អ្នកជំនាញហិរញ្ញវត្ថុទាមទាររឿងមួយដែលអ្នកមិនត្រូវធ្វើដាច់ខាតជាមួយនឹងលុយរបស់អ្នក
អ្នកជំនាញហិរញ្ញវត្ថុ និងជាអ្នកនិពន្ធសៀវភៅដ៏ល្បីល្បាញ "Woman and Money” របស់អាមេរិកគឺលោកស្រី Suze Orman បានផ្តល់ដំបូន្មានច្រើនណាស់ដល់សាធារណជនជុំវិញប្រធានបទគ្រប់គ្រងលុយកាក់ឲ្យមានប្រសិទ្ធភាព។ ក្នុងវ័យ ៦៧ ឆ្នាំ វាគ្មិនសំបូរវោហារសាស្ត្ររូបនេះ បានផ្តល់ដំបូន្មានមួយដ៏សំខាន់ដែលមនុស្សម្នាក់ៗមិនត្រូវធ្វើដាច់ខាតជាមួយនឹងលុយកាក់របស់ខ្លួន។
លោក Suze Orman បានលើកឡើងដូច្នេះថា៖«រឿងមួយសំខាន់ជាងគេដែលខ្ញុំចង់ឲ្យអ្នករាល់គ្នាឈប់ធ្វើលើលុយកាក់របស់អ្នក គឺកុំយកលុយទិញរបស់ដើម្បីបង្អួតអ្នកដទៃ។ លុយរបស់អ្នក សំលៀកបំពាក់របស់អ្នក រថយន្តរបស់អ្នក ផ្ទះដែលអ្នកកំពុងនៅ សាលាថ្លៃៗដែលអ្នកបញ្ជូនកូនៗទៅរៀន ក្របូបលុយស្ពាយថ្លៃៗដែលអ្នកដាក់តាមខ្លួនរបស់អ្នកដែលអ្នកគិតថា គួរឲ្យស្រលាញ់ណាស់ របស់ទាំងអស់នេះមិនអាចកំណត់ថា អ្នកជាមនុស្សបែបណានោះទេ។ ដរាបណាអ្នកចាយលុយដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីអ្នកដទៃឲ្យមើលមកថា ខ្លួនឯងឡូយឆាយ មានលុយច្រើនទាំងដែលខ្លួនឯងអត់មានលុយសោះ នេះគ្រាន់តែជាការបោកបញ្ឆោតខ្លួនឯង និងអ្នកដទៃប៉ុណ្ណោះ!»។
លោកស្រី Suze Orman[/caption] នៅត្រង់ចំណុចនេះលោកស្រី Suze បានលើកឡើងពីបទពិសោធន៍ផ្ទាល់ខ្លួនមួយរបស់លោកស្រីបន្តទៀតថា៖« មានរឿងមួយដែលខ្ញុំចាំមិនភ្លេចដែលនៅពេលមួយនោះខ្ញុំបានណាត់ជួបមិត្តភក្ដិស្រីម្នាក់។ កាលនោះនាងមើលទៅមានជាងខ្ញុំឆ្ងាយណាស់ ហើយខ្ញុំក៏អត់មានលុយដែរ។ អញ្ចឹងតើខ្ញុំត្រូវធ្វើម៉េច? ខ្ញុំបង្អួតរថយន្តបង់រំលោះម៉ាក BMW 750iL ហើយដកលុយសន្សំ 401K របស់ខ្ញុំដើម្បីទិញនាឡិកាថ្លៃៗ Cartier Watch យកមកបង្អួតនាង។ នៅពេលនោះខ្ញុំខំព្យាយាមធ្វើអ្វីៗសព្វគ្រប់បែបយ៉ាងនូវដំបូន្មានខាងលើដែលខ្ញុំហាមកុំឲ្យអ្នកធ្វើនៅពេលនេះ»។
តើអ្នកដឹងទេ? នោះជាបទពិសោធន៍មួយដែលលោកស្រី Suze ចាត់ទុកថា ជារឿងដ៏គួរឲ្យឆោតល្ងង់បំផុតមួយ ព្រោះលោកស្រីសុខចិត្តបង់លុយថ្លៃរថយន្ត ៨០០ ដុល្លារក្នុងមួយខែដើម្បីទាក់ទាញនារីម្នាក់ដែលសូម្បីតែលោកស្រីក៏មិនសូវជាចូលចិត្តនារីនោះផង។ នេះបានផ្តល់ជាមេរៀនមួយដល់លោកស្រីថា ការទិញរបស់ផ្សេងៗដើម្បីអួតបង្ហាញមនុស្សដែលអ្នកមិនស្គាល់ ឬមិនចូលចិត្ត គឺវាគ្មានប្រយោជន៍ទេ។ ទិញរបស់ទាំងនោះលើសពីសមត្ថភាពរបស់អ្នក វាមិនធ្វើឲ្យអ្នកឆ្លាត ឬ ក៏មើលទៅគ្រាន់បើជាងអ្នកផ្សេងនោះទេ។
លោកស្រីចង់ផ្តល់ដំបូន្មានថា កុំចាយលុយលើសម្ភារៈនិយមដើម្បីមកបង្អួតគេឯង។ កុំយកលុយទិញរបស់ទាំងនេះដើម្បីមើលទៅថាខ្លួនឯងឡូយ និងមានតម្លៃ។ អ្នកត្រូវឈប់កុហកខ្លួនឯង ហើយរស់នៅជាមួយនឹងការពិតរបស់អ្នក។ មានប៉ុណ្ណា អ្នកគួរចាយឲ្យតិចជាងនោះ កុំចាយលុយទិញរបស់ដើម្បីលើកតម្លៃខ្លួនឯង។ អ្វីដែលសំខាន់សម្រាប់ជីវិតអ្នក គឺធ្វើអ្វីឲ្យត្រឹមត្រូវ និងតាមសមត្ថភាពរបស់អ្នក៕
ប្រភព៖ cnbc