ព្រះសម្មាសម្ពុទ្ធ ព្រះនាមសមណគោតម ទ្រង់ត្រាស់សម្ដែងអំពីមូលហេតុនៃសេចក្ដីខឹងក្រោធ
កាលថ្ងៃមួយ ព្រះសម្មាសម្ពុទ្ធ ទ្រង់បាននិមន្តចូលក្នុងភូមិមួយ។ ពេលនោះមានបុរសម្នាក់ដែលកំពុងតែមានកំហឹងបានចូលមកជិតព្រះអង្គហើយបានជេរប្រមាទព្រះអង្គសព្វបែបយ៉ាង។ បុរសនោះបានស្រែកទៅកាន់ព្រះសម្មាសម្ពុទ្ធថា ៖ «អ្នកឯងគ្មានសិទ្ធិអ្វីមកបង្រៀនព្រានប្រដៅមនុស្សនោះទេ អ្នកឯង គឺជាមនុស្សឆ្កួត អ្នកឯងគ្មានអ្វីនោះទេ អ្នកឯងជាមនុស្សបោកប្រាស់»។
ព្រះសម្មាសម្ពុទ្ធ ព្រះនាមសមណគោតម ទ្រង់មិនមានអារម្មណ៍តក់ស្លុតទៅនឹងការជេរប្រមាទដោយពាក្យសម្ដីអសុរសរបស់បុរសនោះទេ។ ប៉ុន្តែ ព្រះអង្គក៏បានត្រាស់សួរទៅកាន់បុរសនោះវិញថា៖ «ចូលអ្នកប្រាប់តថាគតមកមើល! ប្រសិនបើអ្នកបានទិញអំណោយអ្វីមួយជូននរណាម្នាក់ ប៉ុន្តែមនុស្សម្នាក់នោះបែរជាបដិសេធមិនព្រមទទួលយករបស់នោះ តើអំណោយនោះជារបស់នរណា?» បុរសម្នាក់នោះ មានការភ្ងាក់ផ្អើលនឹងសំណួរនោះ ហើយបានឆ្លើយតបវិញថា ៖ «វាជារបស់ខ្ញុំពីព្រោះខ្ញុំបានទិញវា»។ ព្រះសាស្ដា ព្រះអង្គទ្រង់បានញញឹមហើយទ្រង់ត្រាស់តបវិញថា៖ «ត្រឹមត្រូវហើយអ្នក។ វាប្រៀបដូចជាភាពខឹងក្រោធរបស់អ្នកអ៊ីចឹង។ ប្រសិនបើអ្នកមានកំហឹងខឹងក្រោធចំពោះតថាគត ហើយតថាគតមិនខឹងក្រោធត្រលប់ទៅវិញ សេចក្ដីខឹងក្រោធនោះនឹងធ្លាក់ទៅលើអ្នកវិញជាមិនខាន។ អ្នកគឺជាអ្នកដែលធ្វើឲ្យខ្លួនអ្នកមិនសប្បាយចិត្ត មិនមែនតថាគត ឬអ្នកដទៃនោះទេ»។ ព្រះបរមសាស្ដាទ្រង់ត្រាស់បន្តទៀតថា ៖ «ប្រសិនបើអ្នកមិនចង់ឲ្យខ្លួនអ្នកពោរពេញដោយភ្លើងកំហឹង អ្នកត្រូវតែយកឈ្នះភាពខឹងក្រោធរបស់អ្នកឲ្យបានដោយបំពេញមកវិញដោយសេចក្ដីស្រលាញ់។ នៅពេលអ្នកខឹងស្អប់នរណាម្នាក់ អ្នកខ្លួនឯងនឹងមានចិត្តមិនស្ងប់ មានចិត្តមិនសប្បាយរីករាយ ក្នុងខ្លួនពោរពេញទៅដោយភ្លើងកំហឹង»៕
ចុចអាន៖ ពុទ្ធឱវាទ ១០ឃ្លារបស់ព្រះសម្មាសម្ពុធ ជាគតិក្នុងការត្រិះរិះពិចារណា
ដោយ៖ លង់ វណ្ណៈ