ទស្សនៈទាំង ១២ឃ្លារបស់ អារីស្តូត បិតាទស្សនវិទូលោកខាងលិច អាចមានអត្ថន័យមុតជ្រៅជ្រាបដល់ខួរក្បាលរបស់អ្នក
អារីស្តូត (Aristotle) គឺជាទស្សនវិទូក្រិចបុរាណ ដែលជាកូនសិស្សដែលបានសិក្សារៀនសូត្រពីគ្រូរបស់លោកគឺ ប្លាតុង (Plato)។ អារីស្តូត ចាប់កំណើតកើតនៅឆ្នាំ៣៨៤ មុនគ.ស. នៅប៉ែកខាងជើងប្រទេសក្រិក (Stagire)។
ដោយសារតែចំណង់ចំណូលចិត្តក្នុងការសរសេរនិងស្រាវជ្រាវ និងជាទស្សនវិទូដ៏ល្បីល្បាញផ្នែកទស្សនវិជ្ជានយោបាយ កំណាព្យ វិទ្យាសាស្រ្ត ផងនោះ លោកត្រូវបានគេប្រសិទ្ធនាមថាជា បិតានៃទស្សនវិទូលោកខាងលិច។ អារីស្តូត បានបង្រៀនកូនសិស្សរបស់លោកគឺ អាឡិចសាន់ដឺ ដឹក ក្រេដ (Alexander the Great) ឲ្យចេះគោរព សរសើរ និងឲ្យតម្លៃជនជាតិក្រិច។
អាឡិចសាន់ដឺ ដឹក ក្រេដ (Alexander the Great) បានផ្សព្វផ្សាយនូវទស្សនៈ និងការបង្រៀនរបស់ អារីស្ទូត យ៉ាងច្រើនទៅកាន់ប្រទេសផ្សេងៗ។ ដូចនេះ BizKhmer សូមលើកយកនូវសម្រង់ទស្សនៈទាំង ១២ របស់ អារីស្តូត បិតាទស្សនវិទូលោកខាងលិច៖
១) «អ្នកគឺជាអ្វីដែលអ្នកធ្វើជាប្រចាំថ្ងៃ។ ភាពល្អឥតខ្ចោះមិនមែនជាសកម្មភាពទេ តែវាជាទម្លាប់។»
២) «សេចក្ដីស្រលាញ់កើតចេញពីដួងព្រលឹងតែមួយដែលសន្ធិតក្នុងរូបកាយពីរ។»
៣) «ភាពរីករាយគឺស្ថិតនៅលើអ្នក។»
៤) «អ្នកដែលដឹងធ្វើ ចំណែកអ្នកដែលយល់បង្រៀន។»
៥) «មនុស្សម្នាក់ៗអាចខឹងក្រោធបាន វាជារឿងងាយស្រួលនោះទេ។ ប៉ុន្តែ ការខឹងជាមួយមនុស្សត្រឹមត្រូវ នៅពេលត្រឹមត្រូវ ក្នុងគោលបំណងត្រឹមត្រូវ និងក្នុងវិធីត្រឹមត្រូវ មិនងាយស្រួលនោះឡើយ។»
៦) «អំណាចនៃខួរក្បាលគឺជាភាពចាំបាច់សម្រាប់ជីវិត។»
៧) «ឬសគល់នៃការអប់រំគឺល្វីងជូរចត់ ប៉ុន្តែផ្លែរបស់វាគឺផ្អែមត្រជាក់។»
៨) «មនុស្សមានលក្ខណៈល្អប្រពៃជាងសត្វណាៗទាំងអស់ ប៉ុន្តែបើមិនមានច្បាប់និងយុត្តិធម៍នោះទេ មនុស្សគឺមានភាពអាក្រក់ ឃោឃៅ ព្រៃផ្សៃជួរជាតិជាងសត្វណាៗទាំងអស់។»
៩) «តាមធម្មជាតិ មនុស្សគ្រប់រូបសុទ្ធតែចង់បានចំណេះដឹង។»
១០) «ការស្គាល់ខ្លួនឯងគឺជាពន្លកនៃគតិបណ្ឌិត។»
១១) «ការអប់រំតែខួរក្បាលដោយមិនអបរំបេះដូងគឺមិនមែនជាការអប់រំឡើយ។»
១២) «នៅពេលអ្នកកាន់តែចេះ នោះអ្នកនឹងកាន់តែដឹងថាអ្នកមិនចេះ។»
ដោយ៖ លង់ វណ្ណៈ