សហគ្រាសធុនតូចនិងមធ្យមនឹងទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារ ប្រសិនបើធ្វើការចុះបញ្ជីដោយស្ម័គ្រចិត្ត​



ដើម្បីជំរុញសកម្មភាពសហគ្រាសធុនតូច និង សហគ្រាសធុនមធ្យមនៅកម្ពុជា អគ្គនាយកដ្ឋានពន្ធដារនឹងលើកទឹក ចិត្តផ្នែកពន្ធដារទៅដល់សហគ្រាសធុនតូច និង សហគ្រាសធុនមធ្យមទាំងឡាយដែលធ្វើការចុះបញ្ជីពន្ធដារដោយ ស្ម័គ្រចិត្ត។ ការលើកទឹកចិត្តផ្នែកពន្ធដារនោះ មានដូចខាងក្រោម៖

ក. លើកលែងពន្ធលើប្រាក់ចំណូលចំនួន ២ ឆ្នាំ ដោយគិតចាប់ពី៖ ឆ្នាំដែលទទួលបានប្រាក់ចំណូលដំបូងចំពោះសហគ្រាសដែលពុំទាន់មានប្រាក់ចំណូល ឬ ឆ្នាំដែលចុះបញ្ជីពន្ធដារចំពោះសហគ្រាសដែលមានប្រាក់ចំណូលរួចហើយ។

ខ. ក្នុងរយៈពេលលើកលែងពន្ធលើប្រាក់ចំណូលនេះ សហគ្រាសធុនតូច និង សហគ្រាសធុនមធ្យមត្រូវបានលើក លែងពីការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និង ពន្ធអប្បបរមា។ ពាក់ព័ន្ធនឹងការលើកទឹកចិត្តនេះ អគ្គនាយកដ្ឋានពន្ធដារនឹងចេញលិខិតបញ្ជាក់អំពីការចុះបញ្ជីពន្ធដារដោយស្ម័គ្រ ចិត្ត ព្រមទាំងការលើកទឹកចិត្តដែលសហគ្រាសទទួលបាន។ ដោយឡែក ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តក្នុងឆ្នាំ ២០១៧ ដែលបានធ្វើមុនកាលបរិច្ឆេទនៃការចេញប្រកាសលេខ ៥០២ ចុះថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០១៧ ក៏ត្រូវ ទទួលបានការលើកទឹកចិត្តដូចគ្នាដែរ ប៉ុន្តែប្រាក់រំដោះពន្ធលើប្រាក់ចំណេញប្រចាំខែ ដែលបានដាក់លិខិតប្រកាស និង បង់រួចមុនទទួលបានលិខិតបញ្ជាក់ការលើកទឹកចិត្តផ្នែកពន្ធដារ មិនត្រូវបានអនុញ្ញាតជាឥណទានទេ។ គួរបញ្ជាក់ផងដែរថា ការលើកទឹកចិត្តផ្នែកពន្ធដារនេះ ត្រូវបានផ្តល់ឱ្យចំពោះតែសហគ្រាសធុនតូចនិងមធ្យមទាំង ឡាយណា ដែលបានដាក់ពាក្យចុះបញ្ជីពន្ធដារក្នុងអំឡុងពេលចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៧ រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៨ តែប៉ុណ្ណោះ៕

ដោយ៖ ប៉ុម ទូច
ប្រភព៖ អគ្គនាយកដ្ឋានពន្ធដារ