គម្រោង​ផ្លូវ​ល្បឿន​លឿន​ថ្មី​​​ពី​​ភ្នំពេញ​ទៅ​ព្រះសីហនុ​​​នឹង​បន្ថយ​ចម្ងាយ​ ៣៨​​​គីឡូម៉ែត្រ​​



ក្រុមហ៊ុន Ernst & Young បានធ្វើបទបង្ហាញពី គម្រោងផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ ដែលមានប្រវែង១៩១.៦គីឡូម៉ែត្រដល់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ កាលពីរសៀលថ្ងៃទី១២ ខែឧសភា។ នេះបើយោងតាមបណ្ដាញសង្គមរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

គម្រោងថ្មីនេះ នឹងបន្ថយចម្ងាយផ្លូវពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុបានប្រមាណ ៣៨,៤គីឡូម៉ែត្រ ពោលគឺបន្ថយពី ២៣០គីឡូម៉ែត្រ មកនៅត្រឹមប្រវែង១៩១.៦គីឡូម៉ែត្រ ក្នុងកិច្ចប្រជុំនោះមានវត្តមាន ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម វង្សី វិសុទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងសមាជិកដទៃទៀត នៃគណៈកម្មាធិការផ្លូវល្បឿនលឿន បានអញ្ជើញចូលរួមស្តាប់ការធ្វើបទបង្ហាញមួយស្តីពី ការសិក្សា វាយតម្លៃព័ត៌មានទីផ្សារ និងសេចក្តីព្រាងលក្ខខណ្ឌកិច្ចសន្យា ដែលរៀបចំដោយក្រុមហ៊ុន Ernst & Young ដែលជាក្រុមហ៊ុនផ្តល់សេវាប្រឹក្សាយោបល់សម្រាប់ការសិក្សាគម្រោងផ្លូវល្បឿនលឿននេះ។ ទីប្រឹក្សាក្រុមហ៊ុនErnst & Young បានពិពណ៌នា និងបកស្រាយការវិភាគរបស់ខ្លួនអំពីទិដ្ឋភាពផ្សេងៗនៃគម្រោងសម្រាប់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ ដែលមានប្រវែង១៩១.៦គីឡូម៉ែត្រ ក្រោម កិច្ចសន្យាសម្បទាន នៃគម្រោងBOT(កសាង ប្រតិបត្តិ ផ្ទេរ) ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងអ្នកចូលរួមទាំងអស់បានពិភាក្សាលើលទ្ធផលនៃការសិក្សានេះ និងបានជំរុញឱ្យក្រុមហ៊ុន Ernst & Young ពិនិត្យមើលឡើងវិញនូវគម្រោងនេះ ហើយផ្តល់ព័ត៌មាន និងអំណះអំណាងបន្ថែមទៀតមកឲ្យគណៈកម្មាធិការវិញ ដើម្បីឲ្យគណៈកម្មាធិការនេះអាចធ្វើការសម្រេចចិត្ត និងអាចចរចាជាមួយសាជីវកម្មស្ពានថ្នល់ចិន (CRBC) ឲ្យកាន់តែប្រសើរជាងមុន ដើម្បីធ្វើឲ្យគម្រោងនេះមានការរីកចម្រើនទៅមុខ ដោយយកចិត្តទុកដាក់លើការពិនិត្យមើលជាសំខាន់នូវបញ្ហាហានិភ័យ និងអត្ថប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋកម្ពុជា៕ ដោយ៖ រតនៈវិភូ
X
5s