ចង់ក្លាយជាអ្នកមានបាន ត្រូវតែជៀសវាងរឿងទាំង ៤ យ៉ាង ឱ្យបាន!
ការបង្កើតក្ដីសុបិន ចង់ក្លាយជាអ្នកមានទ្រព្យសម្បត្តិច្រើន ជារឿងដែលអ្នកគ្រប់គ្នាប្រាថ្នាចង់បានប៉ុន្តែរឿងមួយដែលពិបាកនោះគឺធ្វើយ៉ាងណាដើម្បីសម្រេចក្ដីសុបិននោះឱ្យបាន ទើបជារឿងលំបាក។ សាក់មើលចំណុចសាមញ្ញខាងក្រោមនេះដើម្បីក្លាយជាអ្នកមានបាន៖
១) ចាយច្រើនជាងចំណូល៖ ជារូបមន្តយ៉ាងសាមញ្ញបំផុតដែលមនុស្សគ្រប់គ្នាអាចគិតឃើញ។ ការចំណាយពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះបើទោះបីជាអ្នករកចំណូលបានច្រើនប៉ុណ្ណាក៏ដោយ តែបើចាយច្រើនជាងចំណូលទៅហើយនោះ លទ្ធផលចុងក្រោយ គឺប្រាកដជាវេទនា។ ដូច្នេះហើយ អ្នកគួរតែគិតគូរឲ្យបានម៉ត់ចត់ រាល់ការចំណាយប្រចាំថ្ងៃ ដើម្បីប្រាកដថា អ្នកអាចសល់ប្រាក់កាសខ្លះដើម្បីសន្សំទុក។
២) ទិញរបស់ប្រើប្រាស់មិនមែនជាតម្រូវការ៖ ត្រូវកំណត់ឱ្យបានថា របស់ណាដែលអ្នកចាំបាច់ និងរបស់ណាដែលមិនចាំបាច់។ ដើម្បីក្លាយជាអ្នកមានបានទាល់តែ អ្នកទិញរបស់របរទាំងឡាយដែលចាំបាច់សម្រាប់សេចក្តីត្រូវការ និងមានប្រយោជន៍សម្រាប់ការប្រើប្រាស់ ជាជាងការទិញមក គ្រាន់តែដើម្បីបំពេញចំណង់របស់ខ្លួន ព្រោះ អ្នកគ្មានថ្ងៃអាចបំពេញចំណង់របស់ខ្លួនបានឡើយ តែបែរជាត្រូវចាយលុយច្រើនអត់ប្រយោជន៍ទៅវិញ។ ការដែលមិនអាចកំណត់ទំនិញណាដែលចាំបាច់ និងទំនិញណាដែលអ្នកត្រូវការ ឱ្យបានច្បាស់លាស់ទេនោះ នោះការចំណាយរបស់អ្នក គឺមិនចំខ្ទង់នោះទេ ឬអាចនិយាយបានម្យ៉ាងទៀតថា ចាយអត់ប្រយោជន៍។
៣) គ្មានគម្រោងច្បាស់លាស់៖ មានមនុស្សមិនតិចនោះទេដែលមិនបានគិតគូរ ឬរៀបចំផែនការជីវិតច្បាស់លាស់។ នេះជាហេតុចម្បងមួយដែលធ្វើឲ្យពួកគេប្រឈមបញ្ហាជាច្រើន ហើយមិនដឹងរកវិធីណាដើម្បីដោះស្រាយឲ្យទាន់ពេលវេលា។ ការរៀបចំផែនការ ឬគម្រោង ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីកំណត់ទិសដៅឲ្យច្បាស់ ថាអ្វីដែលអ្នកចង់សម្រេចនៅពេលខាងមុខ ហើយត្រូវប្រើយុទ្ធសាស្ត្រអ្វីខ្លះដើម្បីសម្រេចគោលដៅនោះ។ ដូច្នេះហើយ ដើម្បីក្លាយទៅជាអ្នកមានទ្រព្យសម្បតិ្តស្តុកស្តម្ភម្នាក់ ការរៀបចំគម្រោង ឬផែនការ គឺជារឿងដែលមិនអាចមើលរំលង ហើយបើមិនទាន់ធ្វើទេ សូមចាប់ផ្តើមនៅពេលឥឡូវនេះ។
៤) មិនព្យាយាមខំរកប្រាក់ចំណូល៖ បើទោះបីជា នាពេលបច្ចុប្បន្ននេះ ប្រាក់ចំណូលរបស់អ្នកច្រើនគួរសមហើយក៏ដោយ តែត្រូវតែព្យាយាមធ្វើយ៉ាងណាឲ្យប្រាក់ចំណូលទាំងនោះ កើនឡើងកាន់តែច្រើនថែមទៀត។ បើអ្នកមិនខិតខំរិះរកវិធី ដើម្បីបង្កើតប្រាក់ចំណូលឲ្យបានច្រើននោះទេ វាពិតជាពិបាកសម្រាប់ការក្លាយទៅជាអ្នកមាន។ ដូច្នេះ ត្រូវចាប់ឱកាស ហើយប្រសិនបើមិនមានឱកាស គឺត្រូវតែចេះបង្កើតឱកាសដោយខ្លួនឯង ដើម្បីអាចមានប្រាក់ចំណូលច្រើនឡើងៗ៕