ដំបូន្មានមាស៣យ៉ាង ពីលោក Bill Gates អ្នកមានជាងគេលេខពីរក្នុងលោក
រៀងរាល់ពេលដែលមនុស្សរាល់គ្នាលើកឡើងពីភាពងាយស្រួលដែលបច្ចេកវិទ្យាទំនើបនាសតវត្សទី២១នេះបានផ្លាស់ប្ដូរកែប្រែការរស់នៅរបស់មនុស្សជាតិ គេតែងនឹកឃើញដល់គុណបំណាច់របស់លោក Bill Gates ដែលជាមហាសេដ្ឋីនិងជាសហស្ថាបនិករបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft មិនដែលខានឡើយ។ មកទល់ពេលនឹងឆ្នាំ២០១៨ នេះទ្រព្យសម្បត្តិចំនួន ៩៤,៤ពាន់លានដុល្លារ បានធ្វើឲ្យលោកក្លាយជាមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនជាងគេលេខពីរនៅលើពិភពលោក។ តើដំបូន្មានអ្វីដែលគាត់បានផ្ដល់ចំពោះអ្នកជំនាន់ក្រោយអំពីអ្វីដែលពួកគេគួរវិនិយោគប្រាក់ទៅលើ ?
១) វិនិយោគទៅលើការអប់រំ៖ ថ្វីត្បិតតែសហស្ថាបនិកក្រុមហ៊ុន Microsoftរូបនេះឋិតក្នុងចំណោមបុគ្គលជោគជ័យយ៉ាងធំធេងជាច្រើននាក់ដទៃទៀត ដែលបានបោះបង់វ័យទទួលយកការអប់រំពីសាកលវិទ្យាល័យរបស់ខ្លួនក៏ដោយ ក៏លើកតែងលើកទឹកចិត្តឲ្យអ្នកជំនាន់ក្រោយទទួលយកការអប់រំឲ្យបានខ្ពង់ខ្ពស់ក្នុងសាលាដែរ ព្រោះកម្រិតការអប់រំកាន់តែខ្ពស់ នឹងផ្ដល់ឲ្យអ្នកវិញនូវប្រាក់ខែខ្ពស់ទៅតាមនោះដែរ។
២) ឲ្យតម្លៃចំពោះការរិះគន់ដែលមានមកលើអ្នក៖ ការណ៍ដែលលោកប្រកាន់យកគោលការណ៍មួយសម្រាប់អនុវត្តក្នុងដំណើរជីវិតជាសហគ្រិនរបស់លោកដែលថា "អ្នកគួរត្រួតពិនិត្យទៅលើការរអ៊ូរទាំពីអតិថិជនរបស់អ្នកជាជាងហិរញ្ញវត្ថុដែលក្រុមហ៊ុនអ្នកមាន" បានធ្វើឲ្យលោករៀនសូត្រពីអ្វីដែលជាចំណុចខ្វះខាតដែលខ្លួនមើលរំលង និងខិតខំស្វែងរកដំណោះស្រាយបំពេញចិត្តអតិថិជន ទើបក្រុមហ៊ុន Microsoftអាចក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលតែងតែស្ថិតនៅក្នុងជម្រើសទី១របស់អតិថិជនដ៏ច្រើនលាននាក់នេះឯង។
៣) រៀននិយាយថា "ទេ"៖ អ្នកអាចឆ្លើយតបថា "ទេ" ទៅកាន់រឿងមួយចំនួនដែលចូលមកក្នុងជីវិតប្រកបដោយភាពឈ្លាសវៃបាន លុះត្រាតែអ្នកដឹងច្បាស់ថាអ្វីទើបសំខាន់សម្រាប់អ្នកពិតប្រាកដ អ្វីជាអាទិភាពរបស់អ្នកដែលត្រូវការវត្តមាននិងការយកចិត្តទុកដាក់របស់អ្នកយ៉ាងចាំបាច់។ ទោះជាបុគ្គលជោគជ័យក្ដី ឬបុគ្គលមិនទាន់ជោគជ័យក្ដី សុទ្ធតែមានពេលតែ២៤ម៉ោងដូចគ្នា តែអ្វីដែលជាភាពខុសគ្នារវាងមនុស្សទាំងពីរនោះគឺថា តើពួកគេប្រើប្រាស់ពេលវេលារបស់ខ្លួនយ៉ាងដូចម្ដេចនេះឯង។ បើអ្នកទទួលយករឿងគ្រប់យ៉ាងសូម្បីតែរឿងតូចតាច មិនសូវសំខាន់ នោះអ្នកនឹងបាត់បង់ពេលវេលាសម្រាប់លះបង់ទៅធ្វើអ្វីដែលសំខាន់ដែលអាចផ្លាស់ប្ដូរពិភពលោកមិនខាន៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ gobankingrates