តើអ្វីទៅជាបច្ចេកវិទ្យាផ្តល់សេវាហិរញ្ញវត្ថុ FINTECH?
នៅក្នុងយុគសម័យនៃសាកលភាវូនីយកម្ម បច្ចេកវិទ្យាបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការ ទំនាក់ទំនង ការសិក្សាស្រាវជ្រាវ ព្រមទាំងជំរុញវឌ្ឍនភាពសេដ្ឋកិច្ចយ៉ាងសកម្ម។ បច្ចេកវិទ្យាបាននាំមកនូវ ភាពសុខុដុមរមនាដល់ជីវភាពរស់នៅរបស់មនុស្ស ព្រមទាំងភាពរីកចម្រើនគ្រប់វិស័យ ក្នុងនោះរាប់ទាំងវិស័យហិរញ្ញវត្ថុផងដែរ។ បច្ចុប្បន្ននេះ ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការផ្តល់សេវាហិរញ្ញវត្ថុ (Fintech) បាននិងកំពុងពេញនិយម ជាខ្លាំងនៅក្នុងប្រទេសអភិវឌ្ឍដូចជាសហរដ្ឋអាមេរិក ជប៉ុន ហើយនិងប្រទេសដែលចាយប្រាក់អ៊ឺរ៉ូជាដើម។
ជាការ ពិតណាស់ Fintech ក៏ជាប្រធានបទមួយដ៏សំខាន់ផងដែរ ដែលប្រទេសកំពុងអភិវឌ្ឍមានជាអាទិ៍ ប្រទេសកម្ពុជា យើង បានលើកយកមកពិចារណា និង អភិវឌ្ឍនូវគម្រោងនានាពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុនេះ។ ដូច្នេះហើយ នៅក្នុងអត្ថបទនេះ លោកអ្នកនឹងបានស្វែងយល់ថាតើអ្វីទៅជា Fintech? “Fintech” គឺជាអក្សរកាត់ពីពាក្យ “Financial Technology” ដែលប្រែជាភាសាខ្មែរថា “បច្ចេកវិទ្យាហិរញ្ញវត្ថុ” គឺសំដៅដល់ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការផ្តល់សេវាផ្នែកហិរញ្ញវត្ថុ។ Fintech គឺជាគំនិតច្នៃប្រឌិតបែបវិទ្យាសាស្ត្រមួយដែលបានប្រែក្លាយការផ្តល់និងប្រើប្រាស់ហិរញ្ញវត្ថុជាសាច់ប្រាក់ មកជាការទូទាត់ដោយប្រព័ន្ធអេឡិច ត្រូនិចជំនួសវិញ។ Fintech ត្រូវបានប្រើប្រាស់នៅក្នុងប្រតិបត្តិការហិរញ្ញវត្ថុជាច្រើនដូចជា៖ ការធានារ៉ាប់រង (Insurance) ការទូទាត់ថ្លៃទំនិញ និង សេវា (Payments of Goods and Services) ការដាក់ប្រាក់បញ្ញើ និង ការផ្តល់កម្ចី (Deposit & Lending) ការផ្តល់សេវាធនាគារចល័ត និង ការបូបអេឡិចត្រូនិច (Mobile Banking & e-Wallets) ជាអាទិ៍។
ជាក់ស្តែង នៅក្នុងប្រទេសកម្ពុជាយើងបច្ចុប្បន្ន Fintech ក៏ត្រូវបានក្រុមហ៊ុនមួយចំនួនយកមកប្រើប្រាស់ ដើម្បីផ្គត់ផ្គង់ទំនិញ និង សេវាកម្មរបស់ពួកគេផងដែរ មានដូចជា៖ អេស៊ីលីដាយូនីធីទាន់ចិត្ត (ACLEDA Unity ToanChet) របស់ធនាគារអេស៊ីលីដា ដែលតាមរយៈសេវាកម្មនេះ អតិថិជនអាចប្រើប្រាស់ដើម្បីបង់ថ្លៃទឹកភ្លើង ផ្ទេរប្រាក់ បញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទដៃ និងការទូទាត់ផ្សេងៗទៀត ដោយគ្រាន់តែប្រើប្រាស់នូវទូរស័ព្ទដៃរបស់ខ្លួន ប៉ុណ្ណោះ។ ដូចគ្នាផងដែរ Pi Pay គឺប្រភេទមួយនៃ Fintech ដែលវាគឺជាកម្មវិធីទូទាត់គ្មានសាច់ប្រាក់តាមទូរស័ព្ទដៃ ស្មាតហ្វូន និង ជាកម្មវិធីផ្ទេរប្រាក់ឌីជីថល របស់ក្រុមហ៊ុន Pi Pay Asia។ គិតត្រឹមថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០១៧ នេះ គឺត្រឹមរយៈមួយខែប៉ុណ្ណោះបន្ទាប់ពីដាក់ឱ្យដំណើរការជាផ្លូវការ Pi Pay បានធ្វើការទូទាត់ក្នុងទំហំទឹកប្រាក់ ជាង ១ លានដុល្លារហើយ។
មិនខុសគ្នាពីក្រុមហ៊ុនខាងលើនោះទេ WING គឺជាក្រុមហ៊ុនមួយដែលនាំមុខគេក្នុងការប្រើប្រាស់ Fintech ដើម្បីផ្តល់សេវាហិរញ្ញវត្ថុដែលមានជាអាទិ៍៖ ការទូទាត់ប្រាក់ចល័ត ផ្ទេរប្រាក់ និង បញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទដៃ។ ក្រុមហ៊ុន WING ត្រូវបានបង្កើតឡើងក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ ២០០៩។ គិតមកដល់ពេលនេះ អ្នកប្រើប្រាស់ សេវាកម្ម WING មានចំនួនប្រហែលមួយលាននាក់ ដែលជាងពាក់កណ្តាលនៃចំនួនអ្នកប្រើប្រាស់គឺជាកសិករ។ អ្នកប្រើប្រាស់ប្រហែលជា ៧០% របស់ WING បានប្រើប្រាស់សេវាផ្ទេរប្រាក់ក្នុងស្រុក ចំនួន ២០% ប្រើប្រាស់សេវា ទូទាត់ថ្លៃទំនិញ និង សេវាកម្ម ហើយ ចំនួន ១០% ទៀតប្រើប្រាស់ប្រតិបត្តិការបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទ។ ជាការពិតណាស់ ការរីកចម្រើនយ៉ាងឆាប់រហ័សនូវការប្រើប្រាស់ Fintech នៅកម្ពុជា គឺដោយសារតែភាព ពេញនិយមក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យារបស់យុវវ័យ ក៏ដូចជាពាណិជ្ជករផងដែរ។ គួររំលឹកថា យោងទៅលើ របាយការណ៍ដែលចេញផ្សាយកាលពីឆ្នាំ ២០១៥ របស់មូលនិធិអាស៊ី (The Asia Foundation) ប្រជាជនខ្មែរ ចំនួន ៩៤% មានទូរស័ព្ទដៃផ្ទាល់ខ្លួន ដែលនេះគឺជាសក្តានុពលមួយដែលផ្តល់ឱកាសដល់ការវិនិយោគក្នុងវិស័យ បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech)៕
ដោយ៖ ប៉ុម ទូច