យុទ្ធសាស្ត្រ ៣ អ្នកអាចដឹកនាំប្រកបដោយភាពឈ្លាសវៃ ដោយមិនពឹងលើ ឋានៈនិងតួនាទី
ការឈរបញ្ជាកូនចៅដោយប្រើប្រាស់ឋានៈនិងតួនាទីរបស់ខ្លួនគឺជារឿងងាយស្រួលនោះទេ តែការដឹកនាំកូនចៅប្រកបដោយភាពឈ្លាសវៃដើម្បីទទួលបានការរួមចំណែកពីពួកគេដោយចេញពីចិត្ត នោះទើបជាកិច្ចការលំបាក។ ខាងក្រោមនេះគឺជាយុទ្ធសាស្ត្រចំនួន៣ដែលអ្នកអាចដឹកនាំប្រកបដោយភាពឈ្លាសវៃដោយមិនពឹងលើឋានៈនិងតួនាទី៖
១) ស្វែងយល់ពីអ្វីដែលជំរុញកម្លាំងចិត្តពួកគេ៖ នៅពេលមនុស្សណាម្នាក់មានមូលហេតុច្បាស់លាស់នៅក្នុងការបំពេញកិច្ចការអ្វីមួយឲ្យបានសម្រេច នោះពួកគេនឹងខិតខំប្រឹងប្រែងយ៉ាងណាដើម្បីឲ្យគោលដៅរបស់ពួកគេសម្រេចបានជោគជ័យ។ ក្នុងនាមអ្នកជាអ្នកដឹកនាំសមាជិកក្រុម អ្នកត្រូវចេះស្វែងយល់ពីមូលហេតុនេះ គឺអ្វីទៅដែលជំរុញកម្លាំងចិត្តពួកគេឲ្យសម្រេចភាពជោគជ័យ។ នៅពេលនោះក្រុមរបស់អ្នកនឹងត្រូវបានឈរឡើងជាមួយនឹងគោលជំហររឹងមាំ ដែលនឹងនាំអ្នកទៅរកជោគជ័យពិតប្រាកដបាន។
២) កំណត់តួនាទីនិងការទទួលខុសត្រូវរបស់សមាជិកក្រុមម្នាក់ៗ៖ ត្រង់នេះគឺជាចំណុចសំខាន់ដែលអ្នកចាំបាច់ត្រូវការចំណាយពេលវេលាខ្លះដើម្បីបញ្ជាក់វាឲ្យបានច្បាស់លាស់។ អ្នកត្រូវកំណត់តួនាទីរបស់សមាជិកក្នុងក្រុមរបស់អ្នកនីមួយៗ ការទទួលខុសត្រូវដែលពួកគេត្រូវមាន និងការរំពឹងទុកដែលអ្នកមានចំពោះពួកគេដោយចងភ្ជាប់វាទៅនឹងកត្តាជំរុញកម្លាំងចិត្តពួកគេ ឬមូលហេតុដែលពួកគេត្រូវសម្រេចកិច្ចការឲ្យបានជោគជ័យ។ នៅពេលអ្នកបានបញ្ជាក់ច្បាស់ពីអ្វីដែលអ្នកចង់បាននិងអ្វីដែលអ្នករំពឹងទុក នោះវានឹងបញ្ចៀសអ្នកជាមួយនឹងសមាជិកក្រុមពីភាពល្អក់កករនិងជម្លោះផ្សេងៗដែលអាចកើតឡើងនៅថ្ងៃមុខបាន។
៣) ធ្វើឲ្យពួកគេយល់ថាពួកគេអាចស្វែងរកជំនួយពីអ្នកបានគ្រប់ពេល៖ បើអ្នកអាចធ្វើឲ្យពួកគេយល់បាន នោះអ្នកនឹងបានបង្កើតភាពកក់ក្ដៅនិងភាពស្និទ្ធស្នាលជាមួយពួកគេដោយមិនផ្ដោតសំខាន់លើតួនាទីឬឋានៈរបស់អ្នកនិងពួកគេនោះឡើយ។ ការកសាងទំនាក់ទំនងជាមួយមនុស្សក្នុងក្រុមឲ្យបានស្និទ្ធស្នាលនិងកក់ក្ដៅគឺជារឿងដ៏សំខាន់ក្នុងការសម្រេចកិច្ចការសំខាន់ៗឲ្យទទួលបានភាពជោគជ័យដែលអ្នកចង់បាន៕
ដោយ៖ ស្រីពៅ