តើមានវិធីអ្វីខ្លះ ដែលសហគ្រិនអាចបន្ធូរអារម្មណ៍តានតឹងពីការងាររបស់ខ្លួនបាន?
ការធ្វើអាជីវកម្មមានបញ្ហាជាច្រើនដែលអ្នកត្រូវដោះស្រាយជាប្រចាំ ដែលអាចឲ្យអ្នកមានអារម្មណ៍ស្មុគស្មាញ និងតានតឹងម្ដងៗបាន។ តើមានវិធីអ្វីខ្លះ ដែលអ្នកបន្ធូរអារម្មណ៍តានតឹងរបស់អ្នក ដើម្បីចាប់ផ្ដើមការងាររបស់អ្នកប្រកបដោយអារម្មណ៍ស្រស់ស្រាយនិងមានប្រសិទ្ធភាពវិញ ?
១) ធ្វើលំហាត់ប្រាណ៖ ការធ្វើលំហាត់ប្រាណនាំមកនូវគុណប្រយោជន៍ជាច្រើនមិនថាតែចំពោះសុខភាពផ្លូវកាយនិងសុខភាពផ្លូវចិត្តរបស់អ្នកនោះឡើយ។ មានវិធីជាច្រើនដែលអ្នកអាចជ្រើសរើសដើម្បីឲ្យរាងកាយរបស់អ្នកបានបញ្ចេញសកម្មភាពដូចជា ការដើរយឺតៗ ការរត់ ការបណ្ដើរឆ្កែ ការធាក់កង់ ការពត់ខ្លួន និងការតាំងសមាធិចិត្តជាដើម ទាំងនេះសុទ្ធតែអាចជួយសម្រាលភាពតានតឹងនិងបន្ធូរអារម្មណ៍ស្មុគស្មាញពីការងាររបស់អ្នកបានយ៉ាងសាមញ្ញនិងមានប្រសិទ្ធភាពទៀតផង។
២) ផ្សារភ្ជាប់ទំនាក់ទំនងជាមួយសហគ្រិនដទៃៗទៀត៖ វិធីសម្រាប់សម្រាលភាពតានតឹងពីការងារមួយនេះ ក៏មានប្រយោជន៍និងថែមទាំងអាចឲ្យអ្នកបានកសាងទំនាក់ទំនងនិងភាពស្និទ្ធស្នាលជាមួយសហគ្រិនដទៃៗទៀតផងដែរ។ នៅពេលអ្នកឆ្លៀតពេលខ្លះដើម្បីជជែកលេងជាមួយពួកគេ នោះយ៉ាងហោចណាស់ក៏អ្នកអាចរៀនសូត្របានអ្វីម្យ៉ាងពីពួកគេដែលអ្នកមិននឹកឃើញដល់នៅពេលស្មុគស្មាញក្នុងការងារ។
៣) ចែករំលែក៖ ការចែករំលែកទោះជាតិចក្ដីច្រើនក្ដី សុទ្ធតែមានតម្លៃនិងអាចរួមចំណែកដល់ភាពល្អប្រសើរសម្រាប់អ្នកដទៃបាន។ បើអ្នកកំពុងតែធ្វើអាជីវកម្ម នោះអ្នកប្រាកដជាធ្លាប់ឆ្លងកាត់នូវបទពិសោធន៍ជាច្រើនមិនថាតែជោគជ័យដែលអ្នកសម្រេចបាន ឬក៏ជាកំហុសឆ្គងដែលអ្នកបានធ្វើនោះទេ វាសុទ្ធតែមានតម្លៃនិងមានប្រយោជន៍សម្រាប់ការរៀនសូត្រទាំងអស់។ ដូចនេះ ជាការប្រសើរណាស់បើសិនជាអ្នកអាចឆ្លៀតពេលបន្តិចបន្តួចដើម្បីចែករំលែកបទពិសោធន៍និងចំណេះដឹងដែលអ្នកមានសម្រាប់ចែកទៅដល់សហគ្រិនដទៃនិងក្មេងៗជំនាន់ក្រោយដែលចង់ដើរនៅលើផ្លូវអាជីវកម្មដូចអ្នក៕
ប្រភព៖ success.com ប្រែសម្រួល៖ ស្រីពៅ