មេរៀន ៦ ចំណុចដែលអ្នកគួររៀនសូត្រពីមុខជំនួញរបស់អ្នក
នៅពេលអ្នកមានជំនួញក្នុងដៃ តើអ្នកយល់ថា អ្នកបានរៀនសូត្រអ្វីខ្លះពីវា? ទោះបីជាបរាជ័យឬអត់ ចម្លើយរបស់អ្នកច្បាស់ណាស់គឺបទពិសោធន៍ជាច្រើនដែលអ្នកមិនធ្លាប់ជួប។ នេះមានន័យថា ប្រសិនបើអ្នកមិនបានសាកល្បងធ្វើជំនួញរកស៊ី ទេ អ្នកនឹងមិនដឹងថា វាប្រតិបត្តិការឡើងដូចម្ដេចខ្លះនោះទេ។ សាកគិតបន្តិចទៅមើល៍ តើអ្នកមានមេរៀនផ្សេងៗទៀតក្រៅពីនេះដែរឬទេ?
នៅខាងក្រោមនេះ ប្រិយមិត្តជាពិសេសសម្រាប់អ្នកដែលមានជំនួញក្នុងដៃស្រាប់ គួររៀនសូត្រមេរៀន ៦ ចំណុចនេះ៖
១.ដឹងថា ពេលណានិយាយបដិសេធន៍ចំពោះកិច្ចព្រមព្រៀងផ្សេងក្នុងជំនួញ
នៅពេលធ្វើជំនួញ អ្នកនឹងបង្កើតកិច្ចព្រមព្រៀងជាច្រើន។ នៅក្នុងកិច្ចព្រមព្រៀងទាំងនោះ អ្នកមិនគួរភ័យខ្លាចនឹងការសម្រេចចិត្តបដិសេធន៍កិច្ចព្រមព្រៀងមួយចំនួនដែលអ្នកមិនពេញចិត្តនោះឡើយ។ ប្រសិនបើនៅក្នុងការចរចាក្នុងមុខជំនួញមួយធ្វើឲ្យអ្នកយល់ថា អ្នកខាតបង់ ចាញ់ប្រៀប ឬយល់ថា អ្នកនឹងមានកិច្ចព្រមព្រៀងល្អជាងនេះជាមួយអ្នកផ្សេងទៀត វាមិនខុសទេដែលអ្នកហ៊ាននិយាយបដិសេធន៍ទៅកាន់ពួកគេនោះ។
២.បង្កើតឲ្យមានវប្បធម៌ភាពជឿជាក់ និងទំនុកចិត្តនៅក្នុងក្រុមហ៊ុន
ភាពជឿជាក់ និងទំនុកចិត្តនៅក្នុងក្រុមហ៊ុនគឺជារឿងសំខាន់ណាស់។ អ្នកមិនអាចគ្រប់គ្រងអាជីវកម្មមួយដោយរលូនដោយគ្មានការផ្តល់ភាពជឿជាក់ទៅលើកូនចៅរបស់អ្នក អតិថិជន ឬដៃគូជំនួញណាម្នាក់នោះឡើយ។ សម្រាប់បុគ្គលិករបស់អ្នក អ្នកត្រូវផ្តល់ឱកាសឲ្យពួកគេម្នាក់ៗបង្ហាញសមត្ថភាព និងបង្ហាញស្នាដៃរបស់ពួកគេ។ អ្នកត្រូវផ្តល់ទំនុកចិត្តផ្ទេរភារកិច្ចការងារឲ្យពួកគេធ្វើឲ្យអស់ពីសមត្ថភាព បើកចំហឲ្យមានការការបញ្ចេញមតិ បំផុសគំនិតថ្មីៗ និងលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងរបស់ពួកគេ។
៣.កុំរង់ចាំនរណាម្នាក់មកសម្រេចចិត្តដ៏ត្រឹមត្រូវមួយជំនួសអ្នក
មិនថានៅក្នុងមុខជំនួញ ឬជីវិតជាក់ស្ដែងក្តី រឿងល្អៗនឹងមិនងាយធ្លាក់ទៅលើនរណាម្នាក់ដែលដេករង់ចាំនោះឡើយ។ ក្នុងករណីដែលអ្នកយល់ថា ជំនួញរបស់អ្នកត្រូវបានរេរាំងជួបឧបសគ្គផ្សេងៗ សូមកុំរង់ចាំនរណាម្នាក់មកសម្រេចចិត្តឲ្យអ្នក ឬឱកាសល្អចូលមកដល់ ពីព្រោះរឿងនេះវាមិនងាយកើតឡើងនោះឡើយ។ អ្នកគួររិះរកវិធីដែលអាចឆ្លើយតបទៅនឹងបញ្ហាទាំងនោះពីព្រោះមានតែអ្នកប៉ុណ្ណោះដែលមានទំនួលខុសត្រូវខ្ពស់ជាងគេ ហើយជាអ្នកដែលសម្រេចលើជោគវាសនាក្រុមហ៊ុនរបស់អ្នកទាំងមូលផងដែរ។
៤.បង្កើតការសន្ទនាដោយគ្មានការគ្រោងទុកជាមួយបុគ្គលិក
ខណៈដែលថ្នាក់ដឹកនាំធំៗមើលរំលងចំណុចនេះ ពោលការផ្ដោតលើការសន្ទនាដែលបានរៀបចំជាមុន ការបង្កើតការសន្ទនាសាមញ្ញៗ និងមិនបានគ្រោងទុកជាមួយបុគ្គលិក វាអាចជួយបង្កើនភាពស្និទ្ធស្នាលជាមួយពួកគេ។ នេះជំរុញឲ្យពួកគេមានភាពភ្ញាក់ផ្អើល អាចធ្វើឲ្យអ្នកស្គាល់ពួកគេកាន់តែច្បាស់ ស្វែងយល់ពីអ្វីដែលជំរុញឲ្យពួកគេព្យាយាមបំពេញការងារប្រកបដោយគុណភាព និងចាប់អារម្មណ៍បំផុត។ សូមចាំថា ការសន្ទនាក្នុងរយៈពេលខ្លីមួយជាមួយបុគ្គលិក ក៏អាចជួយកសាងទំនាក់ទំនងរបស់អ្នកឲ្យកាន់តែល្អប្រសើរបានដែរ។
៥.នៅក្នុងការចរចា អ្នកត្រូវដឹងពីបន្ទាត់ក្រហមរបស់អ្នក
ជាធម្មជាតិ ប្រសិនបើអ្នកវិនិយោគទៅលើអ្វីដែលអ្នកស្រលាញ់បំផុត អ្នកនឹងលះបង់អ្វីៗដើម្បីវាកាន់តែច្រើន ហើយអ្នកនឹងកាន់តែលំបាកដើម្បីកំណត់ព្រំដែនរបស់អ្នក។ នៅក្នុងការចរចាក៏ដូចគ្នាដែរ ប្រសិនបើអ្នកមិនកំណត់ព្រំដែនរបស់អ្នកឲ្យបានមុនទេ អ្នកនឹងខកចិត្តនូវការសម្រេចចិត្តរបស់អ្នកនៅក្នុងការចរចាទាំងនោះ។ អ្នកត្រូវដឹងថា អ្វីដែលអ្នកគួរធ្វើ និងមិនគួរធ្វើនៅក្នុងការចរចានោះ។ នៅពេលអ្នកកំណត់ព្រំដែនរបស់អ្នកបាន ទោះអ្នកដើរចេញពីការចរចានោះ ក៏អ្នកដើរចេញដោយភាពញញឹមដែរ។
៦.នៅក្នុងកាលៈទេសៈមិនអំណោយផល អ្នកត្រូវចេះបត់បែន
មនុស្សភាគច្រើនបានចុះចាញ់នៅពេលជួបឧបសគ្គ ឬស្ថានភាពមិនអំណោយផល។ ក៏ប៉ុន្តែអ្នកត្រូវដឹងថា វាជាពេលវេលាដ៏ល្អមួយសម្រាប់ផ្តល់ឱកាសឲ្យអ្នករៀនសូត្រផងដែរ។ នៅពេលដែលអ្នកយល់ថា ជំនួញរបស់អ្នកកំពុងមានបញ្ហា អ្នកមិនគួរបញ្ចប់ជីវិតវាត្រឹមហ្នឹងនោះឡើយ។ អ្នកត្រូវចេះបត់បែនជាងនេះ ហើយព្យាយាមរកវិធីផ្សេងៗដូចជា ធ្វើការរួមគ្នាជាមួយក្រុមការងារដើម្បីស្វែងរកចំណុចចន្លោះប្រហោងដែលក្រុមហ៊ុនកំពុងប្រឈមមុខ។ លើសពីនេះទៅទៀត កាលៈទេសៈនេះវាក៏អាចបង្កើតឱកាសសម្រាប់នរណាម្នាក់ដើម្បីព្យាយាម និងធ្វើឲ្យអាជីវកម្មរបស់អ្នកមានសក្ដានុពល៕
ដោយ៖ Kevin
ប្រភព៖ Entrepreneur