សេចក្ដីប្រកាសព័ត៌មាន ពានរង្វាន់ឌីជីថលកម្ពុជា ២០២២ ចាប់ផ្ដើមទទួលពាក្យ!​



ពានរង្វាន់ឌីជីថលកម្ពុជា ២០២២ (Cambodia Digital Awards - CDA22) គឺជាការផ្លាស់ប្តូរថ្មីនៃអតីតពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា ​- Cambodia ICT Awards សំដៅសម្រួចចក្ខុវិស័យនិងគោលបំណង នៃពានរង្វាន់ថ្នាក់ជាតិធំជាងគេបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីគាំទ្រដល់នវានុវត្តន៍ ការច្នៃប្រឌិត និងសហគ្រិនភាពឌីជីថលនៅកម្ពុជា ឆ្លើយតបទៅនឹងនិន្នាការសកលនៃការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល និង ពន្លឿនបរិវត្តកម្ម ឌីជីថល និងនវានុវត្តន៍។ នេះ​ជា​ឆ្នាំទី ៨ នៃការប្រកួតប្រជែងស្នាដៃនវានុវត្តន៍ឌីជីថលថ្នាក់ជាតិ ដែលបានរៀបចំដោយ បណ្ឌិត្យសភា បច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ក្រោមការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង​ការសហការ ឧបត្ថម្ភដោយ ក្រុមហ៊ុន Smart Axiata និង​ ក្រុមហ៊ុន Huawei។

 

ពានរង្វាន់ឌីជីថលកម្ពុជា បើកឱកាសយ៉ាងទូលំទូលាយ សម្រាប់ក្រសួងស្ថាប័នសាធារណៈ សហគ្រាស  ក្រុមហ៊ុន ធុរកិច្ចថ្មីឌីជីថល សាកលវិទ្យាល័យ គ្រឹះស្ថានស្រាវជ្រាវនិង​អង្គការក្រៅរដ្ឋាភិបាល អាចធ្វើការដាក់ពាក្យចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី​ ២៣ ខែកញ្ញា ឆ្នាំ២០២២។​ 

 

កម្មវិធីនេះ មានគោលបំណងជំរុញការធ្វើបរិវត្តកម្មឌីជីថលប្រកបដោយបរិយាបន្ន ហើយចូលរួម លើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យានិងនវានុវត្តន៍ឌីជីថល នៅកម្ពុជាតាមរយៈ ការផ្តល់ពានរង្វាន់ ដល់ស្ថាប័ន និងសហគ្រិននូវ៖

 

ការទទួលស្គាល់ (Recognition)៖ ផ្តល់ការទទួលស្គាល់ថ្នាក់ជាតិ ដល់សមិទិ្ធផល ស្នាដៃ ច្នៃប្រឌិត និងជោគជ័យ នានាលើនវានុវត្តន៍ឌីជីថលនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ការលើកទឹកចិត្ត (Motivation)៖ ផ្តល់ការលើកទឹកចិត្ត ដល់ស្ថាប័នសាធារណៈ សហគ្រាស ធុរកិច្ចថ្មី អង្គការ និងស្ថាប័នពាក់ព័ន្ធនានា ក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ឌីជីថល។

ការលើកកម្ពស់ (Promotion)៖ លើកកម្ពស់ការយល់ដឹងពីបច្ចេកវិទ្យាឌីជីថល ក្នុងស្រទាប់  សាធារណជន។

ការផ្តល់ឱកាស (Opportunity)៖ ផ្តល់ឱកាសដើម្បីបង្ហាញនូវស្នាដៃ សមិទិ្ធផល ជោគជ័យនានាអំពី  នវានុវត្តន៍ឌីជីថល ជាមួយនឹងឱកាសវិនិយោគ និងដើម្បីក្លាយជាតំណាងរបស់កម្ពុជា ក្នុងការចូលរួមប្រកួតប្រជែងពានរង្វាន់ ឌីជីថល ថ្នាក់តំបន់ និងសកល។

 

ពានរង្វាន់ឌីជីថលកម្ពុជា នឹងផ្តល់ប្រាក់រង្វាន់សរុបចំនួន ៤៨,០០០,០០០រៀល ​ដល់ជ័យលាភីល្អបំផុត​ ប្រចាំឆ្នាំ នៃ​ប្រភេទពានរង្វាន់ ចំនួន ៦ ប្រភេទ៖ 

សេវារដ្ឋាភិបាលឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Government Service of the Year) សំដៅលើ ផលិតផល សេវាកម្ម ឬស្នាដៃរបស់ «ក្រសួង-ស្ថាប័នសាធារណៈ» ដែលបានអភិវឌ្ឍ ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល សម្រាប់ជាមធ្យោបាយក្នុងការផ្តល់សេវាសាធារណៈ ក្នុងគោលដៅពង្រឹង ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋ និងសាធារណជន។

ស្ថាប័ននុវានុវត្តន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Innovation Organization of the year) សំដៅលើផលិតផល សេវាកម្ម ឬស្នាដៃ របស់ក្រុមហ៊ុនឬស្ថាប័ន ដែលបានច្នៃប្រឌិត និងប្រើប្រាស់   បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញប្រសិទ្ធភាពអាជីវកម្ម ឬសហគ្រាសរបស់ខ្លួន ឱ្យកាន់តែ ល្អប្រសើរ ដោយផ្គត់ផ្គង់នូវផលិតផល និងសេវាកម្ម ថ្មីៗ ដើម្បីប្រកួតប្រជែង នៅក្នុងទីផ្សារ ។

បច្ចេកវិទ្យានុវានុវត្តន៍សង្គមល្អបំផុតប្រចាំឆ្នាំ (Best Social Innovation Technology of the year) សំដៅលើផលិតផល សេវាកម្ម ឬស្នាដៃរបស់ ក្រុមហ៊ុនឬស្ថាប័ន ដែលបានច្នៃប្រឌិត និងប្រើប្រាស់   បច្ចេកវិទ្យាឌីជីថល ដើម្បីបម្រើផលប្រយោជន៍ដល់សង្គម និងរួមចំណែក អភិវឌ្ឍន៍ដល់ សេដ្ឋកិច្ចរបស់សហគ្រាសសង្គម ។

មាតិកាឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Content of the year) សំដៅលើផលិតផល សេវាកម្ម ឬស្នាដៃរបស់ក្រុមហ៊ុនឯកជន ឬអង្គការក្រៅរដ្ឋាភិបាល ដែលបានច្នៃប្រឌិត និងប្រើប្រាស់ បច្ចេកវិទ្យា  ឌីជីថល ដើម្បីបង្កើតជាមាតិកាឌីជីថលផ្សេងៗ ដូចជា វីដេអូ ហ្គេម មេរៀន ឯកសារជាសម្លេង ។ល។ ដែលអាចរួមចំណែក លើកកម្ពស់ការផ្តល់នូវចំណេះដឹង ការកំសាន្ត និងដោះស្រាយបញ្ហាផ្សេងៗរបស់ប្រជាពលរដ្ឋ សាធារណជន និងសង្គម។

ការស្រាវជ្រាវ និងអភិវឌ្ឍន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital R&D of the year) សំដៅលើផលិតផល សេវាកម្ម ឬស្នាដៃរបស់ ក្រុមហ៊ុន ឬ ស្ថាប័ន ដែលមានស្នាដៃក្នុងការងារ ស្រាវជ្រាវ និងអភិវឌ្ឍន៍ ក្នុងវិស័យ បច្ចេកវិទ្យាឌីជីថល ដូចជាការរកឃើញ រូបមន្តថ្មី វិធីសាស្ត្រថ្មី វិធានថ្មី ការបង្កើតថ្មី។ល។

ធុរកិច្ចថ្មីឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Startup of the year) សំដៅលើផលិតផល សេវាកម្ម ឬស្នាដៃរបស់ធុរកិច្ចថ្មីឌីជីថល ដែលមានអាយុមិនលើសពី៣ឆ្នាំដោយរាប់ចាប់ពីថ្ងៃចុះបញ្ជីពាណិជ្ជកម្មជាផ្លូវការ។ ធុរកិច្ចថ្មីឌីជីថល ត្រូវតែជាក្រុមហ៊ុន ដែលបានបង្កើត សមិទ្ធិផលថ្មី ជាមួយគំនិត នវានុវត្តន៍ថ្មីៗ ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។

 

 

 

តើស្ថាប័ន-ក្រុមហ៊ុនណាខ្លះអាចចូលរួមបាន និងលក្ខខណ្ឌនៃការចូលរួម៖

ជាក្រសួង-ស្ថាប័នសាធារណៈ សហគ្រាស ក្រុមហ៊ុន ឬអង្គការ ដែលបានចុះបញ្ជី និងមានអាជ្ញាប័ណ្ណត្រឹមត្រូវ ស្របទៅតាមច្បាប់ព្រះរាជាណាចក្រកម្ពុជា

ម្ចាស់ក្រុមហ៊ុន ត្រូវមានសញ្ជាតិខ្មែរ ឬមានលំនៅដ្ឋានអចិន្ត្រៃយ៍ក្នុងព្រះរាជាណាចក្រកម្ពុជា

ផលិតផល ត្រូវតែមានកម្មសិទ្ធិបញ្ញា ដោយក្រុមហ៊ុនឬស្ថាប័នសាមីផ្ទាល់ និងអភិវឌ្ឍន៍ ឬបង្កើតឡើងដោយប្រើប្រាស់ ធនធានយ៉ាងហោចណាស់ ៥១% នៅក្នុង ព្រះរាជាណាចក្រកម្ពុជា

សម្រាប់ធុរកិច្ចថ្មីឌីជីថល (Digital Startups) ត្រូវមានអាយុមិនលើសពី ៣ឆ្នាំ ដោយរាប់ចាប់ពីថ្ងៃចុះបញ្ជី ពាណិជ្ជកម្មជាផ្លូវការ

ក្រុមហ៊ុនដែលក្ស័យធន មិនត្រូវបានអនុញ្ញាតអោយចូលរួមក្នុងកម្មវិធីនេះបានឡើយ

 

ក្រសួង-ស្ថាប័នសាធារណៈ សហគ្រាស ក្រុមហ៊ុន អង្គការក្រៅរដ្ឋាភិបាល សហគ្រិន ឬធុរកិច្ចថ្មីឌីជីថល ដែលត្រូវនឹង លក្ខខណ្ឌដូចខាងលើ និងមានបំណងចូលរួមប្រកួតប្រជែងកម្មវិធី CDA22 អាចចូលរួមដាក់ពាក្យ តាមរយៈតំណរ៖ www.cda.cadt.edu.kh​។

 

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

លោក បេ ចន្ត្រា

លេខទូរស័ព្ទ៖ +855 12 316 781

អ៊ីមែល៖ [email protected]

Facebook:  https://fb.com/CADT.Academy

LinkedIn:  http://bit.do/cadt-linkedin 

Instagram: cadtofficial

t.me/cadt_official

 

 

X
5s