ជោគ​វាសនា​នៃ​ការ​ចាប់​ផ្ដើម​អាជីវកម្ម​ពឹងផ្អែកទៅលើអ្វី?​



ប្រសិនបើការធ្វើអាជីវកម្មមានភាពងាយស្រួលដោយគ្រាន់តែមានគំនិតលេចធ្លោអ្វីមួយ នោះប្រហែលគ្រប់ៗគ្នានាំគ្នាធ្វើវាអស់ទៅហើយ តែវាមិនមានភាពងាយស្រួលដូចការគិតនោះទេ។ គំនិតល្អមួយប្រហែលជានឹងអាចឲ្យអ្នកចាប់ផ្ដើមអាជីវកម្មបាន តែវាមិនប្រាកដថាអាចបានជោគជ័យនោះទេ ដោយសារផ្នត់គំនិតនេះឯង។ 

ខាងក្រោមនេះ គឺជាផ្នត់គំនិតទាំង ៤ដែលប្រាប់ពីជោគវាសនានៃការចាប់ផ្ដើមអាជីវកម្មរបស់អ្នក​ នេះ​​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ដោយ entrepreneur.com៖

១) រៀនយល់ដឹងដោយខ្លួនឯង៖ គ្មាននរណាម្នាក់កើតមកចេះស្រាប់នោះទេ អ្វីដែលអ្នកត្រូវធ្វើនោះគឺត្រូវចេះសង្កេតមើលរកបញ្ហាយកមកដោះស្រាយ បើទោះបីជាវាធ្វើឲ្យអ្នកឈឺក្បាលក៏ពិតមែន តែវានឹងធ្វើឲ្យអ្នកមានភាពវៃឆ្លាតឡើង។ ហើយបន្ទាប់មកត្រូវរៀនពីកំហុស ដោយសារអ្នកណាក៏ធ្លាប់ធ្វើខុសដែរ ដូចនេះក្នុងអាជីវកម្មរបស់អ្នកក៏ដូចគ្នា គឺអ្នកត្រូវតែរៀនកែប្រែកំហុសនោះឡើង។

២) ទុកចិត្តគ្នា៖ ទោះបីជាបច្ចុប្បន្ន សហគ្រិនភាគច្រើនហាក់បីដូចជាមានល្បិចច្រើនក្នុងការរកស៊ី តែអ្នកត្រូវចាំ មុននឹងអ្នកគិតចាប់ផ្ដើមបង្កើតអាជីវកម្មជាមួយនរណាម្នាក់ អ្នកត្រូវគិតឲ្យបានច្បាស់លាស់ ថាតើអ្នកអាចទុកចិត្តពួកគេបានដែរឬទេ ដូចនេះអ្នកនឹងមិនងាយមានភាពស្ដាយក្រោយទៅថ្ងៃមុខ។

៣) ទំនាក់ទំនងល្អ៖ អ្នកក៏គួរតែចាំដែរថា ទំនាក់ទំនងល្អមិនថាជាមួយភ្ញៀវ ដៃគូពាណិជ្ជកម្ម ឬបុគ្គលិកនៅក្នុងក្រុមហ៊ុនក៏ដោយសុទ្ធតែជារឿងសំខាន់ទាំងអស់ ព្រោះអ្នកទាំងអស់នោះមានចំណែកនៅក្នុងភាពជោគជ័យ ក៏ដូចជាក្រុមហ៊ុនអ្នកទៅថ្ងៃមុខតែម្ដង។

៤) គិតអ្វីវិជ្ជមាន៖ ជាទូទៅ សហគ្រិនតែងតែគិតទាំង២ផ្លូវ គឺវិជ្ជមាន និង អវិជ្ជមាន តែទំហំនៃការគិតវិជ្ជមាននឹងធ្វើឲ្យក្រុមហ៊ុនរបស់អ្នកមានអត្រាជោគជ័យច្រើន ដោយសារតែវាធ្វើឲ្យអ្នកហ៊ាន ព្រោះអ្នកគិតរឿងនោះអាចទៅរួចបាន៕

ដោយ៖ តូច ម៉ាយ៉ារស្មី

X
5s