តើ​អ្នក​ចាត់​ទុក​ថា ការ​​រកលុយ​គួរតែ​ជា​គោលដៅ​ចុងក្រោយ​របស់​អ្នក​ដែរ​ឬទេ?​



“លុយ​មិន​អាច​ទិញ​សុភមង្គល​បាន​ទេ” នេះ​គឺ​ជា​ពាក្យ​មួយ​ឃ្លា​ដែល​អ្នក​ប្រហែល​ធ្លាប់​ស្ដាប់ឮ​ចេញ​ពី​មនុស្ស​ជា​ច្រើន​នៅ​ពេល​កន្លងមក​ជា​ពិសេស​ពី​បុគ្គល​ជោគជ័យ​ដើម្បី​លើកទឹកចិត្ត​មនុស្ស​ទូទៅ​កុំ​ឲ្យ​តម្លៃ​លើ​តែ​ទឹកលុយ​តែ​មួយ​មុខ​។ ក៏ប៉ុន្តែ​តើ​អ្នក​ប្រាកដ​ទេ​ ឬ​​មាន​មនុស្ស​គ្រប់គ្នា​យល់​ថា​ ពាក្យ​មួយ​ឃ្លា​នេះ​ពិត​ជា​ត្រឹមត្រូវ​នោះ? មនុស្ស​ភាគច្រើន​នឹង​និយាយ​ថា "ទេ”។ វា​មិន​ពិបាក​យល់​ទេ ពីព្រោះ​នរណា​ក៏​ដឹង​ដែរ​ថា រាល់​ថ្ងៃ​នេះ​ មនុស្ស​ម្នាក់ៗ​សុទ្ធតែ​មាន​ក្តី​សុបិន្ត​​ត្រូវការ​លុយ​​កាន់តែ​ច្រើន​កាន់តែ​ល្អ ​ដើម្បី​​យក​មក​បំពេញ​តម្រូវការ​របស់​ខ្លួន​។ 

ទោះបី​ជា​យ៉ាងណា​ក៏ដោយ អត្ថបទ​នេះ​មិន​ជំរុញ​ឲ្យ​អ្នក​​ហ៊ាន​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​តែ​លុយ​តែ​មួយ​​មុខ​ប៉ុណ្ណោះ​ទេ។ អ្នក​មិន​គួរ​ជ្រើសរើស​យក​វិធី​រក​លុយ​ជា​គោលដៅ​ចុងក្រោយ​របស់​អ្នក​ឡើយ។ សូម​គិត​បន្តិច ហើយ​​ស្គាល់​ខ្លួនឯង​ឲ្យ​បាន​ច្បាស់​ថា ក្នុង​មួយ​ជីវិត​របស់​អ្នក​នេះ មាន​គោលដៅ​ច្រើន​ណាស់​ដែល​អ្នក​ចង់​សម្រេច​ឲ្យ​បាន។ 

១.កុំ​គិត​ថា ការ​រក​លុយ​​គឺ​ជា​មធ្យោបាយ​តែមួយគត់​សម្រាប់​អ្វីៗ​គ្រប់យ៉ាង​
អ្នក​អាច​ក្រឡេក​ទៅ​មើល​អ្នកមាន​ដែល​មាន​លុយ​រាប់​មិន​អស់ ពួកគេ​មិន​ផ្តោត​តែ​​​លុយ​នោះ​ទេ។ តម្លៃ​ពិតប្រាកដ​របស់​​លុយ​គឺ​ថា តើ​​​ពួកគេ​​អាច​យក​វា​ទៅ​ធ្វើ​អ្វី​បាន​ខ្លះ? នេះ​ហើយ​ជា​មូលហេតុ​ដែល​​ការ​រក​លុយ​មិនមែន​ជា​គោលដៅ​ចុងក្រោយ​របស់​មនុស្ស​ម្នាក់ៗ​ឡើយ។ អ្នក​​ត្រូវការ​លុយ​ដើម្បី​​ឲ្យ​វា​ជួយ​អ្នក​អាច​សម្រេច​គោលដៅ​ជា​ច្រើន​របស់​អ្នក​ឲ្យ​ក្លាយ​ជា​ការពិត​បាន​ទោះបី​ជា​គោលដៅ​របស់​អ្នក​ជា​អ្វី​ក៏ដោយ ​ដូច​ជា ការ​ទិញ​សម្ភារៈ​ប្រើប្រាស់​ទំនើបៗ ចំណេះដឹង បទពិសោធន៍​ ការ​ធ្វើ​ដំណើរ​ជាដើម​ដែល​លុយ​​ជា​​កាតាលីករ​ចាំបាច់​​ដើម្បី​ធ្វើ​ឲ្យ​អ្វីៗ​​ដែល​អ្នក​ស្រមៃ​ចង់​បាន​ទាំង​នេះ​កើត​មាន​ឡើង​ពិតមែន។

នៅ​ពេល​នរណា​ម្នាក់​ជ្រើសរើស​​ការ​រក​​លុយ​គឺ​ជា​មធ្យោបាយ​ចុងក្រោយ​បង្អស់​ជាជាង​បង្កើត​គោលដៅ​ចុងក្រោយ​របស់​ខ្លួន នេះ​គឺ​ជា​គំនិត​ខុសស្រឡះ​មួយ​។ មនុស្ស​ម្នាក់ៗ​មិន​ត្រូវ​ផ្តោត​លើ​ការ​រក​លុយ​តែ​មួយ​នោះ​ឡើយ អ្នក​គួរ​ប្រើ​វា​ដើម្បី​ធ្វើ​ជា​មធ្យោបាយ​ឲ្យ​ជីវិត​របស់​អ្នក និង​អ្នកដទៃ​កាន់តែ​ប្រសើរ​ឡើង ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​កាន់តែ​រីករាយ និង​​អាច​បំពេញ​តម្រូវការ​របស់​អ្នក​បាន។ សម្រាប់​មនុស្ស​ភាគច្រើន នៅ​ពេល​អ្នក​ចង់​បាន​លុយ​កាន់តែ​​ច្រើន អ្នក​ក៏​ត្រូវ​លះបង់​ និង​​ខិតខំ​ប្រឹងប្រែង​ឲ្យ​បាន​កាន់តែ​ខ្លាំង​ផង​ដែរ។ ប៉ុន្តែ​ការ​ធ្វើ​ដូច្នេះ​ដោយ​មាន​គោលដៅ​​ជាក់លាក់​មួយ​ទុក​នៅ​ក្នុង​ចិត្ត​នឹង​​ជួយ​ឲ្យ​អ្នក​អាច​​សម្រេច​គោលដៅ​របស់​អ្នក​បាន​កាន់តែ​ច្រើន។

២.ជីវិត​របស់​អ្នក​ខ្លី​ណាស់
នេះ​ជា​រឿង​ពិត ពីព្រោះ​មនុស្ស​ម្នាក់ៗ​មិន​ងាយ​រស់​បាន ១០០​ឆ្នាំ​ឡើយ។ ហេតុដូច្នេះ​ហើយ​តើ​អ្នក​គួរ​សុខចិត្ត​ចំណាយ​ពេល​របស់​អ្នក​​ទៅ​គិត​រឿង​​រកលុយ​តែមួយ​មុខ​ពេញ​មួយ​ជីវិត​របស់​អ្នក​ឬ​យ៉ាងណា? តើ​អ្នក​មិន​ចំណាយ​ពេល​ខ្លះ​ទៅ​ខ្វល់ខ្វាយ​​រឿង​ផ្សេង​ទៀត​ដូច​ជា មនុស្ស​ដែល​អ្នក​ស្រលាញ់? ​មិត្តភាព ឬ​អ្វី​ផ្សេង​ទៀត​​?

ការពិត​វា​​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​មាន​គោលដៅ​ក្នុង​ជីវិត និង​ផែនការ​សម្រាប់​អនាគត​ដែល​ទាក់ទង​នឹង​ហិរញ្ញវត្ថុ ឬ​អ្វី​ផ្សេងទៀត។ ប៉ុន្តែ​វា​មិន​អាច​រារាំង​​អ្នក​មិន​ឲ្យ​ព្រងើយ​កន្តើយ​នឹង​ការ​រស់នៅ​នឹង​​បច្ចុប្បន្ន​ភាព​របស់​អ្នក​នៅ​ពេល​នេះ​បាន​ទេ។ មិនមែន​​​សុទ្ធតែ​រាល់​ក្តី​សុបិន  និង​គោលដៅ​ទាំងអស់​​​ដែល​អ្នក​កំណត់​ឡើង​នៅ​ក្នុង​​អនាគត​វែងឆ្ងាយ​មួយ​​អាច​​​ធ្វើ​ឲ្យ​អ្នក​ជោគជ័យ​នៅ​ពេល​អ្នក​ក្លាយ​ជា​អ្នក​មាន នៅ​ពេល​អ្នក​ក្លាយ​ជា​ប្រធាន​ក្រុមហ៊ុន ឬ​នៅ​ពេល​អ្នក​ចូលនិវត្តន៍​នោះ​ទេ។ ​ ការ​កំណត់​គោលដៅ​ផ្តោត​លើ​​​អ្វី​មួយ​ដោយ​អ្នក​កំពុង​ធ្វើ​វា​យ៉ាង​​ពេញចិត្ត​នៅ​ពេល​បច្ចុប្បន្ន​ស្របតាម​គន្លង​ផ្លូវ​ដ៏​ត្រឹមត្រូវ​មួយ​ដូច​អ្វី​ដែល​អ្នក​ចង់​ទៅ​នៅ​ពេល​​អនាគត​ វា​មិន​អាច​ទាញ​អ្នក​ឲ្យ​​ដើរ​ខុស​ពី​អ្វី​ដែល​អ្នក​ចង់​បាន​ឡើយ។

ហេតុផល​​ស្រដៀងគ្នា​នេះ​គឺ​ថា ការ​គិតតែ​ពី​​​អោបក្រសោប​រក​លុយ​ទុក​​មិន​ព្រម​ចាយវាយ ក៏​មិន​​អាច​ធ្វើ​ឲ្យ​អ្នក​រីករាយ​ក្នុង​ជីវិត​របស់​អ្នក​​បាន​ដែរ​។  អ្នក​គួរ​តែ​ដឹង​ច្បាស់​អំពី​សុខភាព​ហិរញ្ញវត្ថុ​របស់​អ្នក  និង​មាន​លុយ​បម្រុង​​ទុក​ជា​ច្រើន​សម្រាប់​សន្សំ​​នៅ​ពេល​អនាគត ប៉ុន្តែ​​អ្នក​ត្រូវ​ចេះ​ទាញ​ប្រយោជន៍​ពី​វា​ទាន់​ពេល​ដែល​អ្នក​កំពុង​រក​វា​បាន​នៅ​ឡើយ​។ ទោះបីជា​អ្នក​សន្សំប្រាក់​​ទុក​សម្រាប់​ការ​ចំណាយ​បាន​យ៉ាង​ច្រើន​នៅ​ពេល​ចាស់​ទៅ ឬ​ទិញ​ផ្ទះ​ថ្មី​ធំ​ស្កឹមស្កៃ​ក៏ដោយ អ្នក​មិន​គួរ​ខ្លាច​​ចំណាយ​វា​លើ​អ្វី​ៗ​ដែល​អ្នក​ចង់​បាន និង​បទពិសោធន៍​​ដែល​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​រីករាយ​ទាំង​សម្រាប់​ពេល​នេះ និង​ពេល​អនាគត​ខាងមុខ​នោះ​ដែរ​។

៣.សូម​​យកចិត្ត​ទុកដាក់​នឹង​សម្ពាធ​​ការងារ​​
សម្ពាធ​ការងារ វា​សំដៅ​ទៅ​លើ​ស្ថាន​ភាព​មួយ​ដែល​​​ធ្វើ​ឲ្យ​រាងកាយ ផ្លូវចិត្ត ឬ​អារម្មណ៍​របស់​អ្នក​អស់កម្លាំង ​​ដែល​បណ្ដាល​មក​ពី​ភាព​តានតឹង​​​កើត​ចេញ​ពី​សម្ពាធ​ការងារ។ វា​​កំពុង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ជំងឺ​ដ៏​ពេញ​និយម​មួយ​​ដែល​បំផ្លាញ​សេចក្ដី​សុខ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ជីវិត​របស់​អ្នក​ធ្វើ​ការ។ ​ភាព​តានតឹង ឬ​សម្ពាធ​មួយ​នេះ​អាច​បណ្ដាល​មក​ពី​​មាន​ការ​ផ្ដោត​អារម្មណ៍​ខ្លាំង​ពេក​ទៅ​លើ​ការ​រក​ប្រាក់ចំណូល ធ្វើ​ឲ្យ​អ្នក​ភ្លេច​គិត​ដល់​សុខភាព និង​​សុភមង្គល​ក្នុង​ជីវិត​របស់​អ្នក ទីបំផុត​អ្នក​មិន​ដឹង​ថា ត្រូវ​យក​លុយ​មក​ធ្វើ​អ្វី​។  

នេះ​ហើយ​ជា​មូលហេតុ​ដែល​ការ​ដាក់​គោលដៅ​ផ្សេងៗ​នៅ​ក្នុង​ជីវិត​របស់​អ្នក​ដែល​មិន​ជាប់​ពាក់ព័ន្ធ​តែ​រឿង​រកលុយ​មួយ​មុខ អាច​ធ្វើ​ឲ្យ​អ្នក​អាច​ដកឃ្លា និង​មាន​ពេលវេលា​​ខ្លះ​ទៅ​គិត​រឿង​ផ្សេង​ទៀត​ដែល​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​រីករាយ។ យក​ពេល​ធ្វើ​ការងារ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​សម្ពាធ​​តានតឹង​ផ្លូវចិត្ត​តិច។ ផ្ដោត​លើ​គ្រួសារ ទំនាក់ទំនង ​និង​សុភមង្គល​ជាដើម​ នឹង​អាច​ជួយ​បន្ធូរបន្ថយ​ភាព​តានតឹង​ផ្លូវចិត្ត​ដែល​អ្នក​បាន​ជួប​នៅ​កន្លែង​ការងារ។ 

​​សូម​ចាំ​ថា សុភមង្គល​អាច​​កើត​មាន​ឡើង​នៅ​ពេល​ដែល​អ្នក​អាច​​កំណត់​បាន​នូវ​អ្វី​ដែល​ជា​តម្រូវការ និង​​​ភាព​ចង់​បាន​របស់​អ្នក​ប៉ុណ្ណោះ​​។ ប៉ុន្តែ​បញ្ហា​គឺ​ស្ថិត​នៅ​ត្រង់​ថា ជា​ធម្មតា​មនុស្ស​ភាគច្រើន​មិន​បាន​ដឹង​ថា ​តើ​តម្រូវការ​របស់​ខ្លួន​ជា​អ្វី ឬ​ខ្លួន​ចង់​បាន​អ្វី​នោះ​ទេ?  អ្នក​ច្រើន​តែ​គិត​ថា អ្នក​ដឹង​​រឿង​នេះ ប៉ុន្តែ​តាមពិត អ្នក​បាន​ឲ្យ​អាទិភាព​វា​ខុស។    ជាមួយ​សំនួរ​ថា តើ​លុយ​​អាច​ធ្វើ​ឲ្យ​​អ្នក​សប្បាយ​ចិត្ត​ដែរ​​ឬទេ? ចម្លើយ​គឺ​ថា ពិត​ជា​អាច។ លុយ​អាច​ទិញ​សេរីភាព និង​បទពិសោធន៍​ជីវិត​ដែល​នាំ​ទៅ​រក​សុភមង្គល ដរាបណា​អ្នក​ត្រូវ​យល់​ថា ការ​រក​លុយ​​តែមួយ​មុខ​មិនមែន​ជា​គោលដៅ​ចុងក្រោយ​ក្នុង​ជីវិត​របស់​អ្នក៕

ដោយ៖ ខេវិន
ប្រភព៖ Entrepreneur 

X
5s