ម៉ាក្រូ និង​មីក្រូ​សេដ្ឋកិច្ច ​ខុស​គ្នា​ដូច​ម្ដេច?​



ថ្វី​បើ​ទស្សនៈវិស័យ នៃ​ទម្រង់​សេដ្ឋកិច្ច ម៉ាក្រូ និង​មីក្រូ​សេដ្ឋកិច្ច​ខុស​គ្នា​ក្ដី ប៉ុន្តែ​ទម្រង់​ទាំង​ពីរ​នេះ បាន​ដើរ​តួ​យ៉ាង​សំខាន់ ក្នុង​ការ​អភិវឌ្ឍន៍​ ​នយោបាយ​ និង​សេដ្ឋកិច្ច​នៃ​ប្រទេស​មួយ ឱ្យ​រីកចម្រើន។ ថ្ងៃនេះ Biz Khmer នឹង​បង្ហាញ​ប្រិយមិត្ត​ថា អ្វី​ទៅ​ជាម៉ាក្រូ និង​មីក្រូ​សេដ្ឋកិច្ច?

ម៉ាក្រូសេកិច្ច ឬ Macroeconomics ជា​ការ​សិក្សា​ផ្ដោត​សំខាន់​លើ​សេដ្ឋកិច្ច ​​របស់​ប្រទេស​ទាំង​មូល។ អ្នក​ម៉ា​ក្រូ​សេដ្ឋកិច្ច ​​សិក្សា​​ពីផលិតផល​ក្នុង​ស្រុក​សរុប (GDP) អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ (អត្រា​និកម្មភាព) ផលិតផលដុល ការ​ប្រើប្រាស់​ (consumption) ការ​ចំណាយ ​អតិផរណា ការ​សន្សំ ការ​វិនិយោគ ពាណិជ្ជកម្ម​អន្តរជាតិ និង​ហិរញ្ញវត្ថុ​អន្តរជាតិ​ជាដើម ដើម្បី​ឱ្យ​យល់​ពី​សេដ្ឋកិច្ច​ជាតិ​។

ម៉ាក្រូ​សេដ្ឋកិច្ច ជាការ​​សិក្សា​ធំ​ទូលាយ សំដៅ​លើ​សេដ្ឋកិច្ច និង​មាន​​គោលបំណង​សំខាន់​​២ គឺ​ ការ​ស្វែង​​យល់​ពី​មូលហេតុ និង​ផលវិបាក នៃ​បម្រែបម្រួល​ចំណូល​ជាតិ​ក្នុង​រយៈ​ពេល​ខ្លី និង​ទី២ ​ជា​ការស្វែង​​យល់​​ពី​កត្តា ដែល​កំណត់​ការ​រីកចម្រើន​នៃ​សេដ្ឋកិច្ច​ជាតិ​ រយៈ​ពេល​វែង​។ ​ ម៉ូដែល​ម៉ាក្រូ​សេដ្ឋកិច្ច ត្រូវ​បាន​ប្រើ​ដោយ​រដ្ឋាភិបាល និង​សហគ្រាស​ធំៗ ដើម្បី​​វាយតម្លៃ​ និង​​​អភិវឌ្ឍន៍ គោលនយោបាយសេដ្ឋកិច្ច និង​​យុទ្ធសាស្ត្រ​​ជំនួញ។​

យោងតាមគេហទំព័រសេដ្ឋកិច្ច Economicshelp ​និង Opentextbc មីក្រូសេដ្ឋកិច្ច​ ជា​ការ​សិក្សា​​សំខាន់​​​លើ​សកម្មភាព​ និង​តម្រូវ​របស់​បុគ្គល គ្រួសារ សហគ្រាស​ និង​ក្រុមហ៊ុន អ្នក​ប្រើប្រាស់ ការកំណត់​តម្លៃ និង​ចំនួន​ផលិតផល​នៅ​លើ​ទីផ្សារ​​។ ឧទាហរណ៍៖ តើ​គ្រួសារ និង​បុគ្គល ចំណាយ​តាម​របៀប​ណា? តើ​ទំនិញ និង​សេវា​អ្វី ដែល​​ត្រូវ​នឹង​តម្រូវ​ការ​របស់​ពួកគេ? ពួកគេ​ធ្វើ​ការ​ពេញ​ម៉ោង ឬ​ក្រៅ​ម៉ោង? តើ​ពួកគេ​សន្សំ​ប្រាក់​បាន​ប៉ុន្មាន​នា​អនាគត? ពួកគេ​ត្រូវ​ការ​ខ្ចី​លុយ​ប៉ុន្មាន ដើម្បី​បំពេញ​តម្រូវ​ការ​បច្ចុប្បន្ន​របស់​ពួកគេ? តើ​ក្រុមហ៊ុន​មួយ​នេះ ផលិត​ទំនិញ​ប៉ុន្មាន លក់​ចេញ​ប៉ុន្មាន? តើ​ក្រុមហ៊ុន នឹង​ផ្លាស់ប្ដូរ​តម្លៃ​យ៉ាង​មិច? តើ​ពួកគេ​ត្រូវ​ជួល​បុគ្គលិក​ប៉ុន្មាន​នាក់?​ បើ​ទោះ​ជា មីក្រូ​សេដ្ឋកិច្ច មាន​ទ្រង់ទ្រាយ​តូច​ជាង ម៉ាក្រូសេដ្ឋកិច្ច ប៉ុន្តែ​វា​បាន​រួម​ចំណែក​សំខាន់ ក្នុង​ការ​អភិវឌ្ឍន៍សេដ្ឋកិច្ច​ប្រទេស​ជាតិផងដែរ៕

ដោយ៖ សុវណ្ណមុនីលីតា

X
5s