«ពាក្យ​ទាំង​ ៥​ឃ្លា​នេះ»​ ​ក្រុម​មហាសេដ្ឋី​ក្នុង​លោក​មិន​ដែល​​និយាយ​អំពី​ «លុយ»​ ទេ!​



​មហាសេដ្ឋី​ក្នុង​លោក​នីមួយៗ​សុទ្ធ​តែ​មាន​លក្ខណៈ​ពិសេស​រៀង​ៗ​ខ្លួន​ ​ហើយ​​អ្វី​ដែល​សំខាន់​បំផុត​សម្រាប់​ជីវិត​របស់​គេ​នោះ​គឺ ​ខ្លឹមសារ​ និង​​បទ​ពិសោធន៍​មួយ​ចំនួន​ត្រូវ​បាន​ចែក​រំលែក​​ដល់​អ្នក​ដទៃ​ដើម្បី​ឱ្យ​ជីវិត​ល្អ​ប្រសើរ​ទាំង​អស់​គ្នា។ ​ខាង​ក្រោម​នេះ​ គឺ​ខ្លឹមសារ​ដែល​ក្រុម​មហាសេដ្ឋី​ក្នុង​លោក​កម្រ​នឹង​និយាយ​អំពី «លុយ» ណាស់។ ​​​

១) ខ្ញុំ​ប្រឹង​​ធ្វើការ​ដើម្បី​តែ​លុយ ៖

សូម​កុំ​ច្រឡំ​ឱ្យ​សោះ​ថា​ ​ក្រុម​មហាសេដ្ឋី​មួយ​ចំនួន​ខំ​ប្រឹងប្រែង​ធ្វើការ​ដើម្បី​តែ​លុយ​​ឱ្យ​សោះ។ ​ត្រូវ​ចាំ​ថា​ មហាសេដ្ឋី​ទាំង​អស់​នោះ​ ​កម្រ​នឹង​មាន​​​ការ​គិត​បែបនេះ​ណាស់​​ព្រោះ​ថា​ ​បើ​គិត​បែប​នេះ​​មែន​ គឺ​​កាន់តែ​ធ្វើ​ឲ្យ​ពួកគេ​មាន​គំនាប​កាន់​តែ​ខ្លាំង​ពី​ការងារ​។ ​អ្នក​មាន​មិន​ចាំបាច់​ប្រឹងប្រែង​​ធ្វើ​ការងារ​ដើម្បី​​​លុយ​នោះ​​ទេ​ ប៉ុន្តែ​​​ឲ្យ​លុយ​មក​ធ្វើ​ការងារ​ឲ្យ​អ្នក​មាន​វិញ​។ លុយ​មិន​ពិបាក​ឡើយ​ដើម្បី​ឲ្យ​វា​រត់​មក​រក​យើង​ ប្រសិនបើ​​យើង​ចេះ​ធ្វើ​ឲ្យ​មានការ​ទាក់ទាញ​​​។ និយាយ​ជារួម លុយ​អ្នក​អាច​រក​បាន​ពី​គ្រប់​ទីកន្លែង ប្រសិនបើ​អ្នក​ប្រើការ​គិត​ដោយ​ភាព​ឈ្លាសវៃ​។​

២) លុយ​​មិន​មែន​​លូតលាស់​ដូច​ដើមឈើ​ទេ

ក្រុម​អ្នក​មាន​ ឬ​ពួក​មហាសេដ្ឋី​មួយ​ចំនួន​​តែង​គិត​ថា ​មនុស្ស​យើង​តាម​ពិត​អាច​​​រក​​​រក​លុយ​បាន​ពី​គ្រប់​ទីកន្លែង​ និង​គ្រប់ពេលវេលា ​​ប្រសិនបើ​មនុស្ស​ចង់​ក្លាយ​ជា​មហាសេដ្ឋី​ គឺ​​ត្រូវ​​តែ​ចេះ​ប្រើប្រាស់​លុយ​វិនិយោគ​ក្នុង​វិស័យ​ផ្សេងគ្នា​ជាច្រើន​ ដើម្បី​បង្កើន​ចំណូល​ត្រលប់​មកវិញ ព្រោះ​ការវិនិយោគ​តែមួយ​មុខ វា​មិន​អាច​ធ្វើ​ឲ្យ​លុយ​​​រីកលូតលាស់​ដូចជា​ដើមឈើ​ឡើយ​។​ រក​ស៊ី​កាន់​តែ​ច្រើន​មុខ​ នោះ​លុយ​វា​នឹង​ហូរ​ចូល​គ្រប់​វិនាទី​តែ​ម្ដង។ ​​

៣) មនុស្ស​ភាគ​ច្រើន​គិត​ថា​លុយ​ជា​ឫសគល់​នៃ​អំពើ​អាក្រក់

នេះ​គឺជា​​ប្រយោគ​​ដែល​មនុស្ស​ភាគ​ច្រើន​តែង​តែ​គិត​ ដែល​ធ្វើ​ឲ្យ​មនុស្ស​គ្រប់រូប​ជឿ​ថា​រាល់​បុគ្គល​ជា​អ្នកមាន សុទ្ធ​តែជា​មនុស្ស​អាក្រក់​។ ប៉ុន្តែ​គេ​អាច​ជំនួស​ឃ្លា​នោះមក​វិញ ការស្រលាញ់​ងប់ងុល​នឹង​លុយ ទើប​ជា​ឫសគល់​នៃ​អំពើ​អាក្រក់។ លុយ​គ្មាន​បុគ្គលិកលក្ខណៈ​ឡើយ ដូច្នេះ​លុយ​ខ្លួនឯង​មិន​អាច​បង្ហាញ​កាយវិការ​អាក្រក់ ឬ ល្អ​នោះឡើយ មានតែ​មនុស្ស​ទេ​ដែល​អាច​បង្ហាញ​ពី​អាកប្បកិរិយា អាក្រក់ និង ល្អ​។​

៤​) លុយ​មិន​អាច​ធ្វើ​ឲ្យ​អ្នក​រីករាយ​ឡើយ

មនុស្ស​ស្ទើរ​គ្រប់គ្នា​តែង​ញញឹម​ជានិច្ច​ពេល​ទទួលបាន​លុយ វា​ពិតជា​ធ្វើ​ឲ្យ​មនុស្ស​រីករាយ ព្រោះ​វា​ជួយ​ឲ្យ​មនុស្ស​អាចយ​ក​លុយ​មើលថែរក្សា​គ្រួសារ និង ទិញ​អ្វីៗ​គ្រប់យ៉ាង​ដែល​ខ្លួន​ចង់បាន​។ នៅពេលដែល​មនុស្ស​និយាយថា​លុយ​មិនអាច​ទិញ​នូវ​សុភមង្គល ពួកគេ​អាច​សំដៅទៅ​មនុស្ស​ដែល​ពួកគេ​បាន​មើលឃើញ​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប៉ុណ្ណោះ សម្រាប់​មហាសេដ្ឋី​គ្រប់រូប​ពួកគេ​រីករាយ​ជាមួយ​លុយ​និង​គ្រួសារ​របស់​ពួកគេ ហើយ​សម្រាប់​ជាក់ស្តែង​ក្នុង​ជីវិត​មនុស្ស​វិញ អ្នកនឹង​មិនអាច​រីក​រាយ​បានឡើយ នៅពេលដែល​អ្នក​គ្មាន​លុយ ទៅណា​មិន​រួច​ធ្វើ​អ្វី​មិនកើត​។​

៥) លុយ​គឺ​គ្មាន​សារសំខាន់​ឡើយ

ជារឿយ​មនុស្ស​និយាយថា វា​គ្រាន់តែ​ជា​លុយ ហើយ​ខ្ញុំ​មិន​ធ្វើ​វា​ដើម្បី​តែ​លុយ​នោះឡើយ ប្រសិនបើ​វា​គ្រាន់តែ​ជា​លុយ ហើយ​អ្នក​មិន​ធ្វើ​វា​ដើម្បី​លុយ ហេតុអ្វី​បានជា​អ្នកទទួល​យកលុយ ពេលដែល​វា​មករក​អ្នក​? លុយ​គឺមាន​សារសំខាន់​ណាស់ ហើយ​ត្រូវបាន​គ្រួសារ​គ្រប់រូប​តែង​បង្រៀន​កូន​ឲ្យ​ចេះ​រកលុយ ការរៀន​នៅក្នុង​សាលា កន្លែងធ្វើការ សូម្បីតែ​ក្នុង​រង្វង់​សាសនា​ក៏​មិន​អាច​ខ្វះ​លុយ​បានដែរ៕​​

ដោយ៖ ខេម៊ី​

X
5s