មហាសេដ្ឋី Warren Buffett ចង់ឱ្យអ្នកចង់ក្លាយជាវិនិយោគិនអានសៀវភៅ ៧ក្បាល
ក្នុងនាមជាមហាសេដ្ឋីដ៏ជោគជ័យក្នុងអាជីវកម្មម្នាក់ លោក Warren Buffet ត្រូវបានគេទទួលស្គាល់ថា ជាបុគ្គលដែលបានចែករំលែកនូវចំណេះដឹង ក៏ដូចជាបទពិសោធន៍រកស៊ីជាច្រើនដល់សហគ្រិនដ៏ទៃទៀត។ លោកជាមនុស្សដែលចូលចិត្តអានសៀវភៅបំផុតព្រោះថា កាលពីពេលលោកចាប់ផ្ដើមវិនិយោគដំបូងៗ លោកចំណាយពេលអានសៀវភៅក្នុងមួយថ្ងៃៗ ៦០០ទំព័រ ឬពេលខ្លះ ៧៥០ទំព័រ ឬជួនកាលរហូតដល់ ១០០០ទំព័រក៏មានដែរ។
មហាសេដ្ឋីរូបនេះក៏បានណែនាំអ្នកដែលចង់ធ្វើជាវិនិយោគិនក្នុងពេលអនាគតឲ្យអានសៀវភៅ ៩ក្បាលដូចខាងក្រោម៖
១ សៀវភៅ "The Intelligent Investor" និពន្ធដោយលោក Benjamin Graham សៀវភៅនេះបានណែនាំដល់អ្នកវិនិយោគិនអំពី ការបណ្ដាក់ទុនដោយជោគជ័យដោយមិនចាំតម្រូវឲ្យមានស្ដង់ដារខ្ពស់ ពាណិជ្ជកម្មអស្ចារ្យ នោះទេ ប៉ុន្តែអ្វីដែលចាំបាច់ គឺគំនិតក្នុងការសម្រេចចិត្ត និងចេះគ្រប់គ្រងអារម្មណ៍ពេលមានឧបសគ្គកើតឡើង។
២ សៀវភៅ "Security Analysis" និពន្ធដោយលោក Benjamin Graham មហាសេដ្ឋីដដែលរូបនេះធ្លាប់លើកឡើងថា សៀវភៅនេះបរិយាយអំពីការសង្កេតមើលពីស្ថានភាពរបស់ក្រុមហ៊ុន។ ពេលដែលអ្នកវិនិយោគពិនិត្យបានគ្រប់ជ្រុងជ្រោយហើយ គឺអាចរកឃើញតម្លៃក្រុមហ៊ុនមួយ ហើយបើទីផ្សារមានហើយ តម្លៃក្រុមហ៊ុនក៏មានដែរ។
៣ សៀវភៅ "Common Stocks and Uncommon Profits" និពន្ធដោយលោក Philip Fisher ខ្លឹមសារនៅក្នុងសៀវភៅនេះត្រូវបានលោក Philip Fisher បញ្ជាក់ថា ការកំណត់នៅលើរបាយការណ៍ហិរញ្ញវត្ថុគឺមិនទាន់គ្រប់គ្រាន់ទេ តែការផ្ដោតលើការវាយតម្លៃពីការគ្រប់គ្រងរបស់ក្រុមហ៊ុនគឺជារឿងសំខាន់ថែមមួយកម្រិតទៀត។
៤ សៀវភៅ "Stress Test: Reflections on Financial Crises" និពន្ធដោយលោក Tim Geithner មហាសេដ្ឋី Buffett បានបញ្ជាក់ថា សៀវភៅរបស់អតីតរដ្ឋមន្ត្រីក្រសួងរតនាគារស្ដីពីវិបត្តិហិរញ្ញវត្ថុរូបនេះគឺអ្នកគ្រប់គ្រងគ្នាត្រូវតែអានជាចាំបាច់។ សៀវភៅជាច្រើនឃើញច្រើនតែសរសេរពីរបៀបគ្រប់គ្រងអង្គការ ឬស្ថាប័នតាមរយៈពេលពេលវេលាតឹងតែង ប៉ុន្តែសៀវភៅរបស់លោក Geithner បានសរសេរពីការដឹកនាំរបស់រដ្ឋាភិបាលតាមរយៈវិបត្តិសេដ្ឋកិច្ច។
៥ សៀវភៅ "The Essays of Warren Buffett" ជាស្នាដៃរបស់លោក Warren Buffett ខ្លឹមសារក្នុងសៀវភៅរបស់មហាសេដ្ឋី Warren Buffett បានលើកជាសំណួរត្រិះរិះថា នៅក្នុងការប្រកួតគ្នាផ្នែកបញ្ញាស្មារតីមិនថាលេងអុក លេងបៀ ឬក៏លេងភាគហ៊ុនអ្វីនោះទេ តើគេអាចយកឈ្នះលើគូប្រជែងខ្លួនបានយ៉ាងម៉េចកើត បើសិនជាយើងមានគំនិតថា ការគិតច្រើនគឺនាំឲ្យតែខ្ជះខ្ជាយពេលវេលានោះ?
៦ សៀវភៅ "Jack: Straight From The Gut" សរសេរដោយលោក Jack Welch អ្នកនិពន្ធសៀវភៅនេះត្រូវបានមហាសេដ្ឋី Buffett ចាត់ទុកថាជាអ្នកមានបញ្ញាវៃឆ្លាត និងមានកម្លាំងខ្លាំង។ រីឯខ្លឹមសារក្នុងសៀវភៅនេះវិញគឺ លោក Jack Welch បានផ្ដោតទៅលើការធ្វើពាណិជ្ជកម្មសម័យទំនើបជាហេតុធ្វើឲ្យប្រវត្តិផ្ទាល់ខ្លួនលោកបានក្លាយជាមេរៀនដ៏មានតម្លៃសម្រាប់អ្នកគ្រប់គ្រងស្ទើរតែទាំងអស់។
៧ សៀវភៅ "The Outsiders" តាក់តែងដោយលោក William Thorndike, Jr. សៀវភៅ Outsiders នេះត្រូវបានលោក Buffett សរសើរថាជាសៀវភៅដ៏ល្អមួយក្បាលនិយាយពីសកម្មភាពធ្វើជំនួញរបស់ក្រុម CEO ដែលបានចាត់ចែងមូលធនបានត្រឹមត្រូវ។ នៅត្រង់ជំពូក១គឺនិយាយពីនាយកម្នាក់ឈ្មោះ Tom Murphy ដែលលោក Buffett និយាយថាគឺជាគ្រប់គ្រងខាងពាណិជ្ជកម្មដ៏ល្អបំផុតដែលលោកមិនធ្លាប់ឃើញពីមុនមក។ មិនតែប៉ុណ្ណោះសៀវភៅនេះក៏បាននិយាយពីការធ្វើពាណិជ្ជកម្មដ៏សំខាន់បំផុតមួយនៅអាមេរិករបស់ទស្សនាវដ្ដី Forbes ផងដែរ៕