លោក រិន​ រ៉ាវុធ៖ «ពេល​ខ្ញុំ​ជ្រើសរើស​ដៃគូ​ជីវិត​របស់​ខ្ញុំ ខ្ញុំ​មើល​ចរិយាសម្បត្តិ​ទី​១ រូប​សម្បត្តិ​ទី​២​»​



លោក រិន​ រ៉ាវុធ ដែល​ជា​មន្ត្រី​រាជការ​នៃ​ក្រសួង​សង្គម​កិច្ច​ អតីត​យុទ្ធជន​និង​យុវនីតិ​សម្បទា បាន​និយាយ​ថា៖ ​«ពេល​ខ្ញុំ​ជ្រើសរើស​ដៃគូ​ជីវិត​របស់​ខ្ញុំ ខ្ញុំ​មើល​ចរិយាសម្បត្តិ​ទី​១ រូប​សម្បត្តិ​ទី​២» ។ ការ​​​លើក​ឡើង​បែប​នេះ​គឺ​​នៅ​​ក្នុង​សិក្ខា​សាលា​អាថ៌កំបាំង​កសាង​គ្រួសារ​ដ៏​មាន​សុភមង្គល​នៅ​ CJCC កាល​ពី​ថ្ងៃ​​​អាទិត្យ​​​​មុន​។​ ទី​១​គឺ​លោក​មើល​ទៅ​លើ​​ចរិយា​សម្បត្តិ។

នារី​ដែល​មាន​អត្តចរិត​ល្អ ចេះ​គោរព​ចាស់​ទុំ ​ចេះ​ញញឹម​​រាក់ទាក់​និង​មាន​សុជីវធម៌​ល្អ​គឺ​​គួរ​ឲ្យ​ស្រឡាញ់​ជា​ទី​បំផុត។ បុរស​រូប​នេះ​​ក៏​បាន​និយាយ​បន្ថែម​ទៀត​ថា​ចរិយាសម្បត្តិ​ពិត​ជា​សំខាន់​ណាស់​ក្នុង​ចំណង​អាពាហ៍ពិពាហ៍​ឲ្យ​មាន​សុភមង្គល​ព្រោះ​ថា​មនុស្ស​ពីរ​នាក់​រស់​នៅ​ជា​មួយ​នឹង​គ្នា​ទាមទារ​ឲ្យ​មាន​ការ​ផ្ដល់យោបល់ ការ​លើក​ទឹក​ចិត្ត​​និង​​អាច​និយាយ​​​គ្នា​បាន​ជា​ដើម។ ទី​២​គឺ​លោក​ពិនិត្យ​ទៅ​លើ​រូប​សម្បត្តិ។ លោក​មិន​ទាមទារ​នារី​ម្នាក់​ដែល​ស្អាត​ពេក​នោះ​ទេ ត្រឹម​តែ​មាន​រូប​​សម្បត្តិ​សមគួរ​ក៏​បាន​ឬ​ចេះ​តែង​ខ្លួន​ពេល​ចូល​កម្មវិធី​ផ្សេង​ៗ​ទៅ​​បាន​ហើយ ​​ព្រោះ​រូប​សម្បត្តិ​មិន​ស្ថិតស្ថេរ​​រហូត​នោះ​ទេ។ មន្ត្រី​រាជការ​រូប​នេះ​ពន្យល់​ទៀត​ថា​ប្រសិន​យើង​ស្រឡាញ់​នរណា​ម្នាក់​ដោយ​សារ​តែ​រូប​សម្រស់​ ហើយ​ថ្ងៃ​ណា​​មួយ​ម្នាក់​នោះ​បាត់​បង់​នូវ​រូប​សម្បត្តិ​ទៅ តើ​យើង​នឹង​ឈប់​ស្រឡាញ់​គេ​ហើយ​មែន​ទេ? ដូច្នេះ​ហើយ ចំពោះ​លោក ចរិយាសម្បត្តិ​ទី​១ រូបសម្បត្តិ​ទី​២៕

ដោយ​៖ អុឹង មុយយូ

X
5s