សម្រង់មេរៀនដ៏ល្អបំផុតពីសៀវភៅសម្រាប់សហគ្រិនខ្លឹមៗចំនួន៣ក្បាល
ពិតប្រាកដណាស់ថា ត្រឹមតែបានអានបណ្ដើរស្រមើស្រមៃរវើរវាយបណ្ដើរទៅតាមសិល្បៈនៃការពន្យល់ និងការបកស្រាយរបស់អ្នកនិពន្ធដែលមានចំណេះដឹង ឬមានបទពិសោធន៍ជាក់ច្បាស់ដោយខ្លួនឯងផ្ទាល់ក្នុងការធ្វើអាជីវកម្ម មិនអាចប្រៀបផ្ទឹមអ្វីទៅនឹងបានជួប បានឃើញដោយបទពិសោធន៍ខ្លួនឯងនោះឡើយ។
ក៏ប៉ុន្តែយ៉ាងហោចណាស់ ការអានស្នាដៃនិពន្ធរបស់បុគ្គលជោគជ័យទាំងនោះក៏បានជួយបើកទ្វារបង្ហាញផ្លូវឲ្យយើងជាអ្នកអាននោះស្រមៃថាបើដើរលើផ្លូវមួយនេះ វាអាចទៅជាយ៉ាងណា ហើយផ្លូវផ្សេងវិញ វាអាចទៅជាយ៉ាងណាវិញ ដើម្បីឲ្យយើងអាចត្រៀមខ្លួនទុកជាមុន និងកុំឲ្យដូចខ្មែរចាស់បុរាណតែងនិយាយថាដំឡូងមូលសុទ្ធ ឬមិនយល់ដឹងអ្វីសោះនេះឯង។ ជាពិសេសបើសម្រាប់អនាគតសហគ្រិនវិញ ការសិក្សាពីចំណេះដឹងនៃការធ្វើអាជីវកម្មពីការអានសៀវភៅ រឹតតែជាគ្រឿងផ្សំដ៏សំខាន់សម្រាប់ភាពជោគជ័យដែលមិនអាចខ្វះបានឡើយ។
ខាងក្រោមនេះគឺជាសម្រង់សៀវភៅខ្លឹមៗចំនួន៣ក្បាល ព្រមទាំងភ្ជាប់ជាមួយមេរៀនពីសៀវភៅទាំងនេះ ដែលជាអាហារជំនួយការគិតដ៏ល្អបំផុតសម្រាប់សហគ្រិនគ្រប់រូប៖
១) A Paperboy's Fable: The 11 Principles of Success ដោយ Deep Patel
អ្នកនិពន្ធដែលជាក្មេងប្រុសសិស្សសាលាអាយុទើបតែ១៧ឆ្នាំនេះ និងអ្វីដែលសៀវភៅមួយក្បាលដែលបានជាប់ជាសៀវភៅសហគ្រិនដ៏ល្អបំផុតប្រចាំឆ្នាំ២០១៦នេះ បានបង្រៀនដល់អ្នកមានបំណងចង់ចាប់ផ្ដើមអាជីវកម្មទាំងឡាយនោះគឺ បើទោះជាអ្នកជាសហគ្រិនដ៏កំពូលដែលកំពុងចាប់ដំណើរការណ៍អាជីវកម្មរបស់អ្នកក៏ដោយ ឬក៏ត្រឹមតែជាក្មេងប្រុសបោះក្រដាសកាសែតនៅតាមផ្ទះក៏ដោយ អ្នកអាចពង្រីកអាជីវកម្មរបស់អ្នកបានដោយការឧទ្ទិសលះបង់របស់អ្នក កម្លាំងជំរុញទៅមុខ និងការប្ដេជ្ញាចិត្ត។ វាមិនមែនកើតឡើងត្រឹមតែ១យប់នោះទេ ប៉ុន្តែវានឹងវិវត្តបន្តិចម្ដងៗទៅរកភាពជោគជ័យមិនខាន។
២) Hustle: The Power to Charge Your Life With Money, Meaning and Momentum ដោយ Neil Patel, Patrick Vlaskovits and Jonas Koffler
មេរៀនដ៏ល្អបំផុតពីសៀវភៅមួយក្បាលនេះគឺ វាមិនគ្រប់គ្រាន់នោះឡើយដែលអ្នកមានត្រឹមតែសុបិន អ្នកត្រូវតែចេញទៅសម្រេចវាយ៉ាងសកម្ម។ មនុស្សម្នាក់ៗតែងនិយាយពីក្ដីសុបិនដែលពួកគេមាន ប៉ុន្តែបែរជាមិនធ្វើអ្វីសោះដើម្បីកែប្រែវាឲ្យក្លាយជាការពិត ដូច្នេះចុងក្រោយក៏មិនអាចរស់នៅឲ្យស្គាល់ពីរសជាតិនៃជីវិតដែលខ្លួនចង់បាននោះ។ ពួកគេចេះតែឆ្ងល់ថាហេតុអ្វីពួកគេហាក់ដូចជាត្រូវគេវាយឲ្យដួល និងបរាជ័យក្នុងជីវិត ទាំងដែលពួកគេខ្លួនឯងដឹងនៅក្នុងជម្រៅចិត្តយ៉ាងច្បាស់ថាខ្លួនមានជម្រើសសម្រាប់ជីវិត។ ការពិត ស្ថិតនៅត្រង់ថា ក្នុងរយៈពេលវែងអ្នកនឹងមានតែជម្រើសតែមួយប៉ុណ្ណោះ នោះគឺមានក្ដីសុបិនជារបស់ខ្លួនឯង។ បើអ្នកបដិសេធ នោះអ្នកបានត្រឹមតែជាអ្នកមកសុំជ្រកកោនក្នុងក្ដីសុបិនរបស់អ្នកដទៃប៉ុណ្ណោះ។
៣) Grit: The Power of Passion and Perseverance ដោយ Angela Duckworth
អ្វីដែលអ្នកនិពន្ធនិងជាអ្នកជំនាញផ្នែកវិទ្យាសាស្ត្រប្រព័ន្ធប្រសាទ ហើយក៏ជាអ្នកចិត្តសាស្ត្ររូបនេះបានឲ្យតម្លៃទៅលើភាពក្លាហានចំពោះជោគជ័យនៃជីវិតនោះគឺ មានសេចក្ដីក្លាហានគឺជាការបោះជើងមួយជំហានឈានមុខអ្នកដទៃ។ មានសេចក្ដីក្លាហានគឺជាការមានជំនឿយ៉ាងមុតមាំទៅលើគោលដៅដ៏គួរឲ្យចាប់អារម្មណ៍ និងប្រកបដោយគោលបំណងជាក់លាក់។ មានសេចក្ដីក្លាហានគឺជាការវិនិយោគពេលមួយថ្ងៃទៅមួយសប្ដាហ៍ទៅមួយឆ្នាំទៅក្នុងការហ្វឹកហាត់ប្រកបដោយការប្រកួតប្រជែង។ មានសេចក្ដីក្លាហានគឺជាការដើរដួល៧ដង ហើយងើបឡើងវិញ៨ដងនេះឯង៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ success