សិក្ខាសាលាស្ដីពីការទាញយកផលប្រយោជន៍ពីអំណាចនៃបញ្ញាសិប្បនិម្មិត (AI)​



នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ សាលាភាសាបរទេសខេម~អាស៊ាន សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងមជ្ឈមណ្ឌលអភិវឌ្ឈន៍កម្ពុជា បានសហការរៀបចំសិក្ខាសាលាសាធារណៈស្តីពី “ការទាញយកផលប្រយោជន៍ពីអំណាចនៃបញ្ញាសិប្បនិម្មិត (AI)” ដោយជោគជ័យ ស្ថិតនៅសាលាភាសាបរទេសខេម~អាស៊ាន សាខាទួលគោក ក្រោមអធិបតីភាពឯកឧត្តម ដាវ អានសាន រដ្ឋលេខាធិការ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជានាយកប្រតិបត្តិមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា។

គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីបញ្ជ្រាបការយល់ដឹងពីដំណើរវិវត្តរបស់បញ្ញាសិប្បនិម្មិត (AI) ជូនដល់អ្នកចូលរួមឱ្យបានយល់ច្បាស់អំពីសក្តានុពល ផលជះវិជ្ជមាន និងអវិជ្ជមានរបស់បញ្ញាសិប្បនិម្មិត (AI) នៅក្នុងជីវិតប្រចាំថ្ងៃទាំងក្នុងកម្រិតបុគ្គល កម្រិតអាជីវកម្ម និងសង្គមជាតិទាំងមូល ក៏ដូចជាការប្រមើលមើលថាតើនៅថ្ងៃអនាគត                  បញ្ញាសិប្បនិម្មិត (AI) នេះ នឹងឈានទៅរកការអភិវឌ្ឍខ្លួនដល់កម្រិតណា ហើយក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍមួយ  តើកម្ពុជាគួរត្រៀមខ្លួនបែបណាដើម្បីចាប់យកឱកាសនៅក្នុងវិស័យបច្ចេកវិទ្យាជារួម។

កម្មវិធីសិក្ខាសាលានេះក៏បានរៀបចំជាកិច្ចពិភាក្សាតុមូល ដោយមានការចែករំលែកពីវាគ្មិនកិត្តិយសដែលមានចំណេះ ជំនាញ និងបទពិសោធន៍ជាក់ស្ដែងលើការបង្កើត និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដោយផ្ទាល់ផងដែរ។ វាគ្មិនជំនាញទាំងនោះរួមមាន កញ្ញា ហ៊ាង អូមួយ អនុប្រធានគណៈកម្មការទី៣ ស្ដីពីឌីជីថលូបនីយកម្ម សហគ្រាសធុនមីក្រូ តូច និងមធ្យម (Digitalized MSMEs) នៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងជានាយិកាប្រតិបត្តិក្រមហ៊ុន Asia Digital Technology Innovation (ADITI) សាស្ត្រាចារ្យបណ្ឌិត ភូ សម្បត្តិ ប្រធានដេប៉ាតឺម៉ង់គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បណ្ឌិត ឡាយ គីរី ស្ថាបនិក និងនាយកប្រតិបត្តិ REAN AI និងឯកឧត្ដម សុខន តារាពី   នាយករងមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា។

ថ្លែងក្នុងកម្មវិធី ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានលើកឡើងថា ការសិក្សាស្រាវជ្រាវរៀនសូត្រជាប្រចាំអំពីដំណើរវិវត្តរបស់បញ្ញាសិប្បនិម្មិត (AI) នាពេលបច្ចុប្បន្ន គឺជារឿងចាំបាច់មិនអាចគេចវេះបាន ហើយអ្វីដែលសំខាន់ជាងនេះ គឺការនាំយកនូវចំណេះដឹងល្អៗទាំងនោះ ទៅខិតខំប្រឹងប្រែងអនុវត្តជាក់ស្ដែងដើម្បីទាញយកប្រយោជន៍ដល់ខ្លួនឯងផ្ទាល់ និងអាជីវកម្មរបស់សហគ្រិនវ័យក្មេងគ្រប់រូបនៅក្នុងជំនាន់បដិវត្តន៍ឧស្សាហកម្មទី ៤ នេះ។

 

X
5s