ក្រសួង​ពាណិជ្ជកម្ម​នឹងរៀបចំ​ពិព័រណ៍​ "យុទ្ធនាការ​ទិញ​ផលិតផល​ខ្មែរ" នៅ​ខេត្ត​ព្រៃវែង​



ដើម្បី​ជា​យុទ្ធសាស្រ្ត​ជួយ​ជម្រុញ​ និង​លើក​កម្ពស់​ផលិតផល​ក្នុង​ស្រុក​ឲ្យ​កាន់​តែ​មាន​ការ​ទទួល​ស្គាល់​ និង​ប្រើប្រាស់​កាន់​តែច្រើន​ឡើង​ពី​សំណាក់​ប្រជាជន​ខ្មែរ​ទូទាំង​ប្រទេស​ ក្រសួង​ពាណិជ្ជកម្ម​នឹង​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​ផលិតផល​ខ្មែរ​ "យុទ្ធនាការ​ទិញ​ផលិតផល​ខ្មែរ​" ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី២៨​ មិថុនា ដល់​ថ្ងៃ​ទី​០១ កក្កដា ឆ្នាំ​២០១៨ ត្រូវ​នឹង​ថ្ងៃ​ព្រហស្បតិ៍ ១រោច ដល់​ថ្ងៃ​អាទិត្យ​៤រោច​ ខែ​បឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ នៅ​ក្រុង​ព្រៃវែង ខេត្ត​ព្រៃវែង។ គោលបំណង​ក្នុង​ការ​រៀបចំ​ពិព័រណ៍​នេះ​ឡើង​គឺដើម្បី​ពញ្ញាក់​ស្មារតី​មហាជន​ទូទៅ​ ឲ្យ​ងាក​មក​គាំទ្រ​និង​ប្រើប្រាស់​ផលិតផល​ក្នុង​ស្រុក និង​ដើម្បី​ប្រមូល​ផលិតផល​ខ្មែរ​ដែល​មាន​គុណភាព​ខ្ពស់​ មាន​ការ​វេចខ្ចប់​ត្រឹមត្រូវ​ អនុវលោម​តាម​ស្ដង់ដារ​ផលិតកម្ម​ទូទាំង​ប្រទេស​មក​ដាក់​តាំង​បង្ហាញ​ និង​ស្វែងរក​ដៃគូ​លក់​បន្ត។ ​​តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​ ក្រសួង​ពាណិជ្ជកម្ម​​កំពុង​​អញ្ជើញ​សាធារណៈជន​ទូទៅ ​ពិសេស​លោក-​លោកស្រី ដែល​មាន​បំណង​ចូលរួម​តាំង​បង្ហាញ​ផលិតផល​ខ្មែរ​ក្នុងព្រឹត្តិការណ៍នេះ សូម​ប្រញ៉ាប់​រួសរាន់​មក​ដាក់​ពាក្យ​ចូលរួម​ព្រោះ​ចំនួន​មាន​កំណត់៕ ដោយ៖ ស្រីរ័ត្ន

X
5s