ពីរ​សំណួរ​របស់​លោក​ Jerry Thai ​ជួយ​ឲ្យ​អ្នក​ស្គាល់​ជំនាញ​ឬ​អាជីវកម្ម​ដែល​អ្នក​ស្រលាញ់​ពិត​ប្រាកដ​



លោក ថៃ វ៉ាន់ថា ឬ​លោក Jerry Thai ស្ថាបនិក​ក្រុមហ៊ុន​@homephotography ដែល​មនុស្ស​ភាគ​ច្រើន​ជា​ពិសេស​យុវជន​បាន​ស្គាល់​រូប​លោក​តាម​រយៈ​ការ​ចែក​រំ​លែក​ក្នុង​កម្មវិធី​សិក្ខាសាលា និង​ស្នាដៃ​សិល្បះ​យ៉ាង​ប៉ិនប្រសព្វ​នៃ​ការ​ថត​រូប​របស់​លោក​។ នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​ Bizkhmer លោក​Jerry​បាន​ចែក​រំលែក​នូវ​សំណួរ​សំខាន់​ពីរ​ដែល​យើង​គួរ​សួរ​ខ្លួន​ឯង​ ដើម្បី​ឲ្យ​យើង​អាច​ស្វែង​រក​អ្វី​ដែល​ជា​ចំណង់​ចំណូល​ចិត្ត​ពិត​ប្រាកដ​របស់​យើង​ នៅ​ក្នុង​ការ​ជ្រើស​រើស​មុខ​ជំនាញ​ឬ​អាជីវកម្ម​។

ស្ថាប​និក​របស់@homephotography ​រូប​នេះ​បាន​លើក​ឡើង​ថា​ មនុស្ស​ម្នាក់ៗ​ពិសេស​យុវជន​នៅ​ពេល​ដែល​គាត់​មិន​ទាន់​មាន​គោល​ដៅ​ច្បាស់​លាស់​គឺ​គាត់​មិន​ដឹង​ថា​ត្រូវ​ជ្រើស​រើស​អ្វី​ឲ្យ​ពិត​ប្រាកដ​នោះ​ឡើយ ដូច្នេះ​ហើយ​ពួកគាត់​បាន​បណ្ដោយ​ឲ្យ​សង្គម​ទាំង​មូល​និង​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន​គាត់​ជា​អ្នក​ប្រាប់​គាត់​ ដោយ​ប្រាប់​តាម​រយៈ​វិធី "​រក​លុយ​បាន"​ ដូច្នេះ​គាត់​គិត​ថា​ឲ្យ​តែ​អ្វី​ដែល​គាត់​អាច​រក​លុយ​បាន​គឺ​គាត់​នឹង​ធ្វើ​វា កន្លែង​នេះ​ហើយ​ដែល​ពួកគាត់​មិន​អាច​ស្វែង​រក​អ្វី​ដែល​ខ្លួន​គាត់ចូល​ចិត្ត​ពិត​ប្រាកដ​បាន។

លោក​ Jerry បាន​បន្ត​ដោយ​សង្កត់​ធ្ងន់​ថា "អ្វី​ដែល​ខ្លួន​យើង​ស្រលាញ់​ពិត​ប្រាកដ​គឺ​នៅ​ពេល​ដែល​មុខ​របរ ឬ​ជំនាញ​ទាំង​នោះ​រក​លុយ​មិនទាន់​បាន​ ហើយ​ក៏​មិន​ដឹង​ពេល​ណា​រក​លុយ​បាន​ដែរ ប៉ុន្តែយើង​សប្បាយ​ចិត្ត​នឹង​ធ្វើ​វា ហើយ​ធ្វើ​ដោយ​គ្មាន​អ្នក​ណា​បង្ខំ​ ធ្វើ​រហូត​ដល់​ភ្លេច​ពេល​ភ្លេច​វេលា និង​ធ្វើ​រហូត​ទាល់​តែ​វា​បាន​ចេញ​ជា​លទ្ធផល នោះ​ទើប​ជា​អ្វី​ដែល​យើង​ស្រលាញ់​ពិតប្រាកដ​។ ដូច​ដែល​ខ្ញុំ​បាន​ចំណាយ​ពេល​ជា​ច្រើន​ក្នុង​ការ​ស្រាវ​ជ្រាវ​ពាក់​ព័ន្ធ​នឹង​Technology និង​សិល្បះ​នៃ​ការ​ថត​ដូច្នោះ​ដែរ​ គឺ​ពេល​នោះ​ខ្ញុំ​មិន​អាច​រក​ចំណូល​អ្វី​បាន​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​សប្បាយ​ចិត្ត​នឹង​ធ្វើ​វា។ ​នេះ​គឺ​គ្រាន់​តែ​ជា​ចំណុច​ដំបូង​ដែល​យើង​គួរ​សួរ​ខ្លួន​ឯង"។ បន្ទាប់​ពី​យើង​រក​ឃើញ​នូវ​អ្វី​ដែល​យើង​បាន​ចំណាយ​ពេល​វេលា​ធ្វើ​វា​ទោះ​បី​ជា​មិន​បាន​ចំណូល​ក៏​នៅ​តែ​ធ្វើ​ ទាំង​នេះ​គ្រាន់​តែ​ជា​ចំណុច​ចាប់​ផ្ដើម​ឬ​ជា​តម្រុយ​សម្រាប់​យើង​ប៉ុណ្ណោះ ចំណុច​បន្ទាប់​ដែល​យើង​គួរ​សួរ​ខ្លួន​ឯង​នោះ​គឺ​ "តើ​ថ្ងៃ​ក្រោយ​យើង​អាច​រស់​ជា​មួយ​នឹង​មុខ​របរ​ឬ​ក៏​ជំនាញ​នោះ​បាន​ឬ​អត់?” នេះ​ទើប​ជា​ចំណុច​សំខាន់​ ដូច្នេះ​ទាល់​តែ​យើង "​ព្រម​ជឿ" លើ​ជម្រើស​របស់​យើង​ ទាល់​តែ​យើង​អាច​ឆ្លើយ​ថា "​ខ្ញុំ​អាច​រស់​ជា​មួយ​ជំនាញ​ឬ​មុខ​របរ​ទាំង​នោះ​បាន" នោះ​ទើប​មាន​ន័យ​ថា​អ្វី​ដែល​យើង​ជ្រើស​រើស​នោះ​គឺ​ជា​ការ​ស្រលាញ់​ពិត​ប្រាកដ​ហើយ។ ទាំង​នេះ​គឺ​ជា​ការ​លើក​ឡើង​បន្ថែម​របស់​លោក Jerry។

លោក Jerry Thai “នៅ​ពេល​ដែល​យើង​ផ្ដល់​លទ្ធផល​ទៅ​ឲ្យ​អតិថិជន ហើយ​គេ​ឆ្លើយ​តប​ដោយ​ការ​អរគុណ​និង​ស្នាម​ញញឹម​បន្ថែម​ពី​លើ​ការ​ទូទាត់​ថវិការ​​ ហើយ​យើង​សប្បាយ​ចិត្ត​នឹង​ការ​អរគុណ​និង​ស្នាម​ញញឹម​ពី​ពួក​គាត់​ នោះ​ទើប​បញ្ជាក់​ថា​អ្វី​ដែល​យើង​ធ្វើ​នោះ​គឺ​ជា​អ្វី​ដែល​យើង​ស្រលាញ់​ពិត​ប្រាកដ មិន​មែន​ឲ្យ​តែ​​បាន​លុយ​ទើប​យើង​សប្បាយ​ចិត្ត​នោះ​ទេ"៕

អត្ថបទ​៖ ជួប ស្រីរ័ត្ន

X
5s