តើធ្វើដូចម្ដេចដើម្បីលើកទឹកចិត្តសមាជិក ឬកូនចៅរបស់អ្នកឱ្យបានល្អ
កម្លាំងចិត្ត គឺសំខាន់ណាស់ក្នុងការជំរុញបុគ្គលម្នាក់ឲ្យប្រឹងប្រែងតទៅទៀតបាន ព្រោះថានៅពេលយើងដើរនៅលើផ្លូវណាមួយក៏ដោយ យើងតែងតែចៀសមិនផុតនូវឧបសគ្គផ្សេងៗ។ សម្រាប់អ្នកដឹកនាំទាំងឡាយ តើធ្វើដូចម្ដេចដើម្បីលើកទឹកចិត្តសមាជិកកូនចៅរបស់ខ្លួនបាន ?
១) ចែករំលែកពីអ្វីដែលតែងជំរុញកម្លាំងចិត្តអ្នករហូតមក៖ នៅពេលអ្នកដឹកនាំបានចែករំលែកទៅកាន់កូនចៅដែលជាសមាជិកក្រុមរបស់ខ្លួននូវអ្វីដែលតែងជំរុញកម្លាំងចិត្តរបស់គេរហូតមក វានឹងបង្កបង្កើននូវភាពស្និទ្ធស្នាលជិតដិតដែលកាន់តែបណ្ដុះអារម្មណ៍ជាគ្រួសារឬជាក្រុមមួយយ៉ាងកក់ក្ដៅដូច្នោះដែរ។ មិនតែប៉ុណ្ណោះ កូនចៅក៏អាចស្វែងយល់ពីអ្នកបានកាន់តែច្បាស់តាមរយៈមេរៀនអ្វី សុភាសិតអ្វី បទពិសោធន៍អ្វី ឬការទូន្មានអ្វី ដែលអ្នកបានចែករំលែក ដែលបានជំរុញអ្នកឲ្យប្រឹងប្រែងទៅលើគោលដៅរបស់អ្នកបានដែរ។
២) ព្យាយាមជួយពួកគេតាមដែលអ្នកអាចធ្វើបាន៖ ការជួយរបស់អ្នកដោយមិនគិតតែអំពីផលប្រយោជន៍សម្រាប់ខ្លួនតែម្យ៉ាង តែជាការជួយដែលអាចផ្ដល់ផលរីកចម្រើនចិត្តគំនិតនិងសមត្ថភាពដល់ពួកគេ នោះវាក៏ជំរុញពួកគេឲ្យខិតខំប្រឹងប្រែងតបមកវិញដើម្បីអ្នកដែរ ហើយអ្នកក៏ត្រូវឧស្សាហ៍សួរនាំពួកគេក្នុងករណីដែលពួកគេត្រូវការជំនួយពីអ្នកដែរ។
៣) លើកទឹកចិត្តពួកគេឲ្យមើលឃើញពីតម្លៃរបស់ខ្លួនឯង៖ មនុស្សម្នាក់ៗសុទ្ធតែមានចំណុចពិសេសរៀងៗខ្លួន។ ការលើកទឹកចិត្តពួកគេឲ្យមើលឃើញពីតម្លៃរបស់ខ្លួនឯង នឹងជួយឲ្យសមាជិកម្នាក់ៗខិតខំដុសខាត់និងប្រើប្រាស់ចំណុចពិសេសរបស់ខ្លួនដើម្បីសម្រេចឲ្យបាននូវគោលដៅរួមគ្នាមួយ៕
ដោយ៖ ស្រីពៅ