រឿង ៣យ៉ាង ដែលអ្នកមិនគួរលះបង់នៅអំឡុងពេលចាប់ផ្ដើមអាជីវកម្មដំបូង​



តើ​អ្វី​ទៅ​ដែល​សំខាន់​បំផុត​នៅ​ក្នុង​ជីវិត​របស់​អ្នក ? អ្វី​ដែល​សំខាន់​បំផុត​សម្រាប់​អ្នក​វា​ក៏​មិន​ខុស​គ្នា​អំពី​អ្វី​ដែល​ទាក់ទាញ​ចិត្ត​អ្នក​ជាងគេ​ដែរ។ បើ​អ្វី​ដែល​មក​ទាក់ទាញ​ចិត្ត​អ្នក ជា​គោលដៅ​ខុស​ហើយ នោះ​ផ្លូវ​ដែល​អ្នក​ដើរ​ដើម្បី​ទៅ​សម្រេច​គោលដៅ​នោះ ក៏​មិន​នាំ​អ្នក​ទៅ​រក​សេចក្ដី​ត្រូវ និង​សេចក្ដី​សុខ​បាន​ដែរ។

នៅ​ពេល​អ្នក​បាន​ផ្ដល់​អាទិភាព​ឲ្យ​ការងារ ជា​អ្វី​ដែល​សំខាន់​បំផុត​សម្រាប់​អ្នក និង​ទុក​គ្រួសារ​ក្នុង​លំដាប់​បន្ទាប់ នោះ​ការងារ​នឹង​ក្លាយ​ជា​គោលដៅ​ចម្បង​មួយ​សម្រាប់​ឲ្យ​អ្នក​សម្រេច​វា​ឲ្យ​បាន។ គោលដៅ​ដែល​អ្នក​ដាក់​អាទិភាព​ឲ្យ​ការងារ​ក្នុង​លំដាប់​លេខ​រៀង​ទី១​ក៏​ព្រោះ​តែ​អ្នក​យល់​ថា​មាន​តែ​លុយ​ប៉ុណ្ណោះ​ទើប​អាច​ផ្ដល់​សេចក្ដី​សុខ​ឲ្យ​អ្នក​បាន។ លុះ​ពេល​អ្នក​សម្រេច​គោលដៅ​ដែល​អ្នក​យល់​ថា​សំខាន់​បំផុត​សម្រាប់​អ្នក​នេះ​ហើយ មាន​លុយ​ហើយ ប៉ុន្តែ​បែរ​ជា​ខ្វះ​សេចក្ដី​ស្រឡាញ់​និង​ភាព​កក់ក្ដៅ​ពី​អ្នក​ជាទី​ស្រឡាញ់។

នេះ​កើត​ឡើង​ក៏​ព្រោះ​តែ​អ្វី​ដែល​មក​ទាក់ទាញ​ចិត្ត​អ្នក​គឺជា​គោលដៅ​ខុស នោះ​ផ្លូវ​ដែល​អ្នក​ដើរ​ក៏​នាំ​អ្នក​ទៅ​រក​ផ្លូវ​ខុស ដែល​ចាក​ឆ្ងាយ​ចេញ​ពី​សេចក្ដី​ខុស​នេះ​ឯង។ ឧទាហរណ៍​មួយ​នេះ ចង់​ចង្អុល​បង្ហាញ​ថា​តើ​ការ​កំណត់​អ្វី​ទៅ​ដែល​សំខាន់​បំផុត​នៅ​ក្នុង​ជីវិត​យើង​ម្នាក់ៗ មាន​ភាព​សំខាន់​និង​មាន​ឥទ្ធិពល​ប៉ុណ្ណា​មក​លើ​អ្នក។ តួយ៉ាង បើ​អ្នក​កំពុង​តែ​ស្ថិត​ក្នុង​ស្ថានភាព​មួយ​នៃ​ការ​ចាប់ផ្ដើម​អាជីវកម្ម​ថ្មោងថ្មី​របស់​អ្នក អ្នក​នឹង​ត្រូវ​លះបង់​ច្រើន​យ៉ាង​ដើម្បី​សម្រេច​ទៅ​ឲ្យ​ដល់​គោលដៅ​ជា​អាជីវកម្ម​ដ៏​ជោគជ័យ​មួយ​បាន។

ដូច្នេះ ជោគជ័យ​ឬ​មិន​ជោគជ័យ​គឺ​អាស្រ័យ​ទៅលើ​ថា​តើ​អ្វី​សំខាន់​សម្រាប់​អ្នក​បំផុត។ បើ​មិន​ដូច្នោះ​ទេ​អ្នក​ងាយ​នឹង​លះបង់​អ្វី​ដែល​មិន​គួរ​លះបង់ និង​ចាប់​យក​អ្វី​ដែល​មិន​គួរ​ជា​រឿង​សំខាន់​បំផុត​ថា​ជា​រឿង​សំខាន់​បំផុត ដែល​ការ​កំណត់​គោលដៅ​ខុស​នឹង​នាំ​អ្នក​ឲ្យ​មើល​ឃើញ​តែ​ផ្លូវ​ខុស​នេះ​ឯង។ ដូច្នេះ តើ​រឿង​អ្វី​ខ្លះ​ដែល​អ្នក​មិន​គួរ​លះបង់​នៅ​អំឡុង​ពេល​នៃ​ការ​ចាប់ផ្ដើម​អាជីវកម្ម​ដំបូង​របស់​អ្នក ?

១) សុខភាព

ភាព​ជោគជ័យ​នៃ​អាជីវកម្ម​មួយ តើ​មិន​មែន​មាន​ឫសគល់​ចេញ​ពី​ការ​ច្នៃប្រឌិត​និង​ភាព​ឈ្លាសវៃ​និង​ប្រសិទ្ធភាព​របស់​អ្នក​ទេ​ឬ ? ក៏​ព្រោះ​តែ​ខួរក្បាល​គឺជា​ម៉ាស៊ីន​ផលិត​នូវ​គំនិត​ច្នៃប្រឌិត​ឲ្យ​អ្នក អ្នក​ចាំបាច់​ត្រូវ​ចេះ​ថែទាំ​វា​ដោយ​ការ​យកចិត្តទុកដាក់​បំផុត។ អ្នក​មិន​អាច​បង្ខំ​ម៉ាស៊ីន​ដែល​មិន​បាន​ថែទាំ​ឲ្យ​បាន​ល្អ និង​ខូច​ហើយ ឲ្យ​វា​ដំណើរការណ៍​រលូន​និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ឲ្យ​អ្នក​ដូច​ដែល​ម៉ាស៊ីន​ដែល​ពេល​យក​វា​មក​ដំបូង​នោះ​ទេ។ ដូច្នេះ​ហើយ របប​អាហារ​មាន​ជីវជាតិ ការ​ចេញ​ទៅ​ស្រូប​ខ្យល់​អាកាស​និង​ហាត់ប្រាណ ការ​គេង​ឲ្យ​បាន​ច្រើន​ម៉ោង​ដើម្បី​ឲ្យ​ខួរក្បាល​អ្នក​បាន​សម្រាក​និង​បញ្ចូល​ថាមពល​របស់​វា​ឡើង​មក​វិញ គួរ​តែ​ជា​អ្វី​ដែល​មាន​នៅ​ក្នុង​តារាង​អាទិភាព​របស់​អ្នក​ហើយ។

២) ក្រុម​គ្រួសារ

អ្នក​មិន​អាច​ហៅ​ខ្លួនឯង​ថា​ជា​បុគ្គល​ជោគជ័យ​បាន ដោយ​មិន​មាន​ភាព​ជោគជ័យ​នៅ​ក្នុង​ក្រុម​គ្រួសារ​បាន​នោះ​ទេ។ បើ​ទោះ​ជា​អ្នក​រក​ប្រាក់​បាន​ច្រើន​ប៉ុណ្ណា​ក៏​ដោយ នៅ​ពេល​ត្រឡប់​មក​ផ្ទះ​វិញ ទំនាក់ទំនង​អ្នក​រវាង​គ្រួសារ​ល្អក់​កករ​នឹង​គ្នា វា​នឹង​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​ការងារ​របស់​អ្នក រួម​ទាំង​សេចក្ដី​សុខ​របស់​អ្នក​និង​ក្រុម​គ្រួសារ​ទាំង​មូល​ផង​ដែរ។ នៅ​ពេល​អ្នក​ជួប​ប្រទះ​នឹង​បញ្ហា ដែល​បង្ក​ជា​អារម្មណ៍​តប់​ប្រមល់​ដល់​អ្នក មាន​តែ​គ្រួសារ​នេះ​ហើយ​ដែល​មិន​រត់​ទៅ​ណា​ចោល​អ្នក និង​ចាំ​ផ្ដល់​កម្លាំង​ចិត្ត​ដើម្បី​ឲ្យ​អ្នក​អាច​ប្រយុទ្ធ​ជាមួយ​ការ​លំបាក​ទាំងនោះ​បន្ត​ទៅ​ទៀត។

៣) ចក្ខុវិស័យ

នៅ​ពេល​ចាប់ផ្ដើម​អាជីវកម្ម​ដំបូង ភាព​ទន់ជ្រាយ​ដែល​កកើត​ចេញ​ពី​មូលដ្ឋាន​គ្រឹះ​មិន​រឹងមាំ​ងាយ​នឹង​អូសទាញ​អ្នក​ឲ្យ​ឆាប់​ជឿ​ពាក្យ​សម្ដី​អ្នក​ដទៃ មិន​ថា​ជា​ពាក្យ​បែប​ស្ថាបនា​ឬ​រិះគន់​បង្អាប់​អ្នក​នោះ​ឡើយ។ យ៉ាងណាមិញ បើ​អ្នក​សម្លឹង​ទៅ​ខាង​មុខ​ជាមួយ​នឹង​កែវ​ភ្នែក​ដ៏​មុត​ស្រួច នៅ​ក្នុង​ចិត្ត​មាន​លំនឹង​ប្រាកដ​ថា​ខ្លួនឯង​មាន​គោលដៅ​អ្វី​ដែល​ត្រូវ​សម្រេច នោះ​អ្វី​ផ្សេង​នៅ​ខាងក្រៅ​នឹង​មិន​ងាយ​មាន​ឥទ្ធិពល​អ្វី​ដែល​អាច​មក​អូសទាញ​អ្នក​ចេញ​ពី​ផ្លូវ​ឆ្ពោះ​ទៅ​សម្រេច​គោលដៅ​នោះ​បាន​ឡើយ។ ប៉ុន្តែ​នេះ​មិនមែន​មានន័យ​ថា​អ្នក​ត្រូវ​ចចេស​នៅ​នឹង​មួយ​កន្លែង​មិន​មាន​ភាព​បត់បែន​ក្នុង​ការ​សម្រប​ខ្លួនឯង​ទៅ​នឹង​ស្ថានការណ៍​ផ្លាស់ប្ដូរ​នោះ​ឡើយ។ ប៉ុន្តែ​ការ​មាន​គោលដៅ​ជាក់លាក់​នឹង​អាច​ឲ្យ​អ្នក​ចេះ​ថ្លឹងថ្លែង​រិះគិត​ពិចារណា​ដោយ​ខ្លួនឯង​ថា​តើ​ផ្លូវ​ថ្មី​មួយ​នេះ​វា​យ៉ាង​ដូចម្ដេច។ ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ​ឬ​ផ្លូវ​ដើរ​របស់​អ្នក បើ​ចាំបាច់ តែ​មិន​ត្រូវ​ផ្លាស់ប្ដូរ​គោលដៅ​របស់​អ្នក​ក៏​ព្រោះ​តែ​វា​មិន​ដំណើរការណ៍​ទៅ​មុខ​នោះ​ឡើយ៕

ដោយ៖ ស្រីពៅ

X
5s