ក្រុមហ៊ុនអាកាសចរណ៍ចិនដំបូងនៅកម្ពុជា នឹងបើកការហោះហើរពីប៉េកាំងមកភ្នំពេញឆាប់ៗនេះ
ផ្អែកតាមផេក Facebook រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា ក្រុមហ៊ុនអាកាសចរណ៍ចិន Air China បានប្រកាសគម្រោងហោះហើរផ្ទាល់ថ្មីមួយពីទីក្រុងប៉េកាំងមកភ្នំពេញ ដើម្បីឆ្លើយតបនឹងកំណើនទេសចរចិន រិតចំណងមិត្តភាពរវាងប្រទេសទាំង២ ជំរុញកំណើនភ្ញៀវទេសចរ ពង្រឹងការលើកកម្ពស់ការហោះហើរ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។
គម្រោងថ្មីនេះត្រូវយល់ព្រមហើយ ក្នុងជំនួបពិភាក្សាកាលពីថ្ងៃទី២៨ សីហា ឆ្នាំ២០១៨ រវាងឯកឧត្ដមនាយឧត្ដមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ ថ្នាក់ដឹកនាំរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាមួយប្រតិភូតំណាងក្រុមហ៊ុនអាកាសចរណ៍ចិន Air Chin។ ចំណែកការហោះហើរ នឹងធ្វើឡើងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខ ដោយប្រើយន្តហោះប្រភេទ Airbus A320 ប្រតិបត្តិការ ៣ ដងក្នុងមួយសប្ដាហ៍ ។ ទោះបីជាយ៉ាងណា អ្នកនាំពាក្យរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា លោក ស៉ីន ចាន់សិរីវត្ថា បានឱ្យដឹងថា ក្រុមហ៊ុន Air China នៅមិនទាន់បានសុំប័ណ្ណបើកបរនៅឡើយទេ។ ការប្រកាសនេះ ក្រោយកំណើនទេសចរចិនមកកម្ពុជា មានសន្ទុះខ្លាំងនៅឆមាសទីឆ្នាំ២០១៨នេះ ពោលគឺជាង ៩៣០,០០០នាក់ ស្មើ ៣១% នៃភ្ញៀវសរុប ខណៈទេសចរវៀតណាម មាន ៣៨០,០០០ នាក់៕
ដោយ៖ សុម៉ាវត្តី