លក្ខណៈ​៣​យ៉ាង​ដែល​អ្នក​មាន​បំណង​ចង់កសាង​ក្រុម​ដ៏​ល្អ​ទាំងឡាយ ​មិន​គួរ​មើល​រំលង​



ការ​កសាង​ក្រុម​ដ៏​ល្អ​មួយ​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ឡើយ។ វា​ត្រូវការ​ពេលវេលា ហើយ​អ្វី​ដែល​សំខាន់​បន្ថែម​ពី​លើ​ទេពកោសល្យ នោះ​គឺជា​ការ​ប្ដេជ្ញា​ចិត្ត​របស់​អ្នកដឹកនាំ និង​សមាជិក​ក្រុម​ទាំងអស់​គ្នា។ ខាងក្រោម​នេះ​គឺជា​លក្ខណៈ​៣​យ៉ាង​ដែល​អ្នក​មាន​បំណង​កសាង​ក្រុម​ដ៏​ល្អ​ទាំងឡាយ​មិន​គួរ​មើល​រំលង៖

១) ការ​ខិតខំ​តស៊ូ៖ បើ​ទោះ​ជា​អ្នក​មាន​សមាជិក​ក្រុម​ដែល​ពោរពេញ​ដោយ​ទេពកោសល្យ​ក៏​ដោយ ប៉ុន្តែ​បើ​សិន​ជា​ពួកគេ​គ្មាន​ការ​ខិតខំ​តស៊ូ​ទេ​នោះ នោះ​សមាជិក​ក្រុម​របស់​អ្នក​នឹង​មិន​អាច​ដើរ​បាន​ផ្លូវ​វែង​ឆ្ងាយ​ជាមួយ​គ្នា​នោះ​ឡើយ។ អ្វីៗ​មិនមែន​ចេះ​តែ​ប្រព្រឹត្ត​ទៅ​បាន​រលូន​សម​តាម​បំណង​របស់​អ្នក​រហូត​នោះ​ទេ។ ហេតុនេះ​នៅ​ពេល​មាន​ឧបសគ្គ​លេច​ឡើង​មុខ អ្នក​ត្រូវ​មាន​សមាជិក​ក្រុម​ដែល​មាន​ការ​ខិតខំ​តស៊ូ​ប្រឹងប្រែង​បំពេញ​កិច្ចការ​ឲ្យ​ដល់​គោលដៅ បូក​រួម​ជាមួយ​នឹង​ទេពកោសល្យ​ដែល​ពួកគេ​មាន នោះ​ទើប​ជោគជ័យ​អាច​ធានា​សម្រាប់​ក្រុម​របស់​អ្នក​បាន។

២) តុល្យភាព៖ មនុស្ស​យើង​ច្រើន​តែ​ចូលចិត្ត​ធ្វើ​អ្វីៗ​ដោយ​មាន​ការ​លំអៀង។ បើ​អ្នក​ចេះ​ធ្វើ​ឲ្យ​ជីវិត​និង​ការងារ​របស់​សមាជិក​ក្រុម​របស់​អ្នក​មាន​តុល្យភាព នោះ​ពួកគេ​នឹង​អាច​សម្រេច​កិច្ចការ​របស់​ពួកគេ​បាន​ល្អ​ជាក់​ជា​ពុំ​ខាន។ អ្នក​មិន​ត្រូវ​សម្លឹង​ឃើញ​តែ​ប្រយោជន៍​ចំពោះ​មុខ​នោះ​ឡើយ។អ្នក​ត្រូវ​ចេះ​ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​តុល្យភាព​នេះ​មាន​ប្រយោជន៍​ដល់​រូបភាព​ធំ​របស់​អ្នក និង​ប្រយោជន៍​ក្នុង​រយៈពេល​វែង​របស់​អ្នក។

៣) គោលបំណង៖ នៅ​ពេល​ដែល​មនុស្ស​យើង​ធ្វើ​អ្វី​មួយ​ដោយ​ភ្ជាប់​ជាមួយ​នឹង​គោលបំណង​ជាក់លាក់​ក្នុង​ចិត្ត នោះ​ពួកគេ​នឹង​មាន​ការ​ប្ដេជ្ញា​ចិត្ត​ដើម្បី​សម្រេច​វា​ឲ្យ​បាន ហើយ​វា​នឹង​ជំរុញ​ពួកគេ​ឲ្យ​ខិតខំ​ធ្វើការ ព្រោះ​ពួកគេ​ដឹង​ថា​អ្វី​ដែល​ខ្លួន​កំពុង​ធ្វើ​នឹង​រួម​ចំណែក​ដល់​ភាព​ជោគជ័យ​របស់​គោលដៅ​ធំ​នៅ​ថ្ងៃ​ណាមួយ​មិនខាន៕

ដោយ៖ ស្រីពៅ

X
5s