Warren Buffett និយាយ​ថា ទោះ​​លោក​​មាន​លុយ​​ច្រើន​ប៉ុណ្ណា​ក៏ដោយ បើ​គ្មាន​​ចំណុច​មួយ​​នេះ ជីវិត​គឺ​ជា​សោកនាដកម្ម​



 

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Berkshire Hathaway ដ៏​ល្បីល្បាញ​គឺ​​​​លោក Warren Buffett ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​​អ្នក​វិនិយោគ​ដ៏​ឆ្លាតវៃ និង​ជា​មហាសេដ្ឋី​ដ៏​​ជោគជ័យ​​បំផុត​មួយ​​រូប​នៅ​ទសវត្ស​ទី​២១​នេះ។ ដោយ​សារ​តែ​ភាព​ជោគជ័យ​របស់​លោក ទើប​​លោក​​ទទួល​បាន​ចំណាប់​អារម្មណ៍​ពី​មហាជន​នានា​​នៅ​ជុំវិញ​ពិភពលោក ​ជា​ពិសេស​លើ​មុខ​ជំនួញ​របស់​លោក​​តែម្តង​​ដែល​ធ្វើ​ឲ្យ​​មហាសេដ្ឋី​រូប​នេះ​មាន​លុយ​រហូត​ដល់​ទៅ ៩០ ពាន់​លាន​ដុល្លារ​​។

យ៉ាងណាមិញ​នៅ​ក្នុង​អំឡុង​ពេល​ដែល​លោក​បាន​ថ្លែង​ទៅ​កាន់​និស្សិត​ជា​ច្រើន​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា Georgia ​កន្លង​ទៅ​ថ្មីៗ មហាសេដ្ឋី​រូប​នេះ​ហាក់​មិន​ចាប់​អារម្មណ៍​ទៅ​នឹង​​ទ្រព្យសម្បត្តិ​​ដ៏​មហាសាល​របស់​លោក​នោះ​ឡើយ​។ នៅ​ក្នុង​ខណៈ​​​នោះ​លោក​បាន​លើក​ឡើង​​ថា ​មិន​ខ្វល់​ថា​លោក​មាន​លុយ​ច្រើន​ប៉ុណ្ណា​​​នោះ​ទេ ប្រសិន​បើ​ជីវិត​លោក​គ្មាន​ចំណុច​មួយ​​នេះ​​ទេ ជីវិត​លោក​​​ប្រៀប​ដូច​ជា​កំពុង​ជួប​​​សោកនាដកម្ម​​ដ៏​គួរឲ្យ​អាណិត​​បំផុត។

លោកWarren ​បាន​​បញ្ជាក់​ថា​ ភាព​ជោគជ័យ​របស់​លោក​មិន​កើត​ចេញ​ពី​ទ្រព្យសម្បត្តិ​ដ៏​ច្រើន​មហាសាល​​នេះ​ទេ ហើយ​​រឹតតែ​មិនមែន​កើត​ចេញ​ពី​កេរ្តិ៍ឈ្មោះ ឬ អំណាច​​​បុណ្យសក្តិ​អ្វី​នោះ​ដែរ។ ចំណុច​មួយ​ដែល​លោក​គិត​ថា​សំខាន់​បំផុត​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​ជីវិត​របស់​លោក​ដែល​នាំ​ឲ្យ​លោក​ជោគជ័យ និង​មាន​សុភមង្គល​​រហូត​មក​​គឺ​ ក្តី​ស្រលាញ់។ លោក​បាន​ថ្លែង​ដូច្នេះ​ថា៖"នៅ​ពេល​អ្នក​ទាំងអស់​គ្នា​ឈាន​ដល់​វ័យ​ខ្ញុំ ទោះ​មាន​លុយ​ច្រើន​ប៉ុណ្ណា​ក៏​លែង​មានន័យ​ដែរ។ ភាព​ជោគជ័យ​របស់​​​ខ្ញុំ​នេះ​ គឺ​ត្រូវ​ក្រឡេក​មើល​ទៅ​ក្រោយ​វិញ​​ថា តើ​ខ្ញុំ​បាន​ផ្តល់​ក្តី​ស្រលាញ់​ទៅ​ឲ្យ​​​​អ្នកណា​ខ្លះ?”។

លោក​បាន​បន្ត​ថា៖ " ខ្ញុំ​ស្គាល់​​អ្នក​មាន​ជា​ច្រើន​ ពួកគេ​ហូប​អាហារ​ឆ្ងាញ់ៗ រស់​នៅ​ក្នុង​ជីវភាព​ស៊ីវិល័យ។ ពួកគេ​​​​​​មាន​លុយ​​ច្រើន ជះ​លុយ​ដាក់​ឈ្មោះ​ពួកគេ​នៅ​តាម​មន្ទីរពេទ្យ​ សាលារៀន​ ដើម្បី​ឲ្យ​គេ​ស្គាល់​ចូលចិត្ត​។ ប៉ុន្តែ​តើ​​ពួកគេ​អាច​ទទួល​បាន​​​ការ​គោរព​​ស្រលាញ់​មក​វិញ​​ដែរ​ទេ? ពួកគេ​ទទួល​ក្តី​ស្រលាញ់​បាន​បន្តិចបន្តួច​មក​វិញ ហើយ​ពេល​ខ្លះ​គ្មាន​សោះ​ក៏​មាន។ នេះ​ជា​រឿង​មួយ​គួរ​ឲ្យ​អាណិត​ខ្លាំងណាស់"។

សេដ្ឋី​វ័យ ៨៨ ឆ្នាំ​រូប​នេះ​​បាន​ពន្យល់​ត្រង់​ចំណុច​នេះ​​​ដូច្នេះ​ថា៖ "​នេះ​គឺ​ជា​វិញ្ញាសា​មួយ​ដើម្បី​ធ្វើ​តេស្ដ​ពី​ជីវិត​របស់​យើង​ថា ​តើ​យើង​ម្នាក់ៗ​គួរ​រស់​នៅ​របៀបណា​ទើប​​ជីវិត​​យើង​មាន​ន័យ និង​មាន​តម្លៃ​​? អ្នក​​អាច​យក​លុយ​ ទៅ​ទិញ​​ម្ហូប​​ឆ្ងាញ់ៗ​ ទិញ​ផ្ទះ​​ថ្លៃៗ​ ចាយ​វាយ​សប្បាយ​រាំរែក ទិញ​របស់​ប្រើប្រាស់​ទំនើបៗ។ ប៉ុន្តែ​​លុយ​របស់​​អ្នក​មិន​អាច​ឆក់​យក​​​​ចិត្ត​ស្មោះ ឬ ក្តី​ស្រលាញ់​ដ៏​ស្មោះត្រង់​ពី​អ្នកណា​ម្នាក់​បានទេ"។ 

លោក​បាន​បន្ថែម​គ្នា​ចុងក្រោយ​ថា ​រវាង​លុយ​ និង​ក្តី​ស្រលាញ់​គឺ​ជា​រឿង​មួយ​ផ្សេង​គ្នា។ បើ​ក្តី​ស្រលាញ់​កើត​ពី​លុយ នោះ​វា​មិនមែន​ជា​ក្តី​ស្រលាញ់​ពិត​ទេ។ ហើយ​បើ​ចង់​ឲ្យ​គេ​ស្រលាញ់​ អ្នក​ត្រូវ​ធ្វើ​ឲ្យ​គេ​ស្រលាញ់​ ហើយ​បើ​ចង់​ឲ្យ​គេ​ស្រលាញ់​ទាល់តែ​អ្នក​ចែក​រំលែក​ក្តី​ស្រលាញ់​ទៅ​អ្នក​ដទៃ​ឲ្យ​បាន​​កាន់​តែ​ច្រើន៕

ប្រភព៖ inc-asean

X
5s