មគ្គុទេសក៍ស្តារអាជីវកម្មក្នុងបរិបទកូវីដ-១៩ «ទស្សនៈពីសភាពាណិជ្ជកម្មអន្តរជាតិ នៅកម្ពុជា​



សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានបន្តកិច្ចពិភាក្សាភាគទី១២ ក្នុងក្របខណ្ឌនៃ«កម្មវិធីមគ្គុទេសក៍ស្តារអាជីវកម្មក្នុងបរិបទកូវីដ-១៩» ក្រោមប្រធានបទ «ទស្សនៈពីសភាពាណិជ្ជកម្មអន្តរជាតិ នៅកម្ពុជា» នៅថ្ងៃព្រហស្បតិ៍ ទី០៩ ធ្នូ ឆ្នាំ២០២១នេះ ពីម៉ោង១:៣០រសៀលដល់ម៉ោង៤:២០ល្ងាច តាមប្រព័ន្ធហ្សូមដោយមានអ្នកចូលរួមចំនួន ៧០ នាក់ និងអ្នកទស្សនាចំនួន ១០៨នាក់ លើការផ្សាយបន្តផ្ទាល់តាមគេហទំព័រហ្វេសប៊ុករបស់សមាគម។ 

កិច្ចពិភាក្សាភាគទី១២នេះជាកិច្ចពិភាក្សាចុងក្រោយរបស់កម្មវិធី «មគ្គុទេសក៍ស្តារអាជីវកម្មក្នុងបរិបទកូវីដ-១៩»ដែលសមាគមសហគ្រិនវ័យក្មេងកម្ពុជាបានរៀបចំនួន១១ភាគរួចមកហើយ។ ក្នុងកិច្ចពិភាក្សាចុងក្រោយនេះដែរ សមាគមសហគ្រិនវ័យក្មេងកម្ពុជាបានអញ្ជើញវាគ្មិនដែលពោរពេញទៅដោយបទពិសោធន៍មកពិភាក្សានិងចែករំលែកនូវចំណេះដឹង ហើយក៏មានការអញ្ជើញចូលរួមពីចម្ងាយរបស់សមាជិកសមាគមសហគ្រិនវ័យក្មេងនៅថ្នាក់ជាតិ និងគ្រប់សាខាតាមបណ្តាខេត្តទាំងអស់ ពិសេសភ្ញៀវកិត្តិយស និងវាគ្មិនពីស្ថាប័នពាក់ព័ន្ធដូចខាងក្រោម៖

 

១. លោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងអគ្គនាយកវិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ាន

២. លោក ប៊ុន សម្បត្តិ អគ្គលេខាធិការនៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា 

៣. លោក Tassilo Brinzer ប្រធាន EUROCham  

៤. លោក Kanda Yogo ប្រធានសមាគមធុរកិច្ចជប៉ុន-កម្ពុជា

៥. លោក Anthony John Galliano, President of the American Chamber of Commerce and Group CEO of Cambodian Investment Management Holding 

អង្គភាពដែលជាសមាជិកភាពធុរកិច្ចជាច្រើនបានចូលដំណើរការកាលពីឆ្នាំមុនយ៉ាងល្អដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់ពួកគេសម្រាប់ឆ្នាំ ២០២១ ឬចាប់ផ្តើមផែនការថ្មីសម្រាប់ទសវត្សរ៍ថ្មី។ ជាមួយនឹងការផ្ទុះឡើងនៃជម្ងឺរាតត្បាត ផែនការដែលមានស្រាប់បានប្រែក្លាយទៅជាមិនអាចប្រើបាន ដោយសារតែពួកគេត្រូវរកវិធីឆ្លើយតបទៅនឹងវិបត្តិប្រឈម ហើយសម្របសេវាកម្មរបស់ពួកគេទៅនឹងបរិយាកាសអាជីវកម្មដែលបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ 

 

អង្គភាពធុរកិច្ចនាំយកសម្លេងនៃវិស័យឯកជន ហើយអង្គភាពធុរកិច្ចគឺដើរតួសំខាន់សម្រាប់ផលប្រយោជន៍របស់សមាជិករបស់ពួកគេ។ នៅក្នុងយុគសម័យកូវីដ-១៩ អង្គភាពទាំងនេះពិតជាមិនអង្គុយនៅក្រៅកិច្ចពិភាក្សាសំខាន់ៗជុំវិញការឆ្លើយតប និងការស្តារឡើងវិញពីជំងឺរាតត្បាតនោះទេ ប៉ុន្តែត្រូវបានចូលរួមតាំងពីដើមដំបូង ហើយបានដើរតួនាទីរបស់ពួកគេក្នុងការតំណាងឱ្យវិស័យឯកជនដើម្បីផលប្រយោជន៍ល្អបំផុត។

នៅក្នុងកិច្ចពិភាក្សាទី១២នេះជាការពិភាក្សាដោយផ្ទាល់ជាមួយកម្រិតគ្រប់គ្រងនៃសភាពាណិជ្ជកម្មអន្តរជាតិល្បីៗនៅកម្ពុជា។ វាគ្មិនល្បីៗនិងពោរពេញដោយជំនាញ និងបទពិសោធន៍និយាយចែករំលែកពីរបៀបដែលពួកគេជួបប្រទះការផ្លាស់ប្តូរតម្រូវការអាជីវកម្ម និងកែសម្រួលសេវាកម្ម និងមុខងារតំណាងរបស់ពួកគេក្នុងស្ថានភាពកូវីដ-៩។ វាគ្មិនយើងផ្តល់នូវធាតុចូលលើអ្វីដែលពួកគេពិចារណាលើយុទ្ធសាស្ត្រ និងដំណោះស្រាយសំខាន់ៗ ទាក់ទងនឹងការងើបឡើងវិញប្រកបដោយផលិតភាព និងការប្រកួតប្រជែងនៃអាជីវកម្មសមាជិករបស់ពួកគេ និងសហគមន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

 

លោក Anthony John Galliano, President of the American Chamber of Commerce and Group CEO of Cambodian Investment Management Holding បានថ្លែងថាការរាតត្បាតកូវីដ-៩មានការប៉ះពាល់ដល់គ្រប់វិស័យ ដូចជាវិស័យសុខាភិបាលជាដើម ដែលយើងរងសម្ពាធធ្ងន់ធ្ងរ។ មួយវិញទៀតសម្រាប់សិស្សនិស្សិតត្រូវរៀនតាមអនឡាញ ហើយបុគ្គលិកយើងមួយចំនួនក៏ត្រូវនៅផ្ទះដើម្បីមើលថែកូនៗនិងក្រុមគ្រួសាររបស់គេនៅផ្ទះ។ សម្រាប់ការលក់នៅតាមហាង ក៏ផ្លាស់ប្តូរមកលក់តាមអនឡាញវិញ។ ដូច្នេះ យើងត្រូវមានការផ្លាស់ប្តូរនិងការសម្របខ្លួនទៅតាមស្ថានភាពជាក់ស្តែង។ មេរៀនដែលយើងរៀនបានពីកំឡុងការរាតត្បាតកូវីដ-១៩សម្រាប់ការធ្វើអាជីវកម្ម យើងត្រូវមានទុនបម្រុង និងត្រូវចេះសម្របខ្លួនទៅតាមស្ថានភាពជាក់ស្តែងតែម្តង ហើយយើងមានការគិតនិងយកចិត្តទុកដាក់អតិថិជនរបស់យើង។ ខ្ញុំសូមសរសើរដល់រដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រងបានល្អក្នុងកំឡុងការរាតត្បាតកូវីដ-1៩ ដោយរដ្ឋាភិបាលបានផ្តល់ការចាក់វ៉ាក់សាំងដល់ប្រជាជនដែលមានអត្រាខ្ពស់ជាងគេក្នុងពិភពលោក។ ខ្ញុំសូមអបអរសាទររដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រងបានល្អ។

លោក Tassilo Brinzer ប្រធាន EUROCham បានចែករំលែកថាធុរកិច្ចត្រូវបានប៉ះពាល់ខ្លាំងដោយសារតែកូវីដ-១៩ ប៉ុន្តែមានវិស័យមួយចំនួនដំណើរការល្អ ជាពិសេសវិស័យគមនាគមន៍ដោយសារតែប្រជាជនគាត់នៅផ្ទះ ហើយគាត់ប្រើប្រាស់អុិនធើណិត ហើយគាត់បញ្ជាទិញតាមអនឡាញផងដែរ។ លោកបានបន្ថែមទៀតថា កូវីដ-១៩ បានធ្វើឲ្យយើងប្រឈមជាមួយនឹងបញ្ហាហិរញ្ញវត្ថុ  ហើយយើងនឹងជួបបញ្ហាផ្សេងៗទៀតនាពេលអនាគត តែយើងត្រូវត្រៀមនិងមានផែនការរបស់យើង។ យើងបានបាត់ប្រហែល២០%នៃសមាជិករបស់យើងដោយសារតែកូវីដ១៩សម្រាប់វិស័យបដិសណ្ឋារកិច្ច។ ការរក្សាបុគ្គលិកជាកត្តាសំខាន់ យើងត្រូវបណ្តុះបណ្តាលបុគ្គលិក និងត្រូវមានការផ្លាស់ប្តូរដោយការប្រើឌីជីថល អនឡាញផងដែរ។ អ្នកខ្លះគិតថាវាមានការងាយស្រួលក្នុងការចូលរួមតាមអនឡាញ ហើយយើងប្រើCloud system ដើម្បីរក្សាធនធានមនុស្ស។ នៅពេលណាដែលប្រទេសយើងបើកឡើងវិញ នោះយើងបានត្រៀមខ្លួនរួចជាស្រេច។

 

ជាកិច្ចបញ្ចប់នៃកិច្ចពិភាក្សាភាគទី១២ លោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងអគ្គនាយកវិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ាន បានថ្លែសុន្ទរកថាបិទកិច្ចពិភាក្សាថា “ជំងឺរាតត្បាតកូវីដ១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ផ្នែកសុខភាព ដល់វិបត្តិសេដ្ឋកិច្ចពិភពលោក ដែលរីករាលដាលពាសពេញវិស័យ និងបង្កហានិភ័យកើនឡើងដល់ប្រព័ន្ធហិរញ្ញវត្ថុ។ សមាគមសហគ្រិនវ័យក្មេងកម្ពុជា(YEAC) បានផ្តួចផ្តើមការពិភាក្សាជាបន្តបន្ទាប់លើផ្លូវស្តារអាជីវកម្មពីទស្សនៈឯកជន ដើម្បីផ្តល់នូវទិដ្ឋភាពនៃបញ្ហាបច្ចុប្បន្នដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ ចែករំលែកបទពិសោធន៍នៃបញ្ហាប្រឈម ការអនុវត្តល្អ និងដំណោះស្រាយស្តារឡើងវិញសម្រាប់អាជីវកម្មរបស់សមាជិក YEAC និង MSMEs នៅទូទាំងប្រទេស” ។ លោកបានលើកឡើងទៀតថា សូមអបអរសាទរ វាជាកិច្ចពិភាក្សានិងជាព្រឹត្តិការណ៍ដ៏រំភើបមួយ ដែលមានដល់ទៅ១២ភាគ ត្រូវបានពិភាក្សាលើវិស័យផ្សេងៗដែលរងផលប៉ះពាល់ដោយសារកូវីដ១៩។ ជាសរុបនៃកិច្ចពិភាក្សា យើងបាបអញ្ជើញវាគ្មិនសំខាន់ៗចំនួនចូលរួមចំនួន ៧២ នាក់ និងមានការចូលរួមពី MSMEs សរុបចំនួន ១០៧៦ នាក់តាមរយៈ Zoom និងមានអ្នកចូលរួមចំនួន ៣៥៧៤ នាក់តាមរយៈ YEAC Facebook Live ។

 

ដោយសារតែ កូវីដ-១៩ បន្តរជះឥទ្ធិពលជុំវិញសាកលលោក វាជាការសំខាន់ណាស់ដែលត្រូវពិភាក្សាលើផលប៉ះពាល់ដែលកំពុងមាន និងចំបងៗលើវិស័យពាណិជ្ជកម្ម និងអាជីវកម្មលក់រាយ។ សហគ្រាសខ្នាតមីក្រូ តូច និងមធ្យមវិស័យពាណិជ្ជកម្ម និងអាជីវកម្មលក់រាយ គឺជាវិស័យធុរកិច្ចដ៏សំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជាហើយវាជាការចែកចាយនូវផលិតផលនៅលើទីផ្សារសម្រាប់តម្រូវការប្រើប្រាសចុងក្រោយក្នុងខ្សែសង្វាក់អាជីវកម្ម។ វិស័យ ពាណិជ្ជកម្ម និងអាជីវកម្មលក់រាយ បានរងនូវផលប៉ះពាល់ជាច្រើនដូចជា ផលវិបាកនៃវិសមាមាត្រការងារ ការពឹងផ្អែកលើកម្លាំងពលកម្មដែលមានប្រាក់ឈ្នួលទាប និងរងឥទ្ធិពលពីវិស័យផ្សេងៗដូចជាវិស័យទេសចរណ៍ជាដើម។ យោងតាមការវាយតម្លៃផលប៉ះពាល់បឋម YEAC បានបង្ហាញថា ជាង ៨០% នៃពាណិជ្ជកម្មនិងអាជីវកម្មលក់រាយទទួលរងផលប៉ះពាល់ រំខានខ្លាំដល់ប្រតិបត្តិការអាជីវកម្មនិងសង្វាក់តម្លៃ ពីការបិតនូវច្រកអន្តរជាតិ វិធានការជាបន្តបន្ទាប់ដែលបានដាក់ចេញដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ ការកាត់ផ្តាច់សង្វាក់ចែកចាយ ការបិទទីផ្សារ ការដឹកជញ្ជូន ភាពផុយស្រួយនៃការងារ ការទទួលបានហិរញ្ញប្បទានគាំពារ ឬឥណទានធនាគារជាដើម។

 

ផលប៉ះពាល់នៃការរាតត្បាតនៃជម្ងឺកូវីដ-១៩ធ្វើឲ្យអ្នកវិនិយោគខាងវិស័យអចលនទ្រព្យប្រឈមមុខនឹងការពន្យារពេលនូវការបញ្ចប់គម្រោងសាងសង់ ដែលនេះជាការគំរាមកំហែងនិងអាចប៉ះពាល់ដល់ប្រាក់ចំណេញរបស់គម្រោង។ ដោយសារតែការរំខាននិងប៉ះពាល់ទាំងនេះ អ្នកម៉ៅការនិងអ្នកវិនិយោគខាងវិស័យអចលនទ្រព្យនិងសំណង់ជាច្រើននៅជុំវិញពិភពលោកត្រូវចាប់ផ្តើមរៀបចំដំណើរការរៀបចំនូវពេលវេលានិងធនធានហិរញ្ញវត្ថុបន្ថែម។ ជម្ងឺរាតត្បាតក្នុងរយៈពេលវែងអាចប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់សំណង់ ដែលអាចឲ្យមានកាផ្លាស់ប្តូរឆ្ពោះទៅរកភាពសម្បូរបែបនៃអ្នកផ្គត់ផ្គង់ អ្នកផ្គត់ផ្គង់ក្នុងតំបន់កាន់តែច្រើន និងបង្កើនការប្រើប្រាស់អ្នកផ្គត់ផ្គង់ក្នុងតំបន់ និងការកើនឡើងនូវសារពើភណ្ឌក្នុងស្រុកនៃសមាសធាតុសំខាន់ៗឬសម្ភារៈផ្សេងៗ។

 

MSMEs ជាច្រើននៅក្នុងវិស័យចម្រុះផ្សេងៗ បានរងផលប៉ះពាល់ ដូចជាអាជីវកម្មលក់ដុំ លក់រាយ ការដឹកជញ្ជូន សេវាកម្មស្នាក់នៅ ម្ហូបអាហារ អចលនទ្រព្យ សេវាកម្មវិជ្ជាជីវៈ និងសេវាកម្មលក្ខណៈបុគ្គលដទៃទៀត។ ជាទូទៅក្រុមហ៊ុនខ្នាតតូចមានភាពផុយស្រួយផ្នែកហិរញ្ញវត្ថុ និង មានសាច់ប្រាក់បម្រុងតិចជាងក្រុមហ៊ុនខ្នាតធំ ដែលជាហេតុធ្វើឱ្យពួកគេមិនសូវមានភាពធន់នឹងវិបត្តិ។ ក្រុមហ៊ុនទាំងនេះមានសមត្ថភាពសង្វាក់ផ្គត់ផ្គង់ទន់ខ្សោយជាងដៃគូធំៗ និងមានអំណាចចរចាតិចតួច ដើម្បីអនុវត្តលក្ខខណ្ឌទូទាត់ដ៏ទាក់ទាញ។ ពួកគាត់មានភាពយឺតយ៉ាវទៅនឹងការទទួលយក ឬសម្របខ្លួនតាមពាណិជ្ជកម្មបែបបច្ចេកវិទ្យាឌីជីថល។

ឆ្លើយតបនឹងបញ្ហាប្រឈមនេះ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សម្រេចផ្តួចផ្តើមកិច្ចពិភាក្សាស្តីពី “មគ្គុទេសក៍ស្តារអាជីវកម្មក្នុងបរិបទកូវីដ-១៩” ចេញពីទស្សនៈរបស់វិស័យឯកជន ក្នុងគោលបំណងវិភាគរកមូលហេតុ ផលប៉ះពាល់ និងដំណោះស្រាយដែលនឹងរួមចំណែកគាំទ្រសហគ្រិនទាំងអស់ ក្នុងការពិនិត្យឡើងវិញនូវផែនការអាជីវកម្ម និងឱកាសនានា ដើម្បីជម្រុញការងើបឡើងវិញប្រកបដោយចីរភាព។

កម្មវិធីមគ្គុទេសក៍ស្តារអាជីវកម្មក្នុងបរិបទកូវីដ-១៩ នឹងប្រព្រឹត្តទៅក្រោមទម្រង់ជាកិច្ចពិភាក្សាពិសេស និងតាមវិស័យចំនួន១១ ចាប់ពីខែសីហាដល់ខែធ្នូ ឆ្នាំ២០២១ ដោយមានការបោះពុម្ពជាសៀវភៅ និងផ្សាយជាសេរ៊ីនៃសម្លេងបន្តបន្ទាប់ ដែលសាធារណៈជនអាចដកស្រង់ជាបទពិសោធន៍ និងការណែនាំ។ ប្រធានបទទាំង១១ មានជាអាទិ៍ដូចខាងក្រោម៖

កិច្ចពិភាក្សាទី១៖ កូវីដ-១៩ និង ផលប៉ះពាល់ទៅលើភូមិសាស្ត្រនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ច និងលើសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា។

កិច្ចពិភាក្សាទី២៖ យុទ្ធសាស្ត្រវិនិយោគសម្រាប់សហគ្រិន

កិច្ចពិភាក្សាទី៣៖ មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យអប់រំឯកជន

កិច្ចពិភាក្សាទី៤៖ ទស្សនៈពីគ្រឹះស្ថានហិរញ្ញវត្ថុ

កិច្ចពិភាក្សាទី៥៖ មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យកសិកម្ម និងកសិពាណិជ្ជកម្ម

កិច្ចពិភាក្សាទី៦៖ មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យពាណិជ្ជកម្ម និងអាជីវកម្មលក់រាយ

កិច្ចពិភាក្សាទី៧៖ មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យឡូជីស្ទីក និងដឹកជញ្ជូន

កិច្ចពិភាក្សាទី៨៖ មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យផលិតកម្ម

កិច្ចពិភាក្សាទី៩៖ មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យពាណិជ្ជកម្មអេឡិកត្រូនិក ពាណិជ្ជកម្មអនឡាន និងពាណិជ្ជកម្មបែបឌីជីថល

កិច្ចពិភាក្សាទី១០៖ មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យបដិសណ្ឋារកិច្ច

កិច្ចពិភាក្សាទី១១៖ មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យអចលនទ្រព្យ និងសំណង់

 

អំពី សមាគមសហគ្រិនវ័យក្មេងកម្ពុជា

សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC វ៉ាយអ៊ីអេស៊ី) ត្រូវបានបង្កើតឡើងនៅ ខែកញ្ញា ឆ្នាំ២០០៩ ដោយក្រុមសហគ្រិនវ័យក្មេង ដែលមកពីវិស័យអាជីវកម្មផ្សេងៗគ្នា នៅក្នុងប្រទេសកម្ពុជា។ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បង្កើតឡើងជាសមាគម មិនរកប្រាក់ចំណេញ ដែលផ្តល់អំណាចដល់សហគ្រិនវ័យក្មេង ជាពិសេសសហគ្រិនស្ត្រីដើម្បីលើកកម្ពស់សហគ្រិន និង យុវជន តាមរយៈ ការបង្កើតវេទិកា ចងក្រង និងពង្រឹងបណ្តាញសហគ្រិន ការចែករំលែកការរៀនសូត្រពីធុរកិច្ច និងបង្កើតនូវឱកាសអាជីវកម្មនានា ដើម្បីបង្កើនផលិតភាព ការបង្កើតការងារ ការអភិវឌ្ឍសេដ្ឋកិច្ចនិងការកសាងសមត្ថភាពអ្នកជំនាន់ក្រោយសម្រាប់សេដ្ឋកិច្ចកម្ពុជា។

សមាគមសហគ្រិនវ័យក្មេងកម្ពុជា មានបេសកកម្មធ្វើការក្នុងភាពជាដៃគូសហការជាមួយអ្នកពាក់ព័ន្ធនានា ដើម្បីធានាអោយមានការប្រកួតប្រជែងថ្នាក់តំបន់ លើធុរកិច្ចបែបបច្ចេកវិទ្យាឌីជីថល អាជីវកម្មបែបពេញលេញ ការច្នៃប្រឌិត និងការតបង្កើតថ្មីរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) នៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្នសមាគមសហគ្រិនវ័យក្មេង មានសមាជិកចំនួន៤០០ ដែលជាម្ចាស់អាជីវកម្មធុនមីក្រូ តូច និងមធ្យម ដែលមានសាខាតាមខេត្តចំនួន៤ កំពង់ចាម សៀមរាប បាត់ដំបង និងបន្ទាយមានជ័យ នឹងគ្រោងពង្រីកទៅកាន់ខេត្តផ្សេងទៀតជាពិសេសខេត្តតាមបណ្តាមាត់សមុទ្រ និងខេត្តមួយចំនួនដែលមានសក្តានុពលខ្ពស់ និងមានធុរកិច្ចច្រើន៕

 

X
5s