​អាថ៌កំបាំង ​៦ ​យ៉ាង​​ធ្វើ​ឲ្យ​​ Facebook ​ជោគជ័យ​ធំធេង​រហូត​ដល់​បច្ចុប្បន្ន​ ​ប្រហែល​ជា​​អ្នក​មិន​ដឹង​!​



Facebook គឺជាបណ្តាញសង្គមដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ហើយបច្ចុប្បន្នមានអ្នកប្រើប្រាស់ចំនួន ១,៧៩ ពាន់លាននាក់ ខណៈបុគ្គលិកបានកើនឡើងដល់ជាង១៥ ៧២៤ នាក់គិតត្រឹមចុងឆ្នាំ២០១៦នេះ។ តើកត្តាអ្វីខ្លះដែលធ្វើឲ្យ Facebookទទួលជោគជ័យដូចបច្ចុប្បន្ននេះ?  

១) ចាប់ផ្ដើម និង ដំណើរការរហ័ស៖ ស្ថាបនិកហ្វេសប៊ុក លោក Mark Zuckerberg មានគំនិតចង់បង្កើត Facebook ជាលើកដំបូងនាពេលលោករៀននៅសាកលវិទ្យាល័យ Harvard ហើយលោកមិនបានសិក្សាពីទីផ្សារ មិនបានសួរមិត្តភ័ក្ដិ និងអ្នកប្រឹក្សាយោបល់ច្រើនពីគំនិតបង្កើតបណ្ដាញសង្គមមួយនេះនោះទេ។ តែលោកបានសម្រេចចិត្តបង្កើតវាឡើងនៅឆ្នាំ២០០៤ ព្រោះលោកគិតថា អ្វីដែលខ្លួនធ្វើនោះគឺពិតជាអាចជោគជ័យ ដូច្នេះហើយបានជាមិនហ៊ានបង្អង់ពេលយូរក្នុងការបង្កើត។

២) មានគំនិតគឺជារឿងធម្មតា តែសំខាន់គឺការអនុវត្ត៖ តាំងពីពេលFacebook ដំណើរការរួចមក មានការប្រទាញប្រទង់គ្នាថា តើវាជាគំនិតរបស់អ្នកណា? ពិតជារបស់លោក Zuckerberg មែនទេ? មានមនុស្សខ្លះលើកឡើងថា នេះមិនមែនជាគំនិតដើមរបស់ Zuckerbergនោះទេ។ តែមិនសំខាន់នោះទេថា វាគំនិតរស់អ្នកណា តែអ្វីដែលសំខាន់នោះលោក Zuckerberg ជាអ្នកធ្វើរហូតជោគជ័យដូចសព្វថ្ងៃ។

៣) ធ្វើឲ្យមានលក្ខណៈសាមញ្ញ៖ ក្រុមហ៊ុនមួយចំនួន បានផលិតផលិតផលខ្លួនស្មុគស្មាញពេកដែលគ្មានអ្នកណាអាចបង្ហាញពីរបៀបប្រើផលិតផលទាំងនោះបានឡើយ។ ដោយឡែក លោក Zuckerberg និងក្រុមហ៊ុន Facebook បានកែសម្រួលបណ្ដាញសង្គមនេះគ្រប់ពេលដើម្បីឲ្យច្បាស់ថា សេវានេះនៅតែងាយស្រួលប្រើជារៀងរហូត។ ដោយសារតែ មានលក្ខណៈសាមញ្ញបែបនេះហើយ បានជាមនុស្សសឹងគ្រប់ស្រទាប់ប្រើប្រាស់វា។

៤) ផ្ដោតលើផលិតផល កុំផ្ដោតខ្លាំងលើពាណិជ្ជកម្មខ្លាំងពេក៖ លោក Mark Zuckerberg មិនបានចាប់អារម្មណ៍ខ្លាំងលើក្រុមហ៊ុនទាំងមូលរបស់លោកច្រើនពេកនោះទេប៉ុន្តែលោកចំណាយពេលវេលាយ៉ាងច្រើន ដោយផ្ដោតទៅលើផលិតផលរបស់Facebook (គឺតាមដាន និងអភិវឌ្ឍបណ្ដាញសង្គមជានិច្ច)។ លោកបានចាត់ទុកវាជារឿងអាទិភាព មិនមែនគិតតែរឿងតែចំណូលម្យ៉ាងនោះព្រោះលោកយល់ឃើញថា កាលពីផលិតផលល្អហើយ គឺលុយនឹងរត់រកមិនខាន។

៥) ពូកែជួលបុគ្គលិក និងពូកែបណ្ដេញបុគ្គលិក៖ លោក Zuckerberg លោកធ្លាប់លើកឡើងថា ការបង្កើតក្រុមអស្ចារ្យមួយបាន គឺត្រូវតែ "ជួលមនុស្សបានល្អ" ហើយក៏អាច "បណ្ដេញដែលមិនកើតចេញពីក្រុមហ៊ុនផងដែរ"។ មានន័យថា បើបុគ្គលិកមានស្នាដៃត្រូវតែលើកស្ទួយចំណែកបុគ្គលិកមិនគ្មានសមត្ថភាព គឺមិនគួរនៅនោះទេ។

៦) រក្សាជំហរ និង គោលការណ៍របស់ខ្លួន៖ ក្នុងនាមជាមនុស្ស ត្រូវតែមានគោលការណ៍ និង ជំហរច្បាស់លាស់ ព្រោះបើមិនដូច្នោះទេ គឺមិនងាយជោគជ័យក្នុងជីវិតនោះឡើយ ព្រោះតែត្រូវកែនេះកែនោះទៅតាមការចង់បានរបស់អ្នកដទៃ។ សម្រាប់ Mark Zuckerberg តែងប្រកាន់គោលការណ៍របស់ខ្លួនឯងយ៉ាងម៉ឺងម៉ាត់ ជាហេតុនាំ Facebookជោគជ័យរហូតមកដល់បច្ចុប្បន្ននេះ៕  

ដោយ៖ រតនា វិចិត្រ

X
5s