អ្នកជំនាញប្រាប់គន្លឹះ ៥ ដើម្បីរកលុយឲ្យបានកាន់តែច្រើន
មនុស្សភាគច្រើនបានរស់នៅជាមួយបំណងប្រាថ្នាដ៏រវើរវាយមួយ គឺចង់បានលុយកាន់តែច្រើនៗ ខណៈដែលការពិតវាគ្រាន់តែជាសុបិនមួយដែលពេលខ្លះវាពិបាកនឹងក្លាយជាការពិត។ ខាងក្រោមនេះ សហគ្រិនឆ្នើម ១០រូបដែលជាបានកសាងឧត្តមភាព និងជាអ្នកប្រឹក្សាយោបល់មកពីក្រុមហ៊ុនផ្សេងៗគ្នា របស់អាមេរិក បានចែករំលែកយុទ្ធសាស្ត្រមួយចំនួន បន្ទាប់ពីខ្លួនបានធ្លាប់ឆ្លងកាត់ការបរាជ័យក្នុងអាជីវកម្ម និងបានសម្រេចក្តីសុបិនក្លាយខ្លួនជាអ្នកមាន។
១.កុំគិតតែពីរឿងសន្សំលុយតែមួយមុខ ត្រូវផ្ដោតលើការរកលុយបន្ថែម លោក Tim Draper ដែលជាស្ថាបនិកក្រុមហ៊ុន Draper Associates និងជាអ្នកនិពន្ធសៀវភៅ “How to be The Startup Hero” បានលើកឡើងថា សូមកុំចំណាយពេលច្រើនលើផ្នត់គំនិតមួយដែលថា គិតតែពីសន្សំប្រាក់ឲ្យបានកាន់តែច្រើននោះ។ ផ្ទុយទៅវិញលោកបានសង្កត់ធ្ងន់ថា អ្នកគួរចំណាយពេលគិតគូរពីការរកចំណូលបន្ថែមឲ្យបានកាន់តែច្រើនជំនួសវិញ ហើយត្រូវរកឲ្យឃើញថា ទេពកោសល្យរបស់អ្នកជាអ្វី។ នៅពេលអ្នកមានទេពកោសល្យមានជំនាញច្បាស់លាស់ អ្នកមិនចាំបាច់ធ្វើការច្រើនម៉ោងគ្មានពេលសម្រាកនោះទេ អ្នកក៏មានចំណូលច្រើនដែរ។
២.កែប្រែទម្លាប់ចាយលុយផ្តេសផ្តាស តើអ្នកមានបានមានតាមដានទេថា លុយដែលអ្នកចំណាយទៅ គឺដើម្បីអ្វី? ទៅលើអ្វីខ្លះ? ចាំបាច់អត់? ក្នុងចំណុចនេះ លោក Vladimir Ninov ដែលជានាយកក្រុមហ៊ុន Webcoin បានផ្តល់ដំបូន្មានថា អ្នកត្រូវលុយបំបាត់ទម្លាប់ចាយលុយផ្តេសផ្តាស ជាពិសេសលើអ្វីដែលមិនចាំបាច់ ហើយគ្មានផែនការខ្ទង់ចំណាយត្រឹមត្រូវទៅតាមខែនីមួយៗ។ លោកបន្តថា បើមានបំណុលទៀត គឺត្រូវគិតឲ្យមែនទែន ធ្វើម៉េចដោះបំណុលមិនល្អ (បំណុលដែលមិនអាចឲ្យរកចំណូលបាន) ឲ្យបានលឿនបំផុតតាមដែលអាចធ្វើបាន។
៣.ចេញលុយពីហោប៉ៅឲ្យខ្លួនឯងមុនគេ ចង់មានសេរីភាពហិរញ្ញវត្ថុ អ្នកត្រូវចាំគោលការណ៍មួយគឺ ត្រូវផេ (Pay ឬ ចំណាយលុយ) ឲ្យខ្លួនឯងមុនគេ។ អ្នកត្រូវដឹងថា ខ្លួនអ្នកមានតម្លៃសម្រាប់ខ្លួនអ្នក ហើយការយល់ពីតម្លៃ និងតម្រូវការរបស់អ្នក គឺជាជំហានមួយដែលធ្វើឲ្យអ្នកក្លាយជាអ្នកមាន។ បើអ្នកមិនឲ្យតម្លៃខ្លួនឯង អ្នកអាចមិនសូវខ្វល់រឿងលុយកាក់ ចាយវាយផ្តេសផ្តាស ហើយចេញលុយឲ្យអ្នកដទៃទាំងគ្មានប្រយោជន៍អ្វីសោះ។ នេះជាការលើកឡើងរបស់លោក Lewis Mocker ស្ថាបនិករបស់ក្រុមហ៊ុន Infinite Prosperity។ លោកបន្ថែមថា អ្នកគួរសន្សំលុយឲ្យបានច្រើនជាបន្តបន្ទាប់ពីត្រីមាសមួយទៅត្រីមាសមួយទៀត និងយ៉ាងហោចណាស់សន្សំលុយឲ្យបាន ១០% នៃចំណូលដាក់ចូលទៅក្នុងគណនេយ្យមួយ ហើយមិនត្រូវប៉ះពាល់គណនេយ្យសន្សំនេះឡើយ។
៤.ឈប់ទិញបំណុលដែលបង្កើតបំណុល លោក Amy Novakovich, ដែលជាស្ថាបនិករបស់ក្រុមហ៊ុន Nova Wealth Management បានពន្យល់ថា បំណុលដែលមិនបង្កើតចំណូល មិនធ្វើឲ្យអ្នកក្លាយជាអ្នកមានឡើយ។ លោកបញ្ជាក់ថា បំណុលច្រើនណាស់ដែលធ្វើឲ្យអ្នកមានបំណុលដូចជា ជាការបង់រំលស់សម្ភារៈទំនើបៗដែលមានអត្រាការប្រាក់ ដោយមិនបានរកចំណូលបានពីសម្ភារៈទាំងនោះ គឺជាកំហុសហិរញ្ញវត្ថុដ៏ធំមួយ។ ប៉ុន្តែបើអ្នកចេះវិនិយោគ ទិញបំណុលដើម្បីបណ្ដាក់ទុនរកស៊ីដូចជាក្នុងវិស័យអចលនទ្រព្យ គឺជាផ្នែកមួយដែលធ្វើឲ្យអ្នកមានសេរីភាពហិរញ្ញវត្ថុនៅពេលអនាគត។
៥.ធ្វើការរកលុយ កុំរង់ចាំឱកាសល្អមកដល់ ការរកលុយ មិនមែនជាការរង់ចាំឱកាសល្អ ឬ មានការងារល្អមួយឥតខ្ចោះដែលខ្លួនពេញចិត្តនោះឡើយ។ ការធ្វើបែបនេះ គឺជាការខាតពេល និងចំណាយថាមពលឥតប្រយោជន៍។ នេះជាកំហុសដ៏ធំមួយដែលធ្វើឲ្យសមត្ថភាពរបស់របស់អ្នកត្រូវបានកប់ទុក។ នេះជាការលើកឡើងរបស់លោកស្រី Matt Mead ស្ថាបនិក និងជា CEO របស់ក្រុមហ៊ុន EpekData។ លោកស្រីបន្ថែមថា ចង់មានមិនមែនធ្វើមួយថ្ងៃ ឬ មួយឆ្នាំអាចមានបាននោះឡើយ វាផ្តើមចេញពីចំណុចតូចៗទៅ ហើយត្រូវប្រកាន់គោលការណ៍មួយ គឺមានភាពស្មោះត្រង់យល់ពីតម្រូវការខ្លួនឯងថា ចង់មានត្រូវចាប់ផ្តើមពីចំណុចណាឲ្យពិតប្រាកដ៕
ប្រភព៖ Entrepreneur ដោយ៖ សូរ៉ាណា