លក្ខណៈពិសេស៦យ៉ាងរបស់វប្បធម៌ធ្វើជំនួញជនជាតិចិន ដែលនាំឲ្យពួកគេទៅដល់ណាធ្វើជាអ្នកមាននៅទីនោះ
កាលពីមុនអ្នកមានគំនិត និងមហាសេដ្ឋីភាគច្រើនសុទ្ធតែប្រមូលផ្ដុំគ្នានៅបណ្ដាប្រទេសខាងលិចទាំងអស់ ជាហេតុនាំឲ្យពួកនេះបង្កើនឥទ្ធិពលរបស់ពួកគេក្នុងវិស័យធ្វើជំនួញយ៉ាងក្រៃលែង។ យ៉ាងណាមិញសភាពការណ៍មិនមែនចេះតែនៅនឹងថ្កល់មួយកន្លែង គ្មានការផ្លាស់ប្ដូរអ្វីនោះទេ តួយ៉ាងដូចដែលមនុស្សទូទាំងសកលលោកបានឃើញស្រាប់ហើយថា បច្ចុប្បន្ននេះប៉ែកខាងអាសីុ ជាពិសេសមហាអំណាចចិននេះឯង ក៏សម្បូរដោយមហាសេដ្ឋីប្រាក់ពាន់លាន់មិនតិចនាក់នោះដែរ។
អ្វីដែលពិសេសនោះ ជនជាតិចិន មិនបាននៅក្នុងប្រទេសចិន ឬ នៅបរទេសភាគច្រើន គឺសុទ្ធតែមានជីវភាពល្អ មិនចាញ់ម្ចាស់ស្រុកនោះឡើយ។ មានន័យថា បើមកខ្មែរ គឺភាគច្រើនធ្វើជាអ្នកមាននៅខ្មែរ បើទៅអាហ្រ្វិក គឺនៅតែជាអ្នកមាននៅអាហ្រ្វិក។
១) ការទទួលស្វាគមន៍
វប្បធម៌របស់ចិនមិនប្រើការចាប់ដៃគ្នាដើម្បីរាក់ទាក់ស្វាគមន៍គ្នាដូចប៉ែកខាងលិចនោះទេ។ ដោយឡែកអ្នកអាចចាប់ដៃពួកគេទៅវិញបាន ប៉ុន្តែអ្នកត្រូវរង់ចាំឲ្យពួកគេរាក់ទាក់ស្វាគមន៍អ្នកដោយការបន្ទន់ខ្លួន ឬងក់ក្បាលជាមុនសិន។ ម្យ៉ាងទៀតពួកគេឲ្យតម្លៃលើការទះដៃអបអរសាទរក្នុងចំណោមហ្វូងមនុស្សច្រើនផងដែរ។
២) ឥរិយាបថបង្ហាញការគោរព
ជាធម្មតានៅពេលភាគីជំនួញទាំងសងខាងជួបគ្នា ពួកគេតែងដោះដូរប័ណ្ណសម្គាល់ខ្លួនជាផ្លូវការរបស់ខ្លួនទៅវិញទៅមក។ ដើម្បីបង្ហាញការគោរពរបស់អ្នកចំពោះពួកគេ ឥរិយាបថដែលអ្នកត្រូវមានគឺទទួលយកប័ណ្ណសម្គាល់ខ្លួនរបស់សហគ្រិនចិនទាំងនោះដោយដៃពីរ និងចៀសវាងយកប័ណ្ណនេះទៅទុកក្នុងហោប៉ៅខោរបស់អ្នក យល់ល្អអ្នកគួរមានប្រអប់សម្រាប់ដាក់ប័ណ្ណទើបជាការប្រសើរ។
៣) គោរពមុខតំណែងរបស់ពួកគេ
មុខតំណែងរបស់បុគ្គលធ្វើការក្នុងស្ថាប័នការងារសម្រាប់ជនជាតិចិន គឺជារឿងដ៏សំខាន់បំផុតមួយ។ ពួកគេពេញចិត្តឲ្យអ្នកហៅឈ្មោះពួកគេដោយភ្ជាប់ជាមួយមុខតំណែងដែលពួកគេមាន ជាជាងហៅលោក ឬលោកស្រី។ ម្យ៉ាងទៀតសូម្បីតែការជួបជុំអាហារពេលថ្ងៃក៏ដោយល្ងាចក៏ដោយ និងការប្រជុំពិភាក្សា ក៏តម្រូវឲ្យរៀបចំកន្លែងអង្គុយទៅតាមឋានៈយសស័ក្ដិរបស់បុគ្គលនីមួយៗផងដែរ។ ជនជាតិចិនតែងឲ្យតម្លៃអ្នកដែលមានឋានៈខ្ពស់ជាងគេជាបុគ្គលនាំមុខក្នុងកិច្ចប្រជុំ ដូច្នេះអ្នកដែលដើរចូលមកមុនគេក្នុងបន្ទប់ប្រជុំនឹងត្រូវបានចាត់ទុកថាជាបុគ្គលសំខាន់ហើយ។
៤) ភាពទៀងទាត់
អ្នកធ្វើជំនួញរបស់ចិនក៏ដូចជាបណ្ដាជនជាតិដទៃទៀតដែរ គឺតែងឲ្យតម្លៃលើការគោរពពេលវេលាជានិច្ច។
៥) ការតុបតែងខ្លួន
ពួកគេមានលក្ខណៈជាមនុស្សអភិរក្សនិយមទៅលើការតុបតែងខ្លួន ជាពិសេសសម្រាប់កិច្ចប្រជុំជាផ្លូវការបែបនេះ។ ពួកគេមិនចូលចិត្តការស្លៀកពាក់បែបណាដែលបង្ហាញពីរាងកាយពេកនោះទេ បើជាបុរសពួកគេស្លៀកពាក់សំលៀកបំពាក់ពណ៌ស្រគត់ស្រគំ មិនឆើតឆាយ។ ឯនារីវិញចៀសវាងស្បែកជើងកែងចោត និងរូបខ្លីជាដើម។
៦) ចិត្តគំនិតក្នុងការធ្វើជំនួញរបស់ចិន
អ្នកធ្វើជំនួញជាមួយពួកគេទាល់តែត្រូវមានភាពអត់ធ្មត់ ព្រោះមិនមែនគ្រាន់តែជួបគ្នាម្ដងជាពីរដងហើយចុះកិច្ចសន្យាព្រមព្រៀងជាមួយអ្នកនោះទេ។ អ្វីដែលសំខាន់គឺពួកគេត្រូវសាងទំនាក់ទំនងឲ្យមានការជឿទុកចិត្តគ្នាបានជាមុនសិន។ ម្យ៉ាងទៀតពួកគេជាអ្នកមានជំនឿលើប្រពៃណីរបស់ខ្លួនយ៉ាងក្រាស់ក្រែលដូចជា ត្រូវមើលលើថ្ងៃខែឆ្នាំណាទើបមានសំណាងល្អ ការទស្សន៍ទាយហោរាសាស្ត្រជាដើម៕
ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ laowaicareer