេលដែលអ្នកអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនឆេវឆាវមានន័យថា អ្នកកំពុងធ្វើឲ្យលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងនោះទទួលបានផលវិជ្ជមានច្រើន ពិសេសលើការចរចាជាមួយអតិថិជន។ 

ស្ថិតក្នុងដំណាក់កាលនៃភាពតាមតឹងផ្នែកអារម្មណ៍ណាមួយដែលកើតមានឡើង កុំបង្ខំខ្លួនឯងឲ្យធ្វើការឆ្លើយជាមួយអ្នកដទៃក្នុងស្ថានភាពបែបនេះអី តែអ្នកត្រូវព្យាយាមធ្វើយ៉ាងណាឲ្យកំដៅដែលមាននៅក្នុងចិត្តចុះត្រជាក់ ឬបន្ធូរសម្ពាធក្នុងចិត្តឲ្យបាននៅអប្បរមា។  

២) អ្នកអាចកាត់បន្ថយអារម្មណ៍អវិជ្ជមានសម្រាប់ខ្លួនឯង

មិនមែនគ្រប់គ្នាសុទ្ធតែអាចធ្វើឲ្យអារម្មណ៍របស់ខ្លួនរីករាយ ឬស្រស់ស្រយគ្រប់ពេលទេ ជាពិសេសចំណោះសហគ្រិន ឬអ្នករកស៊ីកាន់តែមិនសូវមានពេលទំនេរនិងពេលវេលាសម្រាប់សប្បាយរីករាយ ព្រោះពួកគេត្រូវចំណាយខួរក្បាលគិតលើដំណើរការអាជីវកម្ម គិតពីយុទធសាស្រ្តសម្រាប់ដើរទៅមុខបន្តឲ្យបានកាន់តែវែងឆ្ងាយ។ ពេលវេលាដ៏សែនឈឺក្បាល និងមួម៉ៅតែងកើតមានជានិច្ច តែអ្វីដែលសហគ្រិនត្រូវធ្វើគឺព្យាយាមកាត់បន្ថយអារម្មណ៍មិនល្អចេញឲ្យបានកម្រិតអតិបរមា ព្រោះនៅពេលដែលដកអារម្មណ៍អវិជ្ជមានចេញ ដាក់បន្ថែមនូវភាពវិជ្ជមានចូលវាបាននាំមកនូវកម្លាំងបន្ថែមកក្នុងការគិតលើយុទ្ធសាស្រ្ត ឬទំនាក់ទំនងជាមួយអតិថិជន និងមនុស្សជុំវិញខ្លួនបានល្អជាងមុន។ 

ចំពោះអ្នកដែលមានភាពវៃឆ្លាតក្នុងការគ្រប់គ្រងអារម្មណ៍ គឺជាមនុស្សដែលមិនអនុញ្ញាតឲ្យអារម្មណ៍ឆេវឆាវ មួម៉ៅគ្រប់គ្រងលើសតិរបស់គេបានយូរនោះទេ ហើយគេព្យាយាមបង្វែរវាមកជាស្ថានភាពល្អប្រសើរមួយវិញដើម្បីយកពេលគិតពីអាជីវកម្ម។ លើសពីនេះ កិច្ចការដ៏សំខាន់មួយទៀតដែលគេតែងធ្វើគឺ បង្កើតទម្លាប់ល្អនាពេលព្រឹកជាប្រចាំជាមួយនឹងភាពវិជ្ជមានបំផុត និងមិនភ្លេចបង្កើតទម្លាប់នៃការលើកទឹកចិត្តមួយទៀតសម្រាប់ខ្លួនឯងគឺ ផ្តល់ជាកាដូលើកទឹកចិត្តតាមរយៈការទិញរបស់ ឬអនុញ្ញាតឲ្យខ្លួនបានសម្រាកខ្លះបន្ទាប់ពីសម្រេចគោលដៅលក់ ឬពេលអាជីវកម្មបានទៅដល់គោលដៅដែលបានកំណត់ទុក។ 

៣) អ្នកអាចស្វែងយល់ពីអ្វីដែលមាននៅជុំវិញខ្លួនបានច្បាស់

ការដែលមិនប្រើអារម្មណ៍ដើម្បីប្រតិកម្ម ឬឆ្លើយតបភ្លាមៗពេលជួបបញ្ហាចំពោះមុខមានន័យថា អ្នកអាចប្រើពេលវេលាសិក្សាពីអ្វីៗនៅជុំវិញខ្លួនបានជាក់លាក់ ក្តាប់ព័ត៌មានបានច្បាស់មុនប្រតិកម្មតប។ អ្នកនឹងមិនខ្វល់ថាអ្នកដទៃមើលមកអ្នកថាយ៉ាងដូចម្តេច តែអ្នកដឹងខ្លួនឯងច្បាស់ថាអ្នកចង់សិក្សាពីបរិយាកាស និងមជ្ឈដ្ឋនជុំវិញខ្លួនច្បាស់កម្រិតណា មានតែអ្នកប៉ុណ្ណោះដែលដឹងថា អ្នកចង់បានព័ត៌មានអ្វីខ្លះពីគូប្រកួតប្រជែង ហើយអ្នកចង់ឲ្យគោលដៅអាជីវកម្មអ្នកដើរទៅដល់ដោយវិធីណា។ អ្នកដឹងច្បាស់ថា មិនជាយូរពេកទេដែលត្រូវចំណាយពេលសិក្សាពីវា ព្រោះអ្នកដឹងថាពេលអ្នកដឹងអ្វីៗទាំងអស់អ្នកច្បាស់ងាយស្រួលក្នុងការធ្វើឲ្យអាជីវកម្មរបស់អ្នករីកចម្រើន អាចលក់បានកាន់តែច្រើន និងអាចយកឈ្នះគូប្រកួតបាន៕

 

X
5s