ភាពភ័យខ្លាច៤យ៉ាង ដែលសហគ្រិនវ័យក្មេងត្រូវជម្នះឲ្យបាន បើចង់រកស៊ីជោគជ័យ
ពាក្យថា រកស៊ីមិនងាយនោះឡើយ ព្រោះថា មានរឿងជាច្រើនដែលកើតឡើង ដែលទាមទារឲ្យសហគ្រិនត្រូវគិតគូរឲ្យបានច្បាស់។ ដោយសារតែពិបាកបែបនេះហើយ ទើបធ្វើឲ្យមនុស្សជាច្រើននៅតែអល់អែក ដោយភ័យថាបែបនេះ ឬ បែបនោះ រហូតមិនហ៊ានចេញរកស៊ី។ ខាងក្រោមនេះ ជាភាពភ័យខ្លាច៤យ៉ាង ដែលមនុស្សភាគច្រើនតែងជួបប្រទះនៅពេលគិតចង់រកស៊ី ហើយត្រូវជម្នះវាឲ្យបាន៖
១) ខ្លាចថា ខ្លួននៅតែមិនទាន់ត្រៀមខ្លួនរួចរាល់៖ មានមនុស្សជាច្រើនតែងគិតចង់រកស៊ី ប៉ុន្តែនៅតែមិនហ៊ានឈានជើងប្រឡូកក្នុងវិស័យជំនួញ ដោយគិតថា ខ្លួនឯងមិនទាន់ត្រៀមខ្លួនរួចរាល់។ វាមិនខុសនោះទេ ដែលអ្នកមានអារម្មណ៍បែបនេះ ប៉ុន្តែអ្វីដែលខុសនោះគឺពេលគិតថា ខ្លួនមិនទាន់ត្រៀមខ្លួនរួចរាល់ ហើយនៅតែមិនបានកំណត់ពេលវេលាឲ្យច្បាស់ថា ពេលណាដែលរួចរាល់ទៀត។ ដោយហេតុថា មិនបានកំណត់ឲ្យច្បាស់ ពេលវេលាចេះតែកន្លងទៅ មួយឆ្នាំ ពីរឆ្នាំ រហូតដល់១០ឆ្នាំនៅតែនិយាយពេលដដែល។ យល់ល្អគួរបោះបង់គំនិតរកស៊ីចោលទៅ ព្រោះគិតច្រើននាំតែឈឺក្បាល និង ខាតពេលវេលានោះទេ។ ប៉ុន្តែប្រសិនបើអ្នកពិតជាចង់រកស៊ីថា ត្រូវកំណត់ពីឥឡូវថា អ្នកត្រូវត្រៀមខ្លួនក្នុងរយៈពេលប៉ុន្មាន ៦ខែ ឬ ១ឆ្នាំ។ ការធ្វើបែបនេះនឹងជួយឲ្យអ្នកប្រឹងប្រែងដើម្បីរៀបចំខ្លួនឲ្យបានល្អ។
២) គិតថា គ្មានលុយ៖ ផ្នត់គំនិតអ្នករកស៊ី គឺគេខ្វល់ខ្លាំងរឿងគំនិត ព្រោះបើមានគំនិតហើយ នោះលុយនឹងរត់មកតាមក្រោយ បើទោះបីជា បច្ចុប្បន្នគ្មានលុយដែលអាចចាប់ផ្ដើមអាជីវកម្មក៏ដោយ។ បើអ្នកគ្មានលុយទេ ក៏មិនជាបញ្ហាធ្ងន់ធ្ងរនោះឡើយ ប៉ុន្តែអ្វីដែលអ្នកត្រូវមាននោះ គឺគំនិតក្នុងការរកស៊ី ហើយត្រូវរៀបចំផែនការអាជីវកម្មមួយយ៉ាងល្អ។ កាលណាមានផែនការអាជីវកម្មមួយល្អហើយ មិនខ្វះទេ មនុស្សចង់ចូលរួមវិនិយោគ។ ដូច្នេះហើយសូមកុំបង្អាក់ខ្លួនឯងត្រឹមពាក្យថា អត់លុយឲ្យសោះ។
៣) គិតថា គំនិតអាជីវកម្មនោះប្លែកខ្លាំងពេក៖ មនុស្សមួយចំនួន មានគំនិតប្លែកៗក្នុងការចាប់ផ្ដើមអាជីវកម្ម ប៉ុន្តែពួកគេនៅតែមិនហ៊ានចាប់ផ្ដើម ដោយគិតថា គំនិតរបស់ខ្លួននោះវាប្លែក និង ថ្មីខ្លាំងពេកដែលនៅលើទីផ្សារមិនទាន់មាន ហើយយល់ឃើញថា វាងាយនឹងបរាជ័យខ្លាំងណាស់។ វាមិនខុសនោះទេដែលមានអារម្មណ៍បែបនេះ ប៉ុន្តែបើក្រឡេកមើលមហាសេដ្ឋីមួយចំនួន ដូចជា លោកMark Zuckerberg ស្ថាបនិករបស់ហ្វេសប៊ុក និង លោក Jack Ma ស្ថាបនិករបស់ក្រុមហ៊ុនAlibaba សុទ្ធតែចាប់ផ្ដើមអាជីវកម្មជាមួយនឹងគំនិតប្លែកៗ ហើយអ្នកជុំវិញខ្លួនសុទ្ធតែយល់ឃើញថា វាមិនអាចទៅរួចឡើយ។ ប៉ុន្តែដោយហេតុថា មានការជឿជាក់លើគំនិតខ្លួនឯង អ្នកទាំងពីរនេះនៅតែបន្តការងាររបស់ខ្លួន រហូតទទួលជោគជ័យយ៉ាងធំធេង។
៤) អ្នកខ្លាចខ្មាសគេ ដោយសារការបរាជ័យ៖ ការបរាជ័យ គឺជាផ្នែកមួយនៃជីវិត ប្រៀបបាននឹងអណ្ដាត និងធ្មេញអ៊ីចឹង។ តាមពិតទៅ ការបរាជ័យ មិនថាអ្នករកស៊ី រៀនសូត្រ ឬ ធ្វើការនោះទេ ក៏នៅតែជួបប្រទះបញ្ហាទាំងនេះ។ គ្មានបុគ្គលជោគជ័យណាមួយ ដែលមិនធ្លាប់ឆ្លងកាត់ការបរាជ័យនោះឡើយ ដូច្នេះហើយបើអ្នកពិតជាចង់រកស៊ីមែន ត្រូវតាំងចិត្តឲ្យក្លាហាន ហើយគិតថា រាល់ជំហានដែលអ្នកដើរ គឺសុទ្ធតែមានប្រយោជន៍មិនថា បរាជ័យ ឬជោគជ័យនោះឡើយ។ គិតបែបនេះនឹងជួយឲ្យអ្នកហ៊ានបោះជំហានទៅមុខជានិច្ច៕
ដោយ៖ រតនា វិចិត្រ