​​ខ្សែ​ជីវិត​ដ៏​អស្ចារ្យ​របស់​លោក​ ​​ Evan Spiegel​​ មហាសេដ្ឋី​វ័យក្មេង​បំផុត​លើ​​លោក ​​អាយុ​ត្រឹម​២៦​ឆ្នាំ​



ស្ថិត​នៅ​ក្នុង​វ័យ​ក្មេង​របស់​ខ្លួន ដែល​មាន​អាយុ​ត្រឹមតែ​២៦​ឆ្នាំ លោកEvan Spiegel​បាន​បង្កើត​ក្រុមហ៊ុន​មួយផ្តោតលើ​ការ​បង្កើត​app​មួយ ដែល​មាន​ភាព​ជោគជ័យ​ក្នុង​ការ​អូសទាញ​ភាព​ជក់ចិត្ត​ដិត​អារម្មណ៍​របស់​យុវវ័យ​ជុំវិញ​ពិភពលោក និង​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​របស់​វា​ថា Snap។ ភាព​ជោគជ័យ​ដែល​បញ្ចេញ​ពន្លឺ​យ៉ាង​ភ្លឺ​ចិញ្ចាច​នេះ បាន​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​មហាសេដ្ឋី​ដែល​មាន​វ័យ​ក្មេង​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក​ជាមួយ​នឹង​ទ្រព្យសម្បត្តិ​ចំនួន២,១​ពាន់​លាន​ដុល្លារអាមរិក។ ថ្មីៗ​នេះ ក្រុមហ៊ុន​Snap​របស់​គាត់ បាន​បញ្ចេញ​នូវ​ការ​បង្កើត​ថ្មី​របស់​ខ្លួន​ជាមួយ​នឹង​វ៉ែនតា​មួយ​ប្រភេទ​បំពាក់​នូវ​កាមេរ៉ា​យ៉ាង​ទាន់សម័យ​ដែល​កំពុង​បំពេញ​សេចក្ដី​ត្រូវការ​របស់​អតិថិជន​ជា​ខ្លាំង។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន​របស់​លោក កំពុង​ត្រៀម​ខ្លួន​​ដាក់​លក់​ភាគហ៊ុន​ទៅ​សាធារណៈ​ជា​លើក​ដំបូង​ ​នៅ​ក្នុង​តម្លៃ​ប្រហែល​២០​ពាន់​លាន​ដុល្លារ​ផង​ដែរ។ លោក Evan Spiegel​ មាន​កន្លែង​កំណើត​នៅ​ទីក្រុង​Los Angeles រដ្ឋ​California សហរដ្ឋអាមេរិក ដែល​មាន​ឪពុក​ម្ដាយ​ជា​មេធាវី​ដែល​សុទ្ធ​តែ​ទទួល​បាន​ការ​អប់រំ​ជ្រៅជ្រះ។ ប៉ុន្តែ​ឪពុក​ម្ដាយ​របស់​គាត់​បាន​ធ្វើការ​លែងលះ​គ្នា​កំឡុង​ពេល​គាត់​រៀន​នៅ​ថ្នាក់​អនុវិទ្យាល័យ​នៅ​ឡើយ។ លុះ​ពេល​គាត់​មាន​អាយុ​១៦​ឆ្នាំ ក្រោយ​ពី​ទទួល​បាន​នូវ​កម្មសិទ្ធិ​លើ​ការ​បើកបរ​ស្រប​ច្បាប់ លោក​ត្រូវ​បាន​ឪពុក​លោក​ប្រគល់​រថយន្ត​សេរី Cadillac Escalade ជា​កំឡុង​ពេល​នៃ​វិបត្តិ​ថាមពល ហើយ​ឪពុក​លោក​គឺ​ជា​អ្នក​តំណាង​ឲ្យ​សង្កាត់​Edison​ របស់​រដ្ឋ​New Jersy​ទាំង​មូល។ គាត់​បាន​ចំណាយ​ពេល​នៅ​ឆ្នាំ​ដំបូងៗ​ដើម្បី​បំពេញ​ការ​សិក្សា​នៅ​សាលា​មួយ ​ដែល​មាន​ថ្លៃ​សិក្សា​រាប់​ពាន់​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​សិក្សា​ឈ្មោះ​ថា Crossroads នៅ​ក្នុង​ទីក្រុង​Santa Monica។ ស្រប​ពេល​ជាមួយ​គ្នា​ដែល​គាត់​បាន​ដាក់​ពាក្យ​សុំ​ធ្វើ​ជា​អ្នក​ហាត់​ការ​ខាង​ផ្នែក​ទីផ្សារ​ឲ្យ​ក្រុមហ៊ុន Red Bull គាត់​បាន​សរសេរ​តាម​សំបុត្រ​ទៅកាន់​ឪពុក​ម្ដាយ​របស់​លោក ដោយ​សុំ​ឲ្យ​គាត់​ខ្ចី​ប្រាក់​ក្នុង​គោលបំណង​បំពេញ​នូវ​សេចក្ដី​ត្រូវការ​របស់​ខ្លួន​ ដែល​ចង់​បាន​ឡាន​ដែល​សីុ​ប្រេង​តិច​ជាង​មុន ជា​ប្រភេទ​រថយន្ត​BMW 500i​មាន​តម្លៃ​៧៥,០០០​ដុល្លារ។ លើស​ពី​នេះ ក្រុម​គ្រួសារ​របស់​លោក គឺ​ជា​សមាជិក​នៃ​ក្លឹប​ផ្ដាច់​មុខ​ជា​ច្រើន​ដូចជា the Jonathan Clubក្នុង​Santa Monica ក្លឹប​the La Jolla Beach និងthe Tennis Club មិនតែប៉ុណ្ណោះ​ពួកគេ​ជា​ញឹកញាប់​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​អឺរ៉ុប ព្រមទាំង​ជួល​អ្នក​មើល​ថែទាំ​ផ្ទះ​ពេញ​ម៉ោង និង​ធ្វើ​ដំណើរ​ទៅ​លេង​កីឡា​ស្គី​ទឹកកក​នៅ​ប្រទេស​កាណាដា​ដោយ​ឧទ្ធម្ភាគចក្រ​ទៀត​ផង។ ក្រោយ​មក​ទៀត គាត់​បាន​បន្ត​ការ​សិក្សា​ទៅលើ​ការ​រចនា​ផលិតផល​នៅ​សាកលវិទ្យាល័យStanford ដែល​នៅ​ទីនោះ​គាត់​បាន​ជួប​អនាគត​សហ​ស្ថាបនិក​របស់​Snapchat​ទាំង​ពីរ​នាក់​របស់​លោក ហើយ​ពួកគេ​មាន​បំណង​បង្កើត​នូវ​អ្វី​ដែល​មាន​លក្ខណៈ​ឡូយឆាយ​ទាន់​សម័យ​ឡើង។ ទោះ​ជា​យ៉ាងណា គាត់​បាន​សម្រេច​ចិត្ត​បញ្ឈប់​ការ​សិក្សា​នៅ​Stanford ​ដែល​នៅ​សល់​មិន​ដល់​ប៉ុន្មាន​ក្រេឌីត​នោះ​ទេ​មុន​នឹង​ការ​បញ្ចប់​ការ​សិក្សា​មក​ដល់ ដើម្បី​ងាក​មក​ដំណើរការណ៍​លើ​Snapchat​របស់​ខ្លួន​យ៉ាង​ពេញ​ទំហឹង។ ក្រោយ​មក ក្រុម​របស់​គាត់​បាន​បោះ​ជំហាន​បង្កើត​នូវ​app​មួយ​ដែល​ផ្ទុក​នូវ​សារ​បាត់​មុខ​(disappearing messages app)ជា​ច្រើន ដែល​ត្រូវ​បាន​ដាក់​ឈ្មោះ​ដំបូង​ថា Picaboo​ក្នុង​ឆ្នាំ​២០១២ ដែល​មាន​ទីស្នាក់ការ​នៅ​ផ្ទះ​របស់​ឪពុក​របស់​លោកSpiegel​ផ្ទាល់ នៅ​ឯ​the Palisades ដែល​ក្រោយ​មក​ទីស្នាក់ការ​នោះ​ត្រូវ​បាន​ប្ដូរ​ទៅ​ទីតាំង​ទៅ​the Venice boardwalk តែ​លោក​ក៏​នៅ​តែ​បន្ត​ស្នាក់នៅ​ផ្ទះ​ឪពុក​របស់​លោក​នោះ​ជា​ច្រើន​ឆ្នាំ​មក ដោយសារ​តែ​ថ្លៃ​ជួល​ថោក។ នៅ​ខែ​វិច្ឆិកា​ឆ្នាំ​២០១៤ ក្រោយ​ពី​លោក​បាន​ចាកចេញ​ពី​ផ្ទះ​របស់​ឪពុក លោក​បាន​ទិញ​ផ្ទះ​ផ្ទាល់​ខ្លួន​មួយ​ជាមួយ​បន្ទប់​គេង​៣ នៅ​ក្នុង​Brentwood នៅ​ក្នុង​តម្លៃ៣.៣​លាន​ដុល្លារ។ រយៈពេល​មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​នេះ​នោះ​ឡើយ មនុស្ស​ពិសេស​ដូចជា​ស្ថាបនិក​បណ្ដាញ​សង្គម​យក្ស​មួយ​របស់​ពិភពលោក​ក្រុមហ៊ុន​ Facebook លោក Mark Zuckergerg បាន​មក​សុំ​ទិញ​Snapchat​ពី​លោក ទោះ​ជា​យ៉ាង​ណា គាត់​បាន​បដិសេធ​តប​ទៅ​វិញ​ជាមួយ​នឹង​តម្លៃ​៣​ពាន់​លាន​ដុល្លារ​សម្រាប់​ការ​ទិញ​របស់​លោក Zuckerbergនោះ។ សម្ទុះ​នៃ​ភាព​រីកចម្រើន​ទៅ​មុខ​របស់​Snapchat បាន​ធ្វើ​ឲ្យ​រូប​លោក​ក្លាយ​ជា​មនុស្ស​ដ៏​ល្បីល្បាញ​យ៉ាង​ពិត​ប្រាកដ​មួយ​នៅ​ក្នុង​ពិភព​នៃ​វិស័យ​បច្ចេកវិទ្យា។ ក្រោយ​មក​គាត់​បាន​សម្រេច​នូវ​ការ​ទទួល​បាន​មូលនិធិ​ដ៏​ធំ​មួយ​នៅ​ក្នុង​ឆ្នាំ​២០១៥ លោក​ក៏​បាន​ទិញ​រថយន្ត​ម៉ាក​Ferri​មួយ​គ្រឿង​សម្រាប់​ខ្លួនឯង។ នា​រដូវ​ក្ដៅ​ក្នុង​ឆ្នាំ​២០១៥ គាត់​ចាប់ផ្ដើម​មាន​ទំនាក់ទំនង​ជាមួយ​កំពូល​តារា​បង្ហាញ​ម៉ូដ Miranda Kerr ហើយ​នៅ​ខែ​ឧសភា​ក្នុង​ឆ្នាំ​២០១៦ អ្នក​ទាំង​ពីរ​បាន​ទិញ​ផ្ទះ​មួយ​ដែល​មាន​តម្លៃ​១២​ពាន់​លាន​ដុល្លារ និង​ភ្លាមៗ​នោះ​ការ​ប្រកាស​ពី​ពិធី​ភ្ជាប់ពាក្យ​របស់​ពួកគេ​ក៏​បាន​ធ្វើ​ឡើង​ជា​សាធារណៈ​នៅ​ខែ​កក្កដា​ឆ្នាំ​២០១៦។ ចំណែក​ឯ​នៅ​ខែ​កញ្ញា​ឆ្នាំ​២០១៦ លោក​បាន​ប្ដូរ​ឈ្មោះ ​Snapchat​ទៅ​ជា ​Snap Inc. និង​ហៅ​វា​ថា “camera company” នា​ពេល​នោះ​ផង​ដែរ​ការ​បង្ហាញ​ខ្លួន​របស់​វ៉ែនតា​បំពាក់​នូវ​មុខងារ​កាមេរ៉ា​ដែល​មាន​ឈ្មោះ​ថាSpectacles​ក៏​បាន​លេច​ឡើង​ជា​ផ្លូវការ។ លោក Spiegel គឺ​ជា​បុគ្គល​មួយ​រូប​ដែល​ត្រូវ​បាន​មនុស្ស​ជា​ច្រើន​គោរព ​និង​ឲ្យ​តម្លៃ​ក្នុង​នាម​ជា​មនុស្ស​ដែល​មាន​ចក្ខុវិស័យ​ទៅលើ​ផលិតផល និង​មនុស្ស​ដ៏​ឆ្លាតវៃ​ម្នាក់​ដែល​ដឹង​យ៉ាង​ច្បាស់លាស់​ពី​អ្វី​ដែល​ក្មេងៗ​ចង់​បាន៕

 

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ businessinsider

X
5s