កិច្ចជំនួបសមាជិក សមាជិកាសមាគមសហគ្រិនវ័យក្មេងកម្ពុជា​



 

ភ្នំពេញ៖ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ សមាគមសហគ្រិនវ័យក្មេងកម្ពុជាបានរៀបចំកម្មវិធី «កិច្ចជំនួបសមាជិក សមាជិកាសមាគមសហគ្រិនវ័យក្មេងកម្ពុជា» ដែលជាកម្មវិធីជំនួបម្ចាស់អាជីវកម្មទាំងអស់នៅទូទាំងប្រទេស ដើម្បីផ្តល់ឱកាស​ឲ្យសមាជិក បានទទួលនូវព័ត៌មានសំខាន់ៗ ស្ដីពីច្បាប់ គោលនយោបាយ វឌ្ឍនភាព និងសមិទ្ធផលសម្រេចបានសំខាន់ៗរបស់សមាគមរយៈពេលកន្លងមក ជាពិសេសដើម្បីលើកឡើងអំពីទិសដៅយុទ្ធសាស្ត្ររបស់សមាគមសម្រាប់ត្រីមាសជាបន្តបន្ទាប់។

 

កិច្ចជំនួបនេះបានទទួលការអញ្ជើញចូលរួមពី ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា អមដោយអនុប្រធានប្រតិបត្តិ អនុប្រធាន សមាជិកក្រុមប្រឹក្សាភិបាល សមាជិក សមាជិកាដែលជាសហគ្រិន ម្ចាស់អាជីវកម្ម ប្រមាណជាជិត ១០០ នាក់មកពីគ្រប់វិស័យ រួមមានវិស័យអប់រំ សុខាភិបាល សេវាកម្ម បច្ចេកវិទ្យា កសិកម្ម ទេសចរណ៍ សំណង់ និងចំណីអាហារជាដើម។

 

គោលបំណងសំខាន់នៃកិច្ចជំនួបនេះ គឺការធ្វើបច្ចុប្បន្នភាពអំពីវឌ្ឍនភាព និងផែនការរបស់សមាគមដល់សមាជិក ការផ្តល់ឱកាសជូនដល់សមាជិក សមាជិកាឱ្យបានស្វែងយល់ពីគ្នាដើម្បីបង្កើតបណ្ដាញទំនាក់ទំនង និងផ្គូរផ្គងអាជីវកម្ម ការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍រវាងម្ចាស់អាជីវកម្ម និងម្ចាស់អាជីវកម្មផ្សេងៗគ្រប់វិស័យ ជាពិសេសក៏មានការចែករំលែកពីវាគ្មិនកិត្តិយសដែលមានបទពិសោធន៍ច្រើនឆ្នាំលើជំនាញឌីជីថល ក្រោមប្រធានបទ «ការបង្កើតមាតិកា និងបរិបទទីផ្សារឌីជីថល»។

 

ឧកញ៉ា ប៉ិច បូឡែន បានមានប្រសាសន៍ថា៖ «សមាគមសហគ្រិនវ័យក្មេងកម្ពុជាត្រូវបានបង្កើតឡើងអស់រយៈពេល ១៤ ឆ្នាំមកហើយ ហើយឆ្នាំក្រោយគឺជាខួប ១៥ ឆ្នាំរបស់សមាគមយើង។ យើងមានចក្ខុវិស័យ និងបេសកកម្មច្បាស់លាស់ ហើយយើងនឹងពិនិត្យឡើងវិញ ក៏ដូចជាធ្វើបច្ចុប្បន្នភាពទៅលើទិសដៅយុទ្ធសាស្ត្ររៀងរាល់ ៥ ឆ្នាំម្តង ហើយបច្ចុប្បន្ននេះ យើងកំពុងពិនិត្យមើលទៅលើយុទ្ធសាស្រ្តឆ្នាំ២០២៥»។

 

លោកឧកញ៉ា ក៏បានថ្លែងអំណរគុណដល់គណៈកម្មាធិការទាំង ៦ និងគណៈកម្មការ ១៦ ដែលបានខិតខំប្រឹងប្រែងដឹកនាំជួយជ្រោមជ្រែងទៅដល់ការអនុវត្តផែនការយុទ្ធសាស្ត្រ និងផែនការអាទិភាព​ ទៅតាមជំនាញក្នុងវិស័យ​​ និងតំបន់រៀងៗខ្លួននៅទូទាំងប្រទេសកម្ពុជា។ ជាងនេះទៅទៀត ឧកញ៉ាប្រធាន ក៏បានលើកសរសើរដល់ក្រុមការងារលេខាធិការដ្ឋាន​ ដែលបានខិតខំបំពេញមុខងារតួនាទី និងដែលជាឆ្អឹងខ្នងដ៏រឹងមាំមិនអាចខ្វះបាន​ ជាពិសេសបានរួមចំណែកយ៉ាងធំធេងដល់សមិទ្ធផលកន្លងមករបស់សមាគមជារួម។

 

សម្រាប់អាណត្តិដឹកនាំថ្មីនេះ ឧកញ៉ា ប៉ិច បូឡែន បានសង្កត់ធ្ងន់ថា សមាគមសហគ្រិនវ័យក្មេងកម្ពុជានឹងដាក់បញ្ចូលនូវផែនការអាទិភាពសំខាន់ៗដូចជា ទី១ អភិវឌ្ឍនសមាគមឱ្យមានការរីកចម្រើននិងប្រកបដោយនិរន្តរភាព ដោយពង្រឹងនិងពង្រីកសាខាទៅកាន់គ្រប់ខេត្តទាំងអស់នៅត្រឹមឆ្នាំ២០២៦ និងបង្កើនសមាជិកឱ្យបានយ៉ាងតិច ១៥០០ រូបនៅទូទាំងប្រទេស។ ទី២ បង្កើតឱ្យបាននូវបណ្តុំប្រតិបត្តិករសេដ្ឋកិច្ចសំខាន់មួយសម្រាប់កម្ពុជា ក្នុងការផ្សារភ្ជាប់ចរន្តសេដ្ឋកិច្ចពីខេត្តមួយទៅខេត្តមួយ និងសម្រាប់ឱកាសទីផ្សារ ពាណិជ្ជកម្មទាំងក្នុងស្រុក តំបន់ និងអន្តរជាតិ ដែលយើងមានសហគ្រិនវ័យក្មេងរាប់ម៉ឺននាក់ក្នុងបណ្តាញដែលមានស្រាប់នៅតាមបណ្ដាប្រទេសសមាជិកអាស៊ាន និងបណ្តាប្រទេសជាច្រើនលើសកលលោក។

 

ទី៣ ផ្តោតលើសមាជិក ដោយផ្ដល់អាទិភាពសមាជិកតាមរយៈការពង្រឹងសមត្ថភាពលើជំនាញធុរកិច្ច និងជំរុញលទ្ធភាពទទួលបានហិរញ្ញវត្ថុ និងទុនវិនិយោគ ការផ្គូផ្គងអាជីវកម្មនៅក្នុងទីផ្សារជាតិ និងអន្តរជាតិ។ ទី៤ ក្លាយជាសមាគមឈានមុខ និងសកម្មបំផុត ដោយធ្វើការជាមួយដៃគូពាក់ព័ន្ធទាំងអស់រួមមាន សមាគមឯកជន ដៃគូអភិវឌ្ឍន៍ ជាពិសេសរាជរដ្ឋាភិបាលគ្រប់អាណត្តិ ដើម្បីចូលរួមចំណែកកសាងកម្ពុជាជំនាន់ក្រោយ ឱ្យមានសមត្ថភាពប្រកួតប្រជែងក្នុងវិស័យធុរកិច្ចក្នុងតំបន់ និងពិភពលោក។ ទី៥ ខិតខំអនុវត្តបេសកកម្ម ធ្វើការក្នុងភាពជាដៃគូសហការជាមួយអ្នកពាក់ព័ន្ធនានា ដើម្បីធានាឱ្យមានការប្រកួតប្រជែងថ្នាក់តំបន់ លើធុរកិច្ចបែបបច្ចេកវិទ្យា ឌីជីថល អាជីវកម្មបរិយាបន្ន ភាពច្នៃប្រឌិត និងការបង្កើតថ្មីរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា តាមរយៈការបង្កើតច្បាប់ និងគោលនោបាយពាក់ព័ន្ធនានា។

 

 

គួរបញ្ជាក់ថា ដើម្បីសម្រេចនូវផែនការអាទិភាពសំខាន់ៗខាងលើ​ សមាគមបានបង្កើតគណៈកម្មាធិការចំនួន ៦ និងគណៈកម្មការចំនួន ១៦ ក្នុងនោះរួមមាន ១). គណៈកម្មការទទួលបន្ទុកលទ្ធភាពទទួលបានហិរញ្ញប្បទានបំណុល ២). គណៈកម្មការទទួលបន្ទុកលទ្ធភាពទទួលបានហិរញ្ញប្បទានមូលធន ៣).គណៈកម្មការទទួលបន្ទុកឌីជីថលូបនីយកម្ម សហគ្រាសធុនមីក្រូ តូច និងមធ្យម ៤). គណៈកម្មការទទួលបន្ទុកអាជីវកម្មបរិយាប័ន្ន និងសេដ្ឋកិច្ចច្នៃប្រឌិត ៥). គណៈកម្មការទទួលបន្ទុកមជ្ឈមណ្ឌលអភិវឌ្ឍសហគ្រិនវ័យក្មេង ៦). គណៈកម្មការទទួលបន្ទុកសហគ្រិនស្ត្រីវ័យក្មេង ៧). គណៈកម្មការទទួលបន្ទុកទំនាក់ទំនងវិជ្ជាជីវៈ ៨). គណៈកម្មការទទួលបន្ទុកក្រុមការងារទាំង ១៣ ៩). គណៈកម្មការទទួលបន្ទុកក្រុមការងារគយ និងពន្ធដា ១០). គណៈកម្មការទទួលបន្ទុកកិច្ចការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ១១). គណៈកម្មការទទួលបន្ទុកលទ្ធភាពទទួលបានឱកាសទីផ្សារ ១២). គណៈកម្មការទទួលបន្ទុកផ្លូវមួយ ខ្សែក្រវាត់មួយ ១៣). គណៈកម្មការទទួលបន្ទុកពង្រឹង និងអភិវឌ្ឍសាខាខេត្ត ១៤). គណៈកម្មការទទួលបន្ទុកទំនាក់ទំនងសមាជិកភាព ១៥). គណៈកម្មការទទួលបន្ទុកទំនាក់ទំនងសាធារណៈ និង១៦). គណៈកម្មការទទួលបន្ទុកកៀរគរធនធានសម្រាប់គាំទ្រសមាគម។

 

នៅចុងបញ្ចប់នៃកម្មវិធី ឧកញ៉ាប្រធានសមាគម បានអំពាវនាវ និងលើកទឹកចិត្តដល់គណៈកម្មាធិការ និងគណៈកម្មការទាំងអស់ ប្ដេជ្ញាធ្វើការយ៉ាងមុះមុត ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីគាំទ្រដល់សមាគម។ លោកឧកញ៉ាថែមទាំងបានលើកទឹកចិត្តសមាជិកឱ្យមានភាពសកម្ម និងចូលរួមជាសមាជិកនៃគណៈកម្មាធិការ ឬក្រុមការងារជំនាញផ្សេងៗទៀត ក៏ដូចជាចូលរួមយ៉ាងសកម្មក្នុងសកម្មភាព វគ្គបណ្តុះបណ្តាល កម្មវិធី និងព្រឹត្តិការណ៍របស់សមាគមជាច្រើន ដើម្បីរួមចំណែកដល់ភាពរីកចម្រើនសេដ្ឋកិច្ចរបស់កម្ពុជាយើងទាំងមូល៕

 

 

X
5s