រឿងទាំង ៣យ៉ាងដែលអ្នកដឹកនាំល្អតែងចងចាំធ្វើជារៀងរាល់ថ្ងៃ
អ្នកដឹកនាំល្អអាចបំផុសទេពកោសល្យចេញពីកូនចៅ អាចដឹកនាំកូនចៅឲ្យចេះសាមគ្គីគ្នា និងអាចដើរផ្លូវវែងឆ្ងាយបានដើម្បីសម្រេចទៅដល់គោលដៅបាន។ ខាងក្រោមនេះគឺជារឿងទាំង៣យ៉ាងដែលអ្នកដឹកនាំល្អតែងចងចាំធ្វើជារៀងរាល់ថ្ងៃ៖
១) មិនត្រូវភ្លេចពីគោលដៅ៖ មិនថាអ្នកធ្វើបានល្អប៉ុណ្ណាក៏ដោយ អ្នកមិនអាចធ្វើឲ្យមនុស្សគ្រប់គ្នាពេញចិត្តទៅលើអ្នកបានទាំងអស់នោះទេ។ ជាក់ស្ដែងនៅពេលអតិថិជនទិញផលិតផលរបស់អ្នក អ្នកនឹងទទួលបានការលើកសរសើរនិងការរិះគន់ក្នុងពេលជាមួយគ្នា។ នៅពេលពួកគេរិះគន់ផលិតផលរបស់អ្នក អ្នកមិនត្រូវភ្លេចពីគោលដៅរបស់អ្នកនោះឡើយ។ ពេលខ្លះវាគឺជារឿងសំខាន់ដែលអ្នកគិតពីអារម្មណ៍របស់អតិថិជនអ្នកជាជាងគិតពីអ្នកណាខុសនិងត្រូវ។
២) ស្ដាប់ឲ្យបានច្រើន៖ មនុស្សជាច្រើនទ្រាំស្ដាប់អ្នកដទៃមិនបាន ហើយចង់តែនិយាយព្រោះភ័យខ្លាចគេវាយតម្លៃថាខ្លួនឯងមិនចេះដឹងច្រើន។ តាមពិតទៅបើអ្នកនិយាយ នោះអ្នកគ្រាន់តែរំលឹកឡើងពីអ្វីដែលអ្នកបានចេះរួចហើយប៉ុណ្ណោះ តែបើអ្នកយកចិត្តទុកដាក់ស្ដាប់គេវិញ នោះយ៉ាងហោចណាស់ក៏អ្នកអាចទទួលបានអ្វីថ្មីបន្តិចបន្តួចពីមនុស្សជុំវិញខ្លួនអ្នកដែរ មិនថាជាពួកគេជាមនុស្សប្រភេទណា និងមានកម្រិតចេះដឹងប៉ុណ្ណាក៏ដោយ។ ចំណែកឯមនុស្សមួយចំនួនទៀតវិញ ថ្វីត្បិតតែពួកគេបានស្ដាប់ពិតមែន តែពួកគេស្ដាប់ដើម្បីតែចាំវាយបកទៅវិញប៉ុណ្ណោះ។ បើអ្នកចង់ក្លាយជាអ្នកដឹកនាំល្អ នោះអ្នកត្រូវតែហ្វឹកហាត់ស្ដាប់អ្នកដទៃប្រកបដោយការយកចិត្តទុកដាក់និងការយោគយល់។
៣) ផ្ដោតទៅលើហេតុអ្វី៖ មូលហេតុដែលមនុស្សម្នាក់ត្រូវធ្វើអ្វីមួយ គឺជាចំណុចសំខាន់មួយដែលជាកត្តានាំឲ្យគេសម្រេចការងារទៅដល់គោលដៅបាន។ នៅពេលគេយល់ច្បាស់ថាអ្វីដែលគេធ្វើគឺដើម្បីអ្វី នោះគេនឹងមើលឃើញពីតម្លៃនៅក្នុងការខិតខំរបស់គេ ហើយវានឹងធ្វើឲ្យគេមានកម្លាំងចិត្តនិងមានភាពច្បាស់លាស់ចំពោះអនាគតរបស់គេ។
ដោយ៖ ស្រីពៅ