សេចក្តីប្រកាសព័ត៌មាន កម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូច និងមធ្យម និងសហគ្រិនស្ត្រី​



មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ភ្នំពេញ - កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរួមគ្នាដាក់ឲ្យដំណើរកម្មវិធី «លទ្ធភាពទទួលបានហិរញ្ញប្បទាន»  ជាលើកទី២ ក្រោយពីកម្មវិធីនេះទទួលបានសមិទ្ធិផលគួរឱ្យសម្គាល់កាលពីឆ្នាំ២០២១ ដោយមានសហគ្រិនចំនួន ៧១០ នាក់បានចូលរួមក្នុងកម្មវិធី និងទទួលបានហិរញ្ញប្បទានជាង ២ លានដុល្លារសហរដ្ឋអាមេរិច ពីស្ថាប័នហិរញ្ញវត្ថុ។ 

 

កម្មវិធីផ្សព្វផ្សាយពីកម្មវិធី «លទ្ធភាពទទួលបានហិរញ្ញប្បទាន» នេះ ទទួលបានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់     ឯកឧត្តម រត្ន័ សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា អមដោយ នាយកប្រតិបត្តិសហគ្រិនខ្មែរ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ប្រធានសមាគធនាគារនៅកម្ពុជា ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងមានការចូលរួមពីតំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សហគ្រិនស្រ្តី និងម្ចាស់អាជីវកម្មប្រមាណជាជាង ២០០ រូប ។ 

 

កម្មវិធីនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលកំណត់គោលដៅ ៥០ភាគរយជាសហគ្រិនស្ត្រី ដើម្បីទទួលបានហិរញ្ញប្បទាន ពីស្ថាប័នហិរញ្ញវត្ថុចូលរួម និងការកសាងសមត្ថភាព រួមមានការផ្តល់វគ្គបណ្តុះបណ្តាលអំពីការគ្រប់គ្រងសាច់ប្រាក់ ទុនបង្វិល ការអភិវឌ្ឍផែនការអាជីវកម្ម ពិសេសការស្វែងយល់អំពីរបាយការណ៍ហិរញ្ញវត្ថុរបស់សហគ្រាសមីក្រូ ធុនតូច និងមធ្យម។ បន្ថែមលើនេះ សហគ្រិនដែលចូលរួមក្នុងកម្មវិធីនេះ នឹងទទួលជំនួយក្នុងការដាក់កម្ចីទៅស្ថាប័នហិរញ្ញវត្ថុដែលចូលរួមក្នុងកម្មវិធី។ 

ការដាក់ឱ្យអនុវត្តកម្មវិធី «លទ្ធភាពទទួលបានហិរញ្ញប្បទាន» គឺឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរួមគ្នា រវាងសមាគមសហគ្រិន វ័យក្មេងកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បន្ទាប់ពីបានចុះហត្ថលេខាលើអនុស្សារណៈនៃកិច្ចព្រមព្រៀងភាពជាដៃគូ ក្នុងការចូលរួមចំណែកលើកកម្ពស់ និងបញ្ជ្រាបការយល់ដឹងផ្នែកហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុក្នុងចំណោមសហគ្រិនវ័យក្មេង ក៏ដូចជាសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា កាលពីខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ។ 

 

ថ្លែងក្នុងកម្មវិធី ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានមានប្រសាសន៍ថា «សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានមើលឃើញពីតម្រូវការចាំបាច់របស់សហគ្រាសធុន តូច និងមធ្យម (SMEs) ហើយបានដាក់បញ្ចូលលទ្ធភាពទទួលបានហិរញ្ញប្បទាន (Access to Finance) ទៅក្នុងទិសដៅយុទ្ធសាស្ត្រ និងជាអាទិភាពសំខាន់មួយដើម្បីគាំទ្រដល់សមាជិករបស់សមាគម។ ក្រៅពីលទ្ធភាពទទួលបានហិរញ្ញប្បទានបំណុល សមាគមក៏មើលឃើញនូវធនធានសក្តានុពលផ្សេងទៀត ដូចជា ទុនវិនិយោគ និងហិរញ្ញប្បទានមូលធន ដែលស្ថាប័នមួយចំនួនមិនទាន់បានកំណត់ជាយុទ្ធសាស្ត្រអាទិភាពនៅឡើយ»។ 

លោកឧកញ៉ាប្រធានសមាគមបានរំលេចដែរថា «សហគ្រាសធុនតូច និងមធ្យមមិនគួរគិតខ្លាចថាស្ថាប័នហិរញ្ញវត្ថុធានាគារ និងស្ថាប័នហិរញ្ញវត្ថុមូលធន ខ្វះប្រាក់ឱ្យខ្ចី និងវិនិយោគជាមួយយើងនោះទេ។ យើងគួរមើលខ្លួនយើងសិន ថាតើយើងបានត្រៀមខ្លួន និងលក្ខណៈសម្បត្តិរួចហើយរឺ នៅ? តើយើងមានផែនការអាជីវកម្មច្បាស់លាស់ និងរបាយការហិរញ្ញវត្ថុដែលជាក់លាក់ហើយរឺនៅ? 

 

ឧកញ៉ាប្រធាន ក៏បានចង្អុលបង្ហាញពីស្ថាប័នជាច្រើនដែលបានគិតគូរ និងមានប្រភពទុនច្រើន ហើយក៏មានស្ថាប័នធនាគារជាច្រើនដែលផ្តល់ហិរញ្ញប្បទានដែលមិនត្រូវការទ្រព្យបញ្ចាំ ហើយជាពិសេសមានអ្នកវិនិយោគជាច្រើន ក៏កំពុងសម្លឹងមើលឱកាសវិនិយោគជាមួយសហគ្រាសធុនតូច និងមធ្យមរបស់យើងផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ លោកឧកញ៉ាក៏បានលើកទឹកចិត្តដល់សហគ្រាសទាំងអស់ចុះបញ្ជីអាជីវកម្ម អនុឡោមតាមច្បាប់ ខិតខំពង្រឹងអាជីវកម្ម និងកសាងភាពជឿទុកចិត្តបាន ដល់ស្ថាប័នហិរញ្ញវត្ថុ និងវិនិយោគិន តាមរយៈទី១ ពង្រឹងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងទី២ ត្រូវមានផែនការអាជីវកម្មច្បាស់លាស់ ក៏ដូចជាកសាងឯកសារចាំបាច់ផ្សេងៗទៀតដើម្បីចាប់យកឱកាសនៃទុនធំៗទាំងនោះ។

លោក Raymond Sia ប្រធានសមាគមធនាគារកម្ពុជា បានលើកឡើងថា  «ការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទាន គឺជារបៀបវិរៈអាទិភាពមួយរបស់សមាគមធនាគារកម្ពុជា និងជាកម្មវិធីមួយដែលបានកំណត់នៅក្នុងយុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥»។ លោកបន្តថា «សមាគមធនាគារកម្ពុជា តាមរយៈគណៈកម្មាធិការបរិយាបន្នហិរញ្ញវត្ថុ បានអនុវត្តគំនិតផ្តួចផ្តើមផ្សេងៗ ក្នុងការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញវត្ថុក្នុងចំណោមសហគ្រាសធុនតូច និងមធ្យម»។

 

លោក Raymond Sia បានបន្ថែមថា «ការបើកដំណើរការនូវលទ្ធភាពទទួលបានហិរញ្ញវត្ថុ ក្រោមប្រធានបទ ការត្រៀមខ្លួនសម្រាប់ហិរញ្ញប្បទានបំណុល មិនប្លែកនោះទេចំពោះស្មារតីនៃការគាំទ្រពីសំណាក់វិស័យធនាគារទៅកាន់អាជីវកម្មខ្នាតតូច។ យើងសង្ឃឹមថាវគ្គចែករំលែកចំណេះដឹងនៅថ្ងៃនេះ នឹងបង្កើតឱកាសស្និតស្នាលគ្នាបានកាន់តែប្រសើរជាងមុនរវាងដៃគូអាជីវកម្មគ្រប់វិស័យ ក្នុងនោះរួមមាន សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ម្ចាស់អាជីវកម្មដែលជាស្ត្រី និងសហគ្រិនវ័យក្មេងជាច្រើនទៀត»។

លោកជំទាវ ឌិត នីតា អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលគ្រឹះស្ថាន ខេមា (មីក្រូហិរញ្ញវត្ថុ) បានថ្លែងថា «សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានសហការយ៉ាងជិតស្និទ្ធជាមួយសមាជិករបស់ខ្លួន ដៃគូរពាក់ព័ន្ធ ជាពិសេសរាជរដ្ឋាភិបាល បង្កើតនូវគំនិតផ្តួចផ្តើមសំខាន់ៗ ដើម្បីទ្រទ្រង់ដល់វិស័យសហគ្រិន ដើម្បីចូលរួមអភិវឌ្ឍ និងពង្រឹងសហគ្រិនភាពនៅកម្ពុជា ជាពិសេសហគ្រាសធុនតូចនិងមធ្យម តាមរយៈការផ្តល់ហិរញ្ញប្បទាន និងការបញ្រ្ជាបចំណេះដឹងហិរញ្ញវត្ថុ។ ទន្ទឹមនឹងនេះសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានចូលរួមគាំទ្រនូវការ ការបង្កើតធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (SME Bank) ក៏ដូចជាសាជីវកម្មធានាឥណទានកម្ពុជា (CGCC) នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ មិនត្រឹមតែប៉ុណ្ណោះសមាជិករបស់សមាគមមួយចំនួនធំបានចូលរួមដោយផ្ទាល់ជាជាមួយ ធនាគាសហគ្រាសធុនតូច និងមធ្យម ក្នុងការផ្តល់ទុនក្នុងអត្រាការប្រាក់ទាប និងទទួលយកការធានាពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ក្នុងគោលដៅរួមគឺជម្រុញឱ្យសហគ្រាសនៅកម្ពុជាទទួលបានដើមទុនងាយស្រួលជាងមុន ក្នុងអត្រាការប្រាក់ទាប ដើម្បីចូលរួមចំណែកស្តារ  ចាប់ផ្តើម ឬពង្រីកអាជីវកម្មរបស់ខ្លួន។

ឯកឧត្តម រត្ន័ សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា ដែលបានផ្តល់កិត្តិយសចូលរួមជាគណៈអធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា  ដែលបានយកចិត្តទុកដាក់បង្កើតឲ្យមានកម្មវិធីនេះឡើង។ កម្មវិធី“លទ្ធភាពទទួលបានហិរញ្ញប្បទាន” ពិតជានឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។

 

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ បានមានប្រសាសន៍ថា «ការផ្ទេរចំណេះដឹងពីអ្នកជំនាញហិរញ្ញវត្ថុ ជាឱកាសមួយដែលនឹងជួយពង្រឹងសមត្ថភាពឱ្យសហគ្រិន អាចរៀបចំផែនការអាជីវកម្មមួយដែលជាក់លាក់ គ្រប់គ្រងលំហូរសាច់ប្រាក់របស់ពួកគាត់ឲ្យមានប្រសិទ្ធភាព និងរក្សាកំណត់ត្រាហិរញ្ញវត្ថុឲ្យសមស្របទៅតាមស្តង់ដារជាសកល។ សហគ្រិនខ្មែររំពឹងថាកម្មវិធីនេះនឹងក្លាយជាវេទិកាមួយដែលនឹងផ្សារភ្ជាប់សហគ្រាសធុនតូច និងមធ្យមទៅនឹងស្ថាប័នហិរញ្ញវត្ថុ និងទីផ្សារមូលធន»។

គួររំលឹកផងដែរថា កម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាន ដែលបានអនុវត្តកន្លងទៅ ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ដែលក្នុងនោះរួមមានសហគ្រិនចំនួន ៧១០ នាក់ ទទួលបានការកសាងសម្ថភាព ទទួលបានប្រាក់កម្ចី ដែលផ្តល់ដោយស្ថាប័នហិរញ្ញវត្ថុចូលរួម ចំនួនជិត២លានដុល្លារសហរដ្ឋអាមេរិច ។ ដោយផ្អែកលើលទ្ធផលនេះ សមាគមទាំងបី នឹងបន្តរអនុវត្តកម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទានឆ្នាំ២០២៣ ដើម្បីបន្តរគាំទ្រសហគ្រិនទទួលបានហិរញ្ញប្បទាន។ 

សម្រាប់ព័ត៌មានបន្ថែម៖ ទាញយករូបភាព

លោក សុខ ចាន់ សមាគមធនាគារនៅកម្ពុជា ០៩២ ៦៨៣ ៣៣០

លោក កាំង តុងងី សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ០៩៥ ២៦២ ១១១

កញ្ញា នាង សុវ៉ាតថា សមាគមសហគ្រិនវ័យក្មេងកម្ពុជា ០៩៦ ៣៣៤ ៨៩៣៥ 

 

X
5s