ជំនួបសហគ្រិនវ័យក្មេង លើកទី៣ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការត្រៀមខ្លួន ដើម្បីទទួលបានការវិនិយោគ”​



ភ្នំពេញ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានរៀបចំកម្មវិធីជំនួបសហគ្រិនវ័យក្មេង លើកទី៣ ប្រចាំឆ្នាំ២០២៤ ក្រោមប្រធានបទ “ការត្រៀមខ្លួន ដើម្បីទទួលបានការវិនិយោគ” ស្ថិតនៅ វាយោ នរា (Veayo Norea)។ កម្មវិធីជួបជុំសហគ្រិនវ័យក្មេងនេះ ជាកម្មវិធីដែលប្រារព្ធឡើងជារៀងរាល់ ២ ខែម្ដង ដោយខ្លឹមសារនៃរបៀបវារៈ និងប្រធានបទនៃកម្មវិធី មានភាពខុសៗគ្នាទៅតាមការសិក្សា និងវាយតម្លៃដោយសមាគម អំពីតម្រូវការជាក់ស្ដែងរបស់ម្ចាស់អាជីវកម្មគ្រប់វិស័យនៅកម្ពុជា ដើម្បីធ្វើយ៉ាងណា ជួយសម្រួល និងគាំទ្រដល់សហគ្រិននៅកម្ពុជា ឱ្យកាន់តែមានភាពធន់រឹងមាំ ប្រកបដោយនវានុវត្តន៍ក្នុងប្រតិបត្តិការអាជីវកម្មរបស់ពួកគេ។ អស់រយៈពេល ១៥ ឆ្នាំមកនេះ សមាគមបានដើរតួយ៉ាងសំខាន់ក្នុងនាមជាស្ថាប័នគាំទ្រដល់សហគ្រិននៅកម្ពុជា ដែលជាចលកររួមចំណែកដ៏ចម្បងដល់វឌ្ឍនភាពនៃសេដ្ឋកិច្ចកម្ពុជា។

ឯកឧត្ដម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា ដែលបានអញ្ជើញចូលរួមជាប្រធានគណៈធិបតីក្នុងកម្មវិធី បានថ្លែងឡើងអំពីទិដ្ឋភាពរួមនៃទីផ្សារមូលបត្រនៅកម្ពុជា និងអភិបាលកិច្ចសាជីវកម្ម ក៏ដូចជាទិដ្ឋភាពរួមរបស់គោលនយោបាយធុរកិច្ច និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងគោលនយោបាយ ច្បាប់ និងបទប្បញ្ញតិដែលពាក់ព័ន្ធបន្ថែម ដើម្បីវិវត្តតាមទាន់សម័យបច្ចេកវិទ្យាដែលកំពុងមានការអភិវឌ្ឍជឿនលឿនទៅមុខជាលំដាប់។ មិនត្រឹមតែប៉ុណ្ណោះ រាជរដ្ឋាភិបាលក៏កំពុងតែយកចិត្តទុកដាក់ពង្រឹងការអនុវត្តគោលនយោបាយទាំងអស់នោះប្រកបដោយប្រសិទ្ធភាព ដើម្បីអាចគ្រប់គ្រងវិស័យមូលបត្រនៅកម្ពុជា ចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គមតាមរយៈការកៀរគរមូលធនពីសាធារណជន ឬអ្នកវិនិយោគមូលបត្រ ដើម្បីឆ្លើយតបទៅនឹងតម្រូវការហរិញ្ញវត្ថុសម្រាប់ការវិនិយោគនៅកម្ពុជា។

ក្នុងកម្មវិធីជំនួបសហគ្រិនវ័យក្មេង លើកទី៣ នេះផងដែរ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានចុះអនុស្សារណៈយោគយល់ជាមួយសមាគម ២ រួមមាន សមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន និងសមាគមសហគ្រិនស្ត្រីកម្ពុជា។ ការចុះអនុស្សារណៈយោគយល់ជាមួយសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន មានគោលបំណង ៣ សំខាន់៖

1. ការកសាងបណ្ដាញអាជីវកម្ម៖ សមាគមទាំងពីរ នឹងសហការ រួមគ្នា ជួយគាំទ្រក្នុងការកៀរគរសមាជិកដែលជាម្ចាស់អាជីវកម្ម ឱ្យចូលរួមក្នុងកម្មវិធីករសាងបណ្ដាញអាជីវកម្ម ដើម្បីសម្របសម្រួលឱ្យសហគ្រិនទាំងអស់ ទទួលបាននូវឱកាសបង្កើតកិច្ចសហការអាជីវកម្ម តាមរយៈការចូលរួមកម្មវិធីផ្សេងៗដែលរៀបចំដោយសមាគមណាមួយ។

2. ការចែករំលែកព័ត៌មាន៖ សមាគមទាំងពីរ នឹងចែករំលែកព័ត៌មានរវាងគ្នាទៅវិញទៅមក ដោយផ្ដោតសំខាន់ទៅលើការអនុវត្តប្រកបដោយប្រសិទ្ធភាព ធ្វើយ៉ាងណា ត្រូវជំរុញការលើកកម្ពស់ឱកាសអាជីវម្មរបស់សមាជិកសមាគមទាំងពីរ។

3. ឱកាសផ្គូផ្គងអាជីវកម្ម៖ សមាគមទាំងពីរ នឹងសហការគ្នា ណែនាំឱ្យស្គាល់នូវដៃគូអាជីវកម្មសក្ដានុពលឱ្យគ្នាទៅវិញទៅមក ដើម្បីពង្រីកឱកាសអាជីវកម្មដល់សមាជិករបស់សមាគមទាំងពីរ។

ការចុះអនុស្សរណៈយោគយល់ជាមួយសមាគមសហគ្រិនស្ត្រីកម្ពុជា មានគោលបំណងសំខាន់ៗ ៤ ដូចជា៖

1. ការរៀបចំកម្មវិធី ឬព្រឹត្តិការណ៍៖ សមគមទាំងពីរ នឹងរួមគ្នាលើកកម្ពស់ការផ្សព្វផ្សាយទៅកាន់សមាជិក អំពីកម្មវិធី និងព្រឹត្តិការណ៍ផ្សេងៗដែលរៀបចំដោយសមាគមដៃគូណាមួយ និងជួយជ្រោមជ្រែង ផ្ដល់នូវធនធាន ដូចជាទីតាំង វាគ្មិន និងឧបករណ៍សម្ភារផ្សព្វផ្សាយជាដើម។

2. ការរៀបចំវគ្គបណ្តុះបណ្តាល៖ សមាគមទាំងពីរ នឹងសហការរៀបចំវគ្គបណ្ដុះបណ្ដាល សិក្ខាសាលា ដែលអាចជួយដល់ការពង្រឹងសមត្ថភាពសហគ្រិនវ័យក្មេង និងសហគ្រិនស្ត្រី និងសហការអនុវត្តកម្មវិធីអភិវឌ្ឍជំនាញសំខាន់ៗដែលចាំបាច់ក្នុងការគ្រប់គ្រងអាជីវកម្មទៅកាន់សមាជិក សមាជិករបស់សមាគមទាំងពីរ ដោយសហការសម្របសម្រួលឱ្យមានការផ្លាស់ប្ដូរគ្រូបង្វឹក និងអ្នកជំនាញ ដើម្បីចែករំលែកនូវចំណេះដឹង ជំនាញ និងបទពិសោធ នៅក្នុងវគ្គបណ្ដុះបណ្ដាលនីមួយៗ។

3. ការរៀបចំដំណើរទស្សនកិច្ចអាជីវកម្មអន្តរជាតិ៖ សមាគមទាំងពីរ នឹងសហការរៀបចំដំណើរទស្សនកិច្ចអាជីវកម្មទៅកាន់បណ្ដាប្រទេសដែលមានសក្ដានុពលជាច្រើន ទាំងនៅក្នុងតំបន់ និងអន្តរជាតិ ក៏ដូចជាការចាត់តាំងប្រតិភូតំណាងវិស័យឯកជន ដើម្បីទៅចូលរួមវេទិកាធុរកិច្ចអន្តរជាតិ ពាណិជ្ជកម្ម និងទស្សនកិច្ចទៅកាន់សហគ្រាសជោគជ័យនៅតាមបណ្ដាប្រទេសផ្សេងៗ។

4. ការជជែកពិភាក្សាអំពីគោលនយោបាយ៖ ដោយសមាគមទាំងពីរនឹងប្រមូលយកនូវបញ្ហាប្រឈមអាជីវកម្មដែលសមាជិកសមាគមទាំងពីរកំពុងជួបប្រទះ ហើយចងក្រងជាទិន្នន័យរួមមួយជាក់លាក់ ដើម្បីធ្វើសំយោគ វិភាគ និងវាយតម្លៃ ដើម្បីស្វែងរកដំណោះស្រាយ ដាក់ជូនទៅកាន់រាជរដ្ឋាភិបាល ដែលគំនិតផ្តួចផ្តើមសកម្មភាពទាំងអស់នេះ គឺដើម្បីផ្ដល់អត្ថប្រយោជន៍ដល់ការលើកកម្ពស់សហគ្រិនភាពនៅកម្ពុជាជារួម និងអត្ថប្រយោជន៍សម្រាប់សមាជិករបស់សមាគមទាំងពីរជាពិសេស។

បន្ថែមលើនេះ សមាគមសហគ្រិនវ័យក្មេងកម្ពុជាក៏បានរៀបចំឱ្យមានកិច្ចពិភាក្សាតុមូលដ៏សំខាន់មួយ ដើម្បីជជែកពិភាក្សាទៅលើប្រធានបទ “ការត្រៀមខ្លួន ដើម្បីទទួលបានការវិនិយោគ” ដែលមានវាគ្មិនជាអ្នកមានចំណេះ ជំនាញ និងបទពិសោធខាងវិស័យហិរញ្ញវត្ថុ និងការវិនិយោគ ក្នុងនោះរួមមាន លោក ខូវ អេងឡេង ប្រធានផ្នែកវិនិយោគនៃក្រុមហ៊ុន EMIA លោក ថៃ ញ៉ា អគ្គនាយក នៃក្រុមហ៊ុនមូលបត្រ កាណាឌីយ៉ា និងអ្នកស្រី អ៊ិត កល្យាណ អនុប្រធានគម្រោងហាវែស III ដោយមានការសម្របសម្រួលកិច្ចពិភាក្សាដោយ អ្នកស្រី ជុន ថុថានី នាយិកាប្រតិបត្តិនៃក្រុមហ៊ុន អិមវីយូ អ៊ិនវេសម៉ិន ម.ក.។ ខ្លឹមសារសំខាន់ៗនៅក្នុងកិច្ចពិភាក្សាបានផ្ដោតសំខាន់ទៅលើ (១). ការត្រៀមខ្លួនក្នុងនាមជាម្ចាស់អាជីវកម្ម ដើម្បីអាចដាក់ពាក្យស្នើយកជំនួយវិនិយោគ ឬមូលនិធិ (Grant) ពីអង្គការ ឬស្ថាប័នម្ចាស់ជំនួយ (២). ការរៀបចំប្រព័ន្ធដឹកនាំ និងគ្រប់គ្រងអាជីវកម្ម ដើម្បីទទួលបានមូលធនឯកជន (Private Equity) និង(៣). ការត្រៀមខ្លួនរបស់អាជីវកម្មដើម្បីឈានឆ្ពោះទៅរកការឡើងផ្សារហ៊ុន (Initial Public Offering)។

ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានថ្លែងក្នុងកម្មវិធីថា៖ “សមាគមកំពុងខិតខំប្រឹងប្រែងអនុវត្តគម្រោងផែនការសកម្មភាពជាច្រើនដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រិនដែលជាសមាជិក និងគម្រោងអភិវឌ្ឍសហគ្រិនភាពតាមរយៈសេដ្ឋកិច្ចឌីជីថល នវានុវត្តន៍ និងសេដ្ឋកិច្ចឆ្នៃប្រឌិត ក៏ដូចជាការតស៊ូមតិ និងផ្ដល់យោបល់ផ្នែកគោលនយោបាយធុរកិច្ច និងនិយ័តកម្ម ព្រមទាំងការស្វែងរកទីផ្សារទាំងក្នុងប្រទេស ក្នុងតំបន់ និងអន្តរជាតិជូនសមាជិក ដូចជាការរៀបចំឱ្យមានដំណើរទស្សនកិច្ចអាជីវកម្មទៅកាន់បណ្ដាប្រទេសផ្សេងៗដូចជា ជប៉ុន កូរ៉េ ចិន ថៃ និងឡាវជាដើម។” លោកឧកញ៉ាបានបញ្ជាក់បន្ថែមថា សមាគមសហគ្រិនវ័យក្មេងកម្ពុជាកំពុងរៀបចំចាត់តាំងក្រុមម្ចាស់អាជីវកម្មតាមវិស័យសំខាន់ៗ ដើម្បីចងក្រងជាកម្លាំងចលករសេដ្ឋកិច្ច ក្នុងការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក និងស្វែងរកឱកាសនិងគំនិតផ្ដួចផ្ដើមថ្មីៗ ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ច និងសង្គមជាតិទាំងមូល ហើយក៏ជាគំរូល្អសម្រាប់សហគ្រិនវ័យក្មេងជំនាន់ក្រោយ។

 

 

សម្រាប់ព័ត៌មានបន្ថែម៖

លោក ស៊ឹម តារា អគ្គលេខាធិការរងសមាគម

លេខទូរសព្ទ៖ ០១២ ៧៧១ ០៥១/ ០៩៦ ៦៩៩ ៩៩៦៨

 

X
5s