តើអត្តចរិតរបស់មនុស្សintrovert (មនុស្សមានលក្ខណៈស្ងៀមស្ងាត់)អាចឲ្យពួកគេជោគជ័យផ្នែកគ្រប់គ្រងហិរញ្ញវត្ថុបានយ៉ាងដូចម្ដេច ?
សព្វវត្ថុទាំងឡាយនៅលើលោកនេះតែងមានគុណសម្បត្តិនៅផ្នែកខាងចុងម្ខាង និងគុណវិបត្តិនៅផ្នែកខាងចុងម្ខាងទៀត ដូច្នេះអ្នកមិនអាចទទួលបានភាពល្អ ឬភាពអាក្រក់តែម្យ៉ាងពីអ្វីៗទាំងអស់ដែលធាតុផ្សំរបស់វាពីធម្មជាតិមានទាំងល្អនិងអាក្រក់នោះទេ។
នាសម័យបច្ចេកវិទ្យាទំនើប ដែលមានលក្ខណៈប្រកួតប្រជែងគ្នាលើគ្រប់វិស័យយ៉ាងបំផុសបំផុលគ្រប់វិនាទីនេះ ឥរិយាបថដែលបង្ហាញពីអត្តចរិតចូលចិត្តទំនាក់ទំនងក្នុងសង្គម មានភាពប៉ិនប្រសប់ក្នុងសិល្បៈចរចាជាមួយអ្នកដទៃ ប្រថុយប្រថាន និងរហ័សរហួនជាដើមសុទ្ធតែជាអត្តចរិតដែលមនុស្សសម័យបច្ចុប្បន្ននេះឲ្យតម្លៃយ៉ាងក្រៃលែង ដែលអត្តចរិតទាំងអស់នេះហើយគឺជាគុណសម្បត្តិដែលតំណាងឲ្យមនុស្សextrovert (មនុស្សដែលមានទំនាក់ទំនងសង្គមច្រើន)។ យ៉ាងណាមិញដូចដែលបានបង្ហាញពីខាងលើមក គ្រប់យ៉ាងតែងមានគុណសម្បត្តិនិងគុណវិបត្តិរបស់វាមកទន្ទឹមជាគូនឹងគ្នាជានិច្ច។
ដូច្នេះចំពោះបុគ្គលទាំងឡាយណាដែលមានអត្តចរិតផ្ទុយស្រឡះពីអ្វីដែលជាទីត្រូវការរបស់មនុស្សភាគច្រើន ដែលសំដៅទៅលើមនុស្សដែលតែងតែផ្ដោតទៅលើផ្នែកខាងក្នុងរបស់ខ្លួន ជាមនុស្សintrovert (មនុស្សមានលក្ខណៈស្ងៀមស្ងាត់) ដែលទទួលបានអំណាចថាមពលពីខាងក្នុង ដែលខុសពីមនុស្សextrovert ដែលអំណាចថាមពលរបស់ពួកគេស្ថិតនៅខាងក្រៅនៅពេលទំនាក់ទំនងជាមួយមនុស្សក្នុងសង្គមច្រើន មិនមែនមានន័យថាពួកគេមិនអាចសម្រេចជោគជ័យអ្វីក្នុងជីវិតនោះទេ។ បើវិភាគឲ្យបានស៊ីជម្រៅទៅលើអត្តចរិតមនុស្សintrovertដែលតំណាងឲ្យប្រភេទនៃអត្តចរិតដែលមហាសេដ្ឋីពិភពលោក Bill Gates និងដៃគូដ៏ស្អិតល្មួតរបស់លោកគឺ វិនិយោគិនដ៏ឈ្លាសវៃ Warren Buffet ចំពោះចំណេះដឹងហិរញ្ញវត្ថុ ប្រហែលជាពួកគេនេះហើយដែលអាចមានប្រៀបជាងមនុស្សextrovert ដោយហេតុផលជាក់ស្ដែងមួយចំនួន។
១) ពួកគេមិនចេះតែធ្វើតាមសន្ទុះចិត្តចង់របស់ខ្លួនភ្លាមៗនោះទេ៖ មកដល់ដំណើរការណ៍នៃការសម្រេចចិត្តទៅលើរឿងសំខាន់ៗ មនុស្សintrovertនេះអាចដូចពាក្យខ្មែរយើងតែងមានថា "មនុស្សអន្ទង់វែងឆ្នាំងវែង" ក៏ព្រោះតែពួកគេជាអ្នកគិតគូរល្អិតល្អន់ មានសេចក្ដីប្រុងប្រយ័ត្នខ្ពស់ និងចូលចិត្តចំណាយពេលវេលាបន្តិចដើម្បីធ្វើការស្រាវជ្រាវឲ្យបានច្បាស់លាស់ជាមុនមុននឹងធ្វើការដាក់ទុនវិនិយោគ ដែលជាកិច្ចការប្រថុយប្រថាននឹងគ្រោះថ្នាក់មួយ។ អត្តចរិតនេះមានផលល្អសម្រាប់សន្សំសាងភាពមានបានក្នុងរយៈពេលវែងនាអនាគតខាងមុខ។
២) ពួកគេជាបុគ្គលដ៏មានសមត្ថភាពខ្ពស់នៅកន្លែងការងាររបស់ពួកគេ៖ ការណ៍ដែលពួកគេទទួលបានអំណាចថាមពលពីខាងក្នុង នោះបញ្ជាក់ថាពួកគេមិនសូវចូលចិត្តការសន្ទនាច្រើនជាមួយអ្នកដទៃ និងមិត្តរួមការងារមួយចំនួនហើយ។ ថ្វីត្បិតតែនេះអាចចាត់ទុកជាចំណុចខ្វះខាតរបស់ពួកគេ ប៉ុន្តែបើនិយាយអំពីការបំពេញការងាររបស់មនុស្សប្រភេទនេះវិញ ការផ្ដោតតែទៅលើថាមពលខាងក្នុងផ្ដល់ឲ្យពួកគេនូវការផ្ចង់អារម្មណ៍យកចិត្តទុកដាក់ចំពោះការងារចំពោះមុខ និងមនសិការដែលរំពឹងទុកពីខ្លួនឯងនូវគុណភាពការងារដ៏ល្អ ជាមនុស្សប្រកបដោយភាពច្នៃប្រឌិតនិងពូកែដោះស្រាយបញ្ហាផងដែរ៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ gobankingrates