តើការគិតដូចម្ដេចដែលនាំលោក Tony Robbins ក្លាយជាមហាសេដ្ឋីមានទ្រព្យសម្បត្តិ ៥០០លានដុល្លារបាន ?
បើអ្នកចង់ក្លាយជាមហាសេដ្ឋី ទាល់តែអ្នកត្រូវមានការគិតឲ្យដូចមហាសេដ្ឋី។ បើដូច្នេះ តើការគិតរបៀបណាដែលជាលក្ខណៈនៃការគិតរបស់មហាសេដ្ឋី ? លោក Tony Robbins គឺជាវិនិយោគិនដ៏ល្បីឈ្មោះនិងជាមហាសេដ្ឋីមានទ្រព្យសម្បត្តិប្រមាណ៥០០លានដុល្លារ បានដកស្រង់នូវលក្ខណៈនៃការគិតដែលនាំអ្នកសាងភាពមានបាន និងក្លាយជាមហាសេដ្ឋីនៅក្នុងសៀវភៅដែលលក់ដាច់បំផុតរបស់លោកដែលមានចំណងជើងថា "Unshakable" ដែលមានបង្ហាញដូចនៅខាងក្រោមនេះ។
១) ត្រូវមានភាពរឹងមាំទាំងផ្នែករូបរាងកាយនិងផ្នែកផ្លូវចិត្ត៖ ភាពរឹងមាំផ្នែករូបរាងកាយពិតជាមានសារៈសំខាន់ ប៉ុន្តែការមានសុខភាពផ្លូវកាយល្អតែម្យ៉ាងនៅមិនទាន់គ្រប់គ្រាន់នោះទេសម្រាប់រួមចំណែកដល់វិថីនៃសេរីភាពហិរញ្ញវត្ថុរបស់អ្នក។ បើកាលណាផ្លូវចិត្តរបស់អ្នកត្រូវបានហ្វឹកហាត់បណ្ដុះឲ្យមានចិត្តគំនិតរឹងមាំ នោះអ្នកនឹងអាចប្រឈមមុខទប់ទល់នឹងភាពភ័យខ្លាចដោយគ្មានភាពរួញរានោះឡើយ។ ដូច្នេះអ្នកមិនត្រឹមតែហាត់ប្រាណដើម្បីសុខភាពផ្លូវកាយនោះទេ តែក៏ត្រូវរៀនសូត្របំប៉នចំណេះដឹងដល់ផ្លូវចិត្តរបស់អ្នកជាប្រចាំផងដែរ។
២) ត្រូវមានទម្លាប់សន្សំប្រាក់ដោយស្វ័យប្រវត្តិ៖ ការសន្សំប្រាក់នេះហើយគឺជាផ្នែកដ៏សំខាន់មួយក្នុងការសាងភាពមានបានរបស់អ្នកមានគ្រប់រូប។ ទោះតិចក្ដីច្រើនក្ដី អ្នកត្រូវដកចំណែកខ្លះដែលទទួលបានពីប្រាក់ខែរបស់អ្នកជាប្រចាំខែ ចំណាយមុនគេទៅលើការសន្សំសម្រាប់ប្រយោជន៍ក្នុងរយៈពេលវែងខាងមុខ។ នៅពេលអ្នកកាន់តែឆាប់សន្សំប៉ុណ្ណា នោះច្រើនឆ្នាំកន្លងផុតទៅប្រាក់សន្សំរបស់អ្នកនឹងប្រមូលផ្ដុំគ្នាបានកាន់តែច្រើនប៉ុននោះដែរ។
៣) ត្រូវមានគោលដៅជាក់លាក់៖ លោក Tony Robbins បាននិយាយថា៖ "នៅពេលអ្នកគិតថាតើអ្វីទៅធ្វើឲ្យនរណាម្នាក់ក្លាយជាអ្នកដឹកនាំបាន នោះគឺជាទស្សនវិស័យនិងភាពប្រាកដប្រជានេះហើយ"។ ការមានគោលដៅប្រមើលទុកសម្រាប់ពេលអនាគតបានច្បាស់លាស់ នោះវានឹងក្លាយជាអ្វីដែលមកជំរុញអ្នកឲ្យទៅមុខ មិនមែនអ្នកទៅខំរុញវាឲ្យទៅមុខនោះទេ បើទោះជានៅក្នុងស្ថានភាពអស់សង្ឃឹមដែលស្ទើរតែបោះបង់ចោលក៏ដោយ។ ដូច្នេះវាជាការចាំបាច់ណាស់ដែលអ្នកត្រូវរកឲ្យឃើញថាតើអ្វីទៅជាជំនក់ចិត្តដ៏ខ្លាំងក្លារបស់អ្នកនោះ។
៤) មិនត្រូវគិតថាការប្រថុយប្រថានធំស្មើនឹងពានរង្វាន់ធំដែរនោះទេ៖ ការវិនិយោគគឺជាគន្លឹះសាងភាពមានបានដ៏ល្អបំផុតមួយ ប៉ុន្តែអ្នកក៏ត្រូវស្គាល់ឲ្យច្បាស់ពីការប្រថុយប្រថានឲ្យដូចនឹងពានរង្វាន់នោះដែរ។ លោកបានណែនាំថាអ្នកមិនត្រូវគិតថាការប្រថុយប្រថានធំមានន័យដូចគ្នានឹងពានរង្វាន់ដែលទទួលបានមកវិញធំដែរនោះទេ ប៉ុន្តែត្រូវគិតថាធ្វើបែបណាទើបមានការប្រថុយប្រថានតិចបំផុតតែទទួលបានពានរង្វាន់អស្ចារ្យបំផុត ដោយរៀបចំផែនការទុកជាមុនបែបណាដែលអាចការពារខ្លួនក្នុងស្ថានការណ៍អាក្រក់ដែលអាចកើតឡើង និងទទួលលាភសំណាងក្នុងស្ថានការណ៍ដ៏ល្អបំផុត៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ gobankingrates